កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​ការងារ​កាន់​តែ​ធ្ងន់​ពេល​ពលករ​រាប់​ម៉ឺន​នាក់​ត្រឡប់​ពី​ថៃ

0:00 / 0:00

ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ប្រទេស​កម្ពុជា មិន​អាច​ឆ្លើយ​តប​នឹង​ទីផ្សារ​ចង់​បាន ដោយសារ​តែ​ការ​តម្រង់​ទិស​របស់​គ្រឹះស្ថាន​ឧត្ដម​សិក្សា និង​ក្រសួង​អប់រំ មាន​កម្រិត​តិចតួច។ បន្ថែម​លើ​នេះ ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​វិបត្តិ​ការងារ​កាន់​តែ​ធ្ងន់​បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ត្រឡប់​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា វិញ។

សហគ្រាស​ផលិតកម្ម ឬ​ក្រុមហ៊ុន​នានា ធ្លាប់​បាន​អះអាង​ថា ប្រទេស​កម្ពុជា នៅ​ខ្វះ​ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​ទៅ​កំណើន​នៃ​អាជីវកម្ម​ដែល​បាន​វិនិយោគ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ យុវជន​ដែល​ទើប​ចេញ​ពី​ការ​សិក្សា បាន​អះអាង​ផ្ទុយ​ពី​នេះ ដោយ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​ទីផ្សារ​ការងារ​ចង្អៀត ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន ភាព​គ្មាន​ការងារ​ធ្វើ​ជា​បញ្ហា​ក្ដៅ​គគុក ដែល​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ឲ្យ​បាន​នៅ​រយៈពេល​ចំពោះ​មុខ។ បញ្ហា​សំខាន់​នោះ គឺ​ត្រូវ​ផ្ដល់​ការងារ​សម្រាប់​យុវជន​ដែល​ចេញ​ពី​សាលា និង​កម្លាំង​ពលកម្ម​ដែល​ប្រទេស​ថៃ បាន​បញ្ជូន​មក​កម្ពុជា វិញ​រាប់​សែន​នាក់។

តាម​ការ​ប៉ាន់ស្មាន យុវជន​កម្ពុជា ប្រមាណ ៣០​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ និង​ប្រជា​ពលករ​កម្ពុជា ជាង ២០​ម៉ឺន​នាក់ បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ពលកម្ម ប៉ុន្តែ​ផល​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន បាន​បង្កើត​ការងារ​ថ្មី​ប្រមាណ ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ បញ្ហា​ទាំងអស់​នេះ បាន​ក្លាយ​ជា​ក្ដី​បារម្ភ​របស់​យុវជន រាជ​រដ្ឋាភិបាល សង្គម​ស៊ីវិល អំពី​ភាព​គ្មាន​ការងារ​ធ្វើ​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។

បន្ថែម​លើ​នេះ របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​យុវជន​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​កំពុង​ស្វែងរក​ការងារ​ធ្វើ​មាន​ប្រមាណ ៣០% ប៉ុណ្ណោះ ដែល​ទទួល​បាន​ការងារ​ធ្វើ។ និស្សិត ៧០% ផ្សេង​ទៀត អាច​ជា​អ្នក​មាន​ការងារ​ធ្វើ​មិន​ពេញ​លេញ ឬ​គ្មាន​ការងារ​ធ្វើ។

ក្រៅ​ពី​នេះ ប្រទេស​កម្ពុជា ទទួល​ស្គាល់​ថា យុវជន​ដែល​ចូល​នៅ​ក្នុង​កម្លាំង​ពលកម្ម​ថ្មី​ប្រមាណ​ជាង ២​សែន​នាក់​រៀង​រាល់​ឆ្នាំ បាន​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋាភិបាល ដើម្បី​ផ្ដល់​ការងារ​សម្រាប់​ពួក​គេ។ ស្រប​ពេល​ដែល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ការងារ​សម្រាប់​យុវជន បញ្ហា​ផ្សេង​ទៀត​ក៏​បាន​លេច​ឡើង​ដែរ គឺ​ពលកម្ម​រាប់​សែន​នាក់​ដែល​កំពុង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជា វិញ នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ក្នុង​នោះ​រួម​មាន ការ​ផ្ដល់​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ។

«សំឡេង»

លោក យ៉ា ណាវុធ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​មិន​បាន​សមរម្យ​នោះ​ទេ អាច​នាំ​ឲ្យ​មាន​តវ៉ា​ប្រឆាំង​នានា​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អុំ មាន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រសួង និង​ថ្នាក់​ដឹក​នាំ​ទាំងអស់ កំពុង​ចាត់​វិធានការ​ជួយ​ពលករ​ចំណាក​ស្រុក​កម្ពុជា ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ មក​វិញ ដូច​ជា ​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​កម្ពុជា មាន​ពលកម្ម​ច្រើន​ជា​ឱកាស​សម្រាប់​អភិវឌ្ឍ ប៉ុន្តែ​បើ​ពលកម្ម​នោះ​នៅ​ទំនេរ អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម​ទៅ​វិញ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារុន មាន​ប្រសាសន៍​ថា ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​ការ​ផ្គត់ផ្គង់​ពលកម្ម និង​តម្រូវ​ការ​ការងារ គឺ​ត្រូវ​បង្វែរ​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទៅ​ចាប់​យក​សេដ្ឋកិច្ច​បែប​ឧស្សាហកម្ម​វិញ ដែល​ជា​ឧស្សាហកម្ម​គាំទ្រ​ដល់​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

ប៉ុន្តែ ធនាគារ​ពិភពលោក បាន​អះអាង​ផ្ទុយ​ពី​នេះ​ដោយ​គេ​បាន​ក្រើន​រំឭក​ដល់​ប្រទេស​កម្ពុជា ឲ្យ​កែប្រែ​គោល​នយោបាយ ដើម្បី​ផ្ដល់​ការងារ​សម្រាប់​យុវជន ព្រោះ​ថា ការ​អនុវត្ត​គោល​នយោបាយ​មិន​បាន​ល្អ នឹង​ជំរុញ​ឲ្យ​យុវជន​ជាច្រើន​នាក់​ទទួល​បាន​ការងារ​ដោយ​គ្មាន​ការ​គាំពារ ការងារ​មិន​ផ្លូវ​ការ ឬ​គ្មាន​ការងារ​ធ្វើ។ ជាក់ស្ដែង បើ​ផ្ដោត​លើ​មូលដ្ឋាន​យុវជន​ដែល​ចូល​ក្នុង​ទីផ្សារ និង​ការ​បង្កើត​ការងារ​វិញ កម្ពុជា មាន​អត្រា​យុវជន ៨០% ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​រៀង​រាល់​ឆ្នាំ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៤ បាន​បញ្ជាក់​ថា ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា ផង កំពុង​អនុវត្ត​គោល​នយោបាយ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព​តិចតួច ដោយសារ​ការ​អនុវត្ត​គោល​នយោបាយ​លម្អៀង​ទៅ​ក្រុម​ឈ្មួញ និង​បំភ្លេច​ចោល​ក្រុម​អ្នក​ងាយ​រងគ្រោះ ដែល​បាន​ប៉ះពាល់​ដល់​ទីផ្សារ​ការងារ មិន​ស៊ី​ចង្វាក់​នឹង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។

ជាក់ស្ដែង ប្រទេស​កម្ពុជា បាន​ប្រើប្រាស់​គោល​នយោបាយ​ស្ទើរ​តែ​ទាំង​ស្រុង ទាក់ទាញ​អ្នក​វិនិយោគ​ធំ​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​គោល​នយោបាយ​នេះ មិន​អាច​បង្កើត​ការងារ​ឲ្យ​បាន​ពេញ​លេញ​ឡើយ​សម្រាប់​យុវជន​កម្ពុជា ដែល​កំពុង​ហូរ​ចូល​ទីផ្សារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ទោះ​បី​ជា​មាន​ការ​រក​ឃើញ​បែប​នេះ​ក៏ដោយ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ជាង​នេះ​ទៅ​ទៀត អត្រា​ភាព​គ្មាន​ការងារ​ធ្វើ​ជាក់​លាក់ ត្រូវ​បាន​គេ​លាក់​បាំង ព្រោះ​វា​ជា​បញ្ហា​រសើប​ខ្លាំង​ក្នុង​ការ​បង្ហាញ​ទៅ​សាធារណៈ។ ប៉ុន្តែ​ការ​លាក់​បាំង​នេះ អាច​បង្ក​ជា​អសន្តិសុខ​នានា ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម និង​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត។

តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​កម្ពុជា មាន​យុវជន​ប្រមាណ ២០% ប៉ុណ្ណោះ បាន​ទទួល​ការងារ​ធ្វើ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០% ផ្សេង​ទៀត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា សរុប ស្ថិត​នៅ​ក្នុង​ក្រុម​អ្នក​ងាយ​រងគ្រោះ​ពី​ភាព​ក្រីក្រ និង​ភាព​គ្មាន​ការងារ​ធ្វើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។