សាលារាជធានីភ្នំពេញយល់ព្រមឲ្យក្រុមហ៊ុនឯកជនចំនួនពីរគឺ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុនវឌ្ឍនៈ(Vattanak) កសាងផ្សារ និងចំណតយានយន្តក្រោមដី នៅចំណុចសក្យមុនីចេតិយចាស់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា គម្រោងនេះសាលាក្រុងព្រមព្រៀងជាគោលការណ៍ហើយ ចំណែកក្រុមហ៊ុនទាំងពីរនេះ កំពុងសិក្សាប្លង់ដើម្បីសាងសង់។
លោក ឡុង ឌីម៉ង់ បន្តថា សាលាក្រុងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជននានា ចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ពន្ធបែបនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ត្បិតសាលាក្រុងគ្មានធនធានគ្រប់គ្រាន់កសាងសំណង់បែបនេះឡើយ៖ «ព្រោះអីរាជធានីភ្នំពេញយើង មានបញ្ហាប្រឈមមួយត្រង់អត់មានចំណតគ្រប់គ្រាន់ អ៊ីចឹងបានមានការចតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍។ អ៊ីចឹងទេ បើសិនមានការបណ្ដាក់ទុនវិនិយោគពីវិស័យឯកជន លើការធ្វើចំណតនេះ វារឹតតែប្រសើរ និងជាការចូលរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញ បាត់បង់ការកកស្ទុះ និងបាត់សណ្ដាប់ធ្នាប់តាមផ្លូវហ្នឹងដែរ»។
នេះជាគម្រោងទី១ដែលរាជធានីភ្នំពេញនឹងមានចំណត និងផ្សារក្រោមដី ព្រោះថា បច្ចុប្បន្នរាជធានីភ្នំពេញ ស្ទើរតែកកស្ទុះចរាចរណ៍ជារៀងរាល់ថ្ងៃ បណ្ដាលពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ រួមនឹងការចតយានយន្តគ្រប់ប្រភេទលើចិញ្ចើមផ្លូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
