សាលាក្រុង​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឯកជនចំនួន​ពីរ​ធ្វើ​ផ្សារ​និង​ចំណត​ក្រោម​ដី

សាលា​រាជធានី​ភ្នំពេញ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរគឺ ​ ​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន​វឌ្ឍនៈ(Vattanak) កសាង​ផ្សារ និង​ចំណត​យានយន្ត​ក្រោម​ដី នៅ​ចំណុច​សក្យមុនីចេតិយ​ចាស់។

អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា គម្រោង​នេះ​សាលាក្រុង​ព្រមព្រៀង​ជា​គោលការណ៍​ហើយ ចំណែក​ក្រុមហ៊ុន​ទាំងពីរ​នេះ កំពុង​សិក្សា​ប្លង់​ដើម្បី​សាងសង់។

លោក ឡុង ឌីម៉ង់ បន្ត​ថា សាលាក្រុង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​នានា ចូលរួម​អភិវឌ្ឍ​កសាង​ហេដ្ឋារចនាសម្ពន្ធ​បែប​នេះ​បន្ថែម​ទៀត ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ត្បិត​សាលាក្រុង​គ្មាន​ធនធាន​គ្រប់គ្រាន់​កសាង​សំណង់​បែប​នេះ​ឡើយ៖ «ព្រោះអី​រាជធានី​ភ្នំពេញ​យើង មាន​បញ្ហា​ប្រឈម​មួយ​ត្រង់​អត់​មាន​ចំណត​គ្រប់គ្រាន់ អ៊ីចឹង​បាន​មាន​ការ​ចត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ អ៊ីចឹង​ទេ បើ​សិន​មាន​ការ​បណ្ដាក់​ទុន​វិនិយោគ​ពី​វិស័យ​ឯកជន លើ​ការ​ធ្វើ​ចំណត​នេះ វា​រឹត​តែ​ប្រសើរ និង​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ បាត់បង់​ការ​កក​ស្ទុះ និង​បាត់​សណ្ដាប់​ធ្នាប់​តាម​ផ្លូវ​ហ្នឹង​ដែរ»។

នេះ​ជា​គម្រោង​ទី១​ដែល​រាជធានី​ភ្នំពេញ​នឹង​មាន​​ចំណត និង​ផ្សារ​ក្រោម​ដី ព្រោះថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ស្ទើរ​តែ​កក​ស្ទុះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ បណ្ដាល​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ រួម​នឹង​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ចិញ្ចើម​ផ្លូវ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។