អាជ្ញាធរ​ខេត្ត​កំពង់ធំ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពង់ធំ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ព្រម​ទាំង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជៀសវាង​យក​ទៅ​លេង​សើច ដែល​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​កើត​ឡើង។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់​ប្រភេទ​សេវិន​ធី​ណាន (៧៩) បណ្ដាល​ឲ្យ​កុមារា​ពីរ​នាក់​ស្លាប់ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​រើស​បាន ហើយ​យក​ទៅ​ដំ​លេង។

អាជ្ញាធរ​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​កំពង់ធំ ទាំង​មូល ឲ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត​ជុំវិញ​ផល​ប៉ះពាល់​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ប្រសិន​ពួក​គេ​បាន​ប្រទះ​ឃើញ​នោះ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ថា អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ ទើប​តែ​មាន​ករណី​ផ្ទុះ​គ្រាប់​សេសសល់​ពី​សង្គ្រាម​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​នេះ។ លោក​បន្ត​ថា ក្រោយ​កើត​ហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង ហើយ​រក​ឃើញ​គ្រាប់​ប្រភេទ​សេវិន​ធី​ណាន (៧៩) ដែល​បណ្ដាល​ឲ្យ​កុមារា ២​នាក់​ស្លាប់។ បើ​ទោះ​បី​ជា​អាជ្ញាធរ ធ្លាប់​បាន​អប់រំ​ប្រជាពលរដ្ឋ​ពី​បញ្ហា​នេះ​ជា​រឿយៗ​ក៏ដោយ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​នឹង​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​យល់​កាន់​តែ​ច្បាស់​ពី​គុណ​វិបត្តិ​នៃ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នោះ៖ « គាត់​រក​អី​គ្រប ឬ​ដាក់​សម្រាស់ ឬ​ដាក់​សញ្ញា​ជើង​ក្អែក​អី ហើយ​មក​ប្រាប់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ដែល​មាន​ជំនាញ​ហ្នឹង »

កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ កុមារា​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ បន្ទាប់​ពី​ពួក​គេ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​ដំ។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​ភូមិ​ស្រែក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ក្រោយ​ពេល​កុមារា​ទាំង​នោះ​ទៅ​ដាក់​អន្ទាក់​សត្វ ហើយ​រើស​បាន​គ្រាប់​សេវិន​ធី​ណាន (៧៩) មួយ​គ្រាប់ យក​មក​វាយ​ដំ ហើយ​ក៏​បណ្ដាល​ឲ្យ​គ្រាប់​នោះ​ផ្ទុះ​តែ​ម្តង។ កុមារ​រងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា គឺ​ម្នាក់​ឈ្មោះ អ៊ូយ ឆាន អាយុ ១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចក់ ណាក់ អាយុ ១២​ឆ្នាំ។

ពលរដ្ឋ​នៅ​ភូមិ​ស្រែក្រសាំង ត្រូវ​ជា​បង​ថ្លៃ​កុមារា​ម្នាក់​ក្នុង​ចំណោម​កុមារ​ពីរ​នាក់ លោកស្រី ខន ស្រីនាង ឲ្យ​ដឹង​ថា កន្លង​មក​មិន​ដែល​មាន​អាជ្ញាធរ​ណា​ចុះ​ទៅ​ណែនាំ​ពលរដ្ឋ ឬ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​នោះ​ឡើយ បើ​ទោះ​បី​ជា​នៅ​ក្នុង​ភូមិ​លោកស្រី​មាន​សេសសល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​ក៏ដោយ។ លោកស្រី​ថា រហូត​ដល់​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​លើ​ប្អូន​គាត់ ទើប​ខាង​សមត្ថកិច្ច​ចុះ​ទៅ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ២​គ្រាប់​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រុក​រក​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្ថែម​ទៀត និង​ណែនាំ​អ្នក​ភូមិ​ឲ្យ​បាន​ទូលំទូលាយ ជៀសវាង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស៖ « សុំ​ឲ្យ​ស៊ីម៉ាក់ (CMAC) ជួយ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ផង ជៀសវាង​ប៉ះពាល់​ដល់​កូន​ក្មេង​អី ព្រោះ​រាល់​ថ្ងៃ​សម្បូរ​អ្នក​ដើរ​ជីក​ដំឡូង​ផង »

ជាមួយ​គ្នា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន មាន​ប្រសាសន៍​ថា ដោយសារ​តែ​ហេតុការណ៍​បែប​នេះ​មិន​សូវ​មាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ធំ ទើប​បាន​ជា​កន្លង​មក ការ​ផ្សព្វផ្សាយ​របស់​សមត្ថកិច្ច​នៅ​មាន​ភាព​ធ្វេសប្រហែស។ លោក​បន្ថែម​ថា សមត្ថកិច្ច​គប្បី​ណែនាំ​ពលរដ្ឋ​ពី​ផល​ប៉ះពាល់​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ឲ្យ​បាន​ទូលំទូលាយ ពិសេស​នៅ​តំបន់​ដែល​សង្ស័យ​ថា មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​សេសសល់​ច្រើន ឬ​ជា​អតីត​តំបន់​ជម្រក​ខ្មែរ​ក្រហម ជាដើម៖ « យុទ្ធសាស្ត្រ​ទាំងអស់​នេះ គឺ​ទាល់​តែ​ចុះ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​ជាក់ស្តែង​តែ​ម្តង ជាពិសេស​នៅ​តំបន់​គ្រោះថ្នាក់​ដែល​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ហ្នឹង »

ជាង​បី​ទសវត្សរ៍​មក​ហើយ​ដែល​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​មាន​ប្រជាពលរដ្ឋ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ ព្រម​ទាំង​គ្រាប់​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​រ៉ាំរ៉ៃ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក គ្រាប់​ទាំង​នោះ​បាន​សម្លាប់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ប្រមាណ ២​ម៉ឺន​នាក់ និង​ពិការ​ប្រមាណ ៤​ម៉ឺន​នាក់។ គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​នោះ បាន​សម្លាប់​មនុស្ស​ចំនួន ១៥៤​នាក់​កាល​ពី​ឆ្នាំ​២០១៤ និង ១៨​នាក់​កាល​ពី​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។