ជំនួបរវាងមន្ត្រីរដ្ឋាភិបាល សហជីព និងសង្គមស៊ីវិល រយៈពេល ២ម៉ោងកន្លះ មិនមានលទ្ធផលច្បាស់លាស់ណាមួយពីភាគីទាំងសងខាង ជុំវិញការទាមទារឲ្យដកកម្លាំងបង្ក្រាបលើអ្នកតវ៉ា និងបញ្ឈប់ការប្រមូលផ្ដុំគ្នានោះទេ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ថ្លែងនៅថ្ងៃទី០៣ មករា ថា សង្គមស៊ីវិល និងសហជីព បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ក្រាបទប់ស្កាត់កុំប្រើហិង្សាទៅលើកម្មករដែលជួបប្រជុំទាមទារដំឡើងប្រាក់ឈ្នួល ត្រូវធ្វើទៅតាមនីតិវិធីច្បាប់ ស្នើឲ្យកម្លាំងជំនាញកុំចាត់វិធានការទូទៅ សុំឲ្យចាត់ការតែលើអ្នកប្រើអំពើហិង្សាតែប៉ុណ្ណោះ ព្រោះជាការគំរាមកំហែងដល់អ្នកចូលរួមផ្សេងទៀត។ ទន្ទឹមនឹងគ្នា ក៏សំណូមពរឲ្យដោះលែងអ្នកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងអស់នោះដែរ។
«សំឡេង»
ការលើកឡើងនេះ ក្រោយពីជំនួបរវាងមន្ត្រីឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា សហជីពទាំង៦ អង្គការអន្តរជាតិខាងការងារ អាយឡូ បានជួបប្រជុំគ្នាជាមួយមន្ត្រីសាលារាជធានីភ្នំពេញ និងតំណាងស្នងការក្រុង មន្ត្រីកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ មករា ដើម្បីបន្ធូរបន្ថយស្ថានការណ៍បច្ចុប្បន្នឲ្យមានការធូរស្រាល។
ជំនួបនេះ ក្រោយកើតមានបញ្ហាធំៗជាច្រើន ដូចជា ការបង្ក្រាបកម្មករតវ៉ាពីសំណាក់សមត្ថកិច្ចដែលប្រើហិង្សាបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ការចាប់ព្រះសង្ឃ សកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល និងកម្មករជាដើម នៅរយៈពេល ២ថ្ងៃជាប់ៗគ្នានេះ ជុំវិញការតវ៉ាដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ឆ្លើយតបបញ្ហានេះ នាយកទីចាត់ការនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា វិធានការនេះ គឺជាការបោសសម្អាតកម្លាំងអានាធិបតេយ្យ ដែលបានបំផ្លាញស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន។ លោកបានស្នើកុំឲ្យមានការបិទផ្លូវក្នុងរាជធានីភ្នំពេញ និងកន្លែងផ្សេងៗ ដែលស្មើនឹងយកអ្នកធ្វើដំណើរដងផ្លូវធ្វើជាចំណាប់ខ្មាំង។
«សំឡេង»
នៅថ្ងៃនេះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា នៅរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានក្រុមអានាធិបតេយ្យមួយចំនួនបានដើរបង្កការអុកឡុក ញុះញង់ អូសទាញ និងប្រើអំពើហិង្សាទៅលើកម្មករនៅតាមរោងចក្រ សហគ្រាស និងបិទផ្លូវសាធារណៈមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងលិខិតបានចាត់ទុកសកម្មភាពបិទផ្លូវសាធារណៈ ដើម្បីដាក់គំនាបឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលរបស់កម្មករ ដែលឈានដល់ការប៉ះទង្គិចជាមួយសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនកម្មករនោះ គឺមិនមែនចេញពីកម្មករនោះទេ ដែលមានការឆ្លៀតឱកាសពីមជ្ឈដ្ឋានខាងក្រៅ ពិសេសអ្នកនយោបាយឆ្លៀតប្រើប្រាស់ឆន្ទៈរបស់កម្មករ ដើម្បីអុជអាល ញុះញង់ បង្កើតឲ្យមានភាពវឹកវរ ចលាចល និងអំពើហិង្សា ដែលប៉ះពាល់ប្រយោជន៍កម្មករ និយោជក និងសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។