ប្រធាន​សហជីព​ថា​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​នៅ​ប៉ោយប៉ែត​មាន​សញ្ញា​វិជ្ជមាន​ច្រើន

0:00 / 0:00

មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត និង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ប្រមាណ ១០​នាក់ ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​ថៅកែ​កាស៊ីណូ​បញ្ឈប់​ប្រធាន​សហជីព​ម្នាក់​ពី​ការងារ ដែល​ធ្វើ​ឡើង​នៅ​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​៣១ មករា។

នៅ​ក្នុង​ជំនួប​នេះ លក្ខខណ្ឌ​ការងារ​ចំនួន ៤​ចំណុច​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​លើក​ទៅ​ពិភាក្សា​ដោះស្រាយ​រួម​គ្នា ដោយ​មាន​ការ​សម្របសម្រួល​ពី​មន្ត្រី​ក្រសួង​ការងារ។ លក្ខខណ្ឌ​ការងារ​ទាំងនោះ​រួម​មាន ក្រុមហ៊ុន​ត្រូវ​ឲ្យ​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ ទាមទារ​ឲ្យ​បុគ្គលិក​ធ្វើ​ការងារ​មិន​លើស​ពី ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ប្រាក់​បន្ថែម​ចំពោះ​អ្នក​ធ្វើ​ការ​វេន​យប់ និង​ផ្ដល់​ប្រាក់​ថ្លៃ​អាហារ​ចំនួន ៣​ពាន់​បាត ឬ​ប្រមាណ ៨០​ដុល្លារ​ក្នុង​មួយ​ខែ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត លោក ប៊ុន សុធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មករា ថា ខាង​ក្រុមហ៊ុន​បាន​បញ្ចេញ​សញ្ញា​ភ្លើង​ខៀវ​ច្រើន​នៅ​ក្នុង​ការ​ពិភាក្សា​នេះ ក៏ប៉ុន្តែ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៖ « គេ​និយាយ​គេ​ត្រេកអរ​ដែល​យើង​កម្មករ​ចេះ​តស៊ូ​សាមគ្គី​គ្នា ហើយ​គេ​នឹង​ព្យាយាម ដែល​អ្វី​ដែល​អាច​ឲ្យ​បាន គេ​នឹង​ឲ្យ ហើយ​អ្វី​ដែល​ឲ្យ​មិន​បាន គេ​សុំ​ជំពាក់ ដោយ​គោរព​ទៅ​តាម​ពេលវេលា។ ដោយសារ​គេ​ទាមទារ​ពេលវេលា​ដើម្បី​សម្របសម្រួល ដោយ​លើក​ឡើង​ថា ក្រុមហ៊ុន​គេ​រក​ស៊ី​ជួន​ខាត​ជួន​ចំណេញ។ អ៊ីចឹង​គេ​នឹង​រៀបចំ​តាម​លទ្ធភាព ប៉ុន្តែ​គេ​មិន​ទាត់​ចោល​ទេ។ ពួក​គាត់​ក៏​សប្បាយ​ចិត្ត​ដែរ ដោយសារ​ឃើញ​ក្រុមហ៊ុន​ព្រម​ដាក់​ចិត្ត​មក​និយាយ​ជាមួយ​ពួក​ខ្ញុំ »

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ក្រសួង​ការងារ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ មករា។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ដែល​បាន​ចូលរួម​កិច្ច​ពិភាក្សា​នៅ​មន្ទីរ​ការងារ​ដែរ មាន​ប្រសាសន៍​ថា ការ​ប្រជុំ​នេះ​ជជែក​គ្នា​ប្រមាណ ៤​ម៉ោង គឺ​ភាគី​ទាំង​សងខាង​ហាក់​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​សង្ឃឹម​ថា ការងារ​នេះ​នឹង​មាន​ដំណោះស្រាយ​ក្នុង​ពេល​ខាង​មុខ ប្រសិន​បើ​ភាគី​ទាំង​សងខាង​រក្សា​ជំហរ​ដោះស្រាយ​ជាមួយ​គ្នា​ដោយ​សន្តិវិធី៖ « ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​យោគយល់​គ្នា​រវាង​កម្មករ និង​ក្រុមហ៊ុន គួរ​តែ​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា ទាំងអស់​គ្នា ដើម្បី​ធានា​បាន​ស្ថិរភាព​ការងារ ក៏ដូចជា​ជីវភាព​រស់នៅ​របស់​កម្មករ។ យើង​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​តែ​ម្ដង កុំ​ឲ្យ​ធ្វើ​អ្វី​ដូច​ការ​ពី​មុន​ដែល​ខុស​ឆ្គង គឺ​យើង​ត្រូវ​កែ​ទាំងអស់​គ្នា »

លោក ប៊ុន សុធី ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​ហេតុផល​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការពិត ដែល​ថា​ក្រុមហ៊ុន​កេង​ចំណេញ​កម្លាំង​ពលកម្ម​របស់​បុគ្គលិក។ ប៉ុន្តែ​លោក ប៊ុន សុធី លើក​ឡើង​ថា លោក​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ទាមទារ​ឲ្យ​ថៅកែ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត ទទួល​រូប​លោក​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ​ឲ្យ​បាន​ឆាប់។

ភាគី​ទាំង​សងខាង​នឹង​ជួប​គ្នា​ម្ដង​ទៀត ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា ក៏ប៉ុន្តែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ជួប​គ្នា​នៅ​ពេល​ណា​ច្បាស់លាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។