ការតវ៉ាជាច្រើនម៉ោងកាលពីព្រឹកថ្ងៃទី២ ខែតុលា គឺទាមទារឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋាន SCA /CAMS ផ្ដល់ប្រាក់ខែឱ្យបុគ្គលិកទៅតាមកាំប្រាក់ពី A ដល់ L ដោយគោរពទៅតាមអនុសញ្ញារួមដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយ និងបញ្ឈប់រាល់ការរើសអើងទៅលើសហជីពកម្មករជាដើម៖ «សូមបញ្ឈប់ការរើសអើងសហជីពជាបន្ទាន់ បើមិនចង់មានរឿងច្រើនជាងនេះ។ គ្រាន់តែកម្មករចេញមកស៊ីបាយ ចេញមកខាងក្រៅខុសអ្វី? កត់ឈ្មោះគ្រប់បែបយ៉ាងនេះ? តើកម្មករចេញមកខាងក្រៅ ខុស ឬយ៉ាងម៉េច? សូមបញ្ឈប់ជាបន្ទាន់ បើលោកឯងមិនព្រមបញ្ឈប់ទង្វើបែបហ្នឹងទេ ការចរចាក៏មិនបាច់ចរចាទៀតដែរ បើដើរកត់ឈ្មោះ គំរាមកំហែង ធ្វើបែបនេះមិនត្រឹមត្រូវទេ»។
កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ក្រុមកម្មករបាននាំគ្នាឈរបិទផ្លូវចូលទៅអាកាសយានដ្ឋាន ជាហេតុបង្ខំឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនចេញមុខជួបចរចាជាមួយតំណាងសហជីពជាច្រើនម៉ោង។
ប្រធានសហជីពកម្មករអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប លោក រ៉ន រ៉ាវ៉ាន់ បានមានប្រសាសន៍ថា ការជួបចរចារវាងសហជីពនិងអ្នកគ្រប់គ្រងក្រុមហ៊ុន ដោយមានអាជ្ញាធរខេត្តសៀមរាប ជួយសម្របសម្រួលរយៈពេលជាង ៣ម៉ោង គឺកម្មករបានទាមទារចំនួន ៣ចំណុច ដោយស្នើឱ្យក្រុមហ៊ុនអនុវត្តកាំប្រាក់បុគ្គលិកទៅតាមអនុសញ្ញារួម។ សុំឱ្យក្រុមហ៊ុនលុបចោលពហុជំនាញដែលឱ្យកម្មករម្នាក់ធ្វើការច្រើនផ្នែក ព្រមទាំងឱ្យទទួលយកបុគ្គលិក ២នាក់ ត្រឡប់ចូលធ្វើការវិញ ក៏ប៉ុន្តែទោះយ៉ាងណាសំណើនេះ ត្រូវអ្នកគ្រប់គ្រងក្រុមហ៊ុនបដិសេធចោលដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
