មន្ត្រីសហជីពកម្មករមួយចំនួន បានអះអាងថា យ៉ាងហោចមានកម្មកររោងចក្រចំនួន៥ នៅតាមរាជធានីខេត្តមួយចំនួន ផ្ទុះការតវ៉ាជាថ្មី ដោយសារថៅកែកាត់ប្រាក់រង្វាន់ផ្សេងៗ និងបណ្ដេញតំណាងពួកគេពីការងារ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានឲ្យដឹងថា រហូតមកដល់ថ្ងៃពុធ ទី១៥ ខែមករា មានសមាជិកខ្លួននៅតាមរោងចក្រចំនួន៣ មានកម្មករធ្វើកូដកម្មជាថ្មី មានរោងចក្រ ឃ្យូ.អិម.អាយ (Q.M.I) មានទីតាំងនៅខេត្តកណ្ដាល រោងចក្រ មេនហាតថេន (Manhattan) នៅខេត្តកំពង់ចាម និងរោងចក្រអាស៊ានដងរ៉ុន (ASIA Dong Run) នៅភ្នំពេញ។
លោកស្រី យ៉ាង សុភ័ណ្ឌ ឲ្យដឹងថា មូលហេតុនាំឲ្យក្រុមកម្មករផ្ទុះកូដកម្មជាថ្មី ដោយសារថៅកែក្រុមហ៊ុនបានបណ្ដេញតំណាងកម្មករពីការងារ និងកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងពេលពួកគេបានចូលរួមតវ៉ាដំឡើងប្រាក់ខែ ១៦០ដុល្លារ៖ «ចំពោះរោងចក្រ អាស៊ានដងរ៉ុន ដែលកម្មករទើបធ្វើកូដកម្មថ្ងៃហ្នឹង គឺដោយសារតែសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទាក់ទងនឹងការបញ្ឈប់ថ្នាក់ដឹកនាំកម្មករមួយរូប ហើយឲ្យគាត់ចូលធ្វើការវិញ។ ប៉ុន្តែ ពេលដែលគាត់កាន់លិខិតសុំចូលធ្វើការវិញ ខាងរោងចក្រអត់ទទួលយកគាត់ ហើយបន្តបញ្ឈប់ថ្នាក់ដឹកនាំកម្មករចំនួន ២រូបទៀត។ ហើយបន្ទាប់មក ក្រុមកម្មករក៏ផ្ទុះការតវ៉ាកូដកម្មបាតុកម្មប្រឆាំង។ ចំពោះរោងចក្រពីរផ្សេងទៀត ក៏ដូចគ្នាអ៊ីចឹងដែរ។ រោងចក្រ ឃ្យូ.អិម.អាយ ក្រុមហ៊ុនបានបញ្ឈប់កម្មករ ៤រូប ហើយកម្មករបានទាមទារឲ្យតំណាងរបស់គាត់ចូលធ្វើការវិញធម្មតា និងទាមទារលុយរង្វាន់។ ចំណែករោងចក្រមេនហាតថេន កម្មករតវ៉ាឲ្យតំណាងទាំងអស់ដែលថៅកែបញ្ឈប់ពីការងារចូលធ្វើការវិញដែរ »។
ចំណែកក្រុមកម្មករបម្រើការនៅរោងចក្រ គីមលីម (Kimlim) មានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ និងរោងចក្រ ចូស៊ីង (Chu Hsing) មានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏មានកម្មករធ្វើកូដកម្មដែរ នៅព្រឹកថ្ងៃទី១៥ ខែមករា។
កម្មករបម្រើការនៅរោងចក្រ គីមលីម បានឲ្យដឹងថា រូបគេ និងមិត្តរួមការងារសរុបចំនួន ២០នាក់ ត្រូវថៅកែកាត់ប្រាក់រង្វាន់ពេលបើកប្រាក់ខែ និងត្រូវថៅកែបណ្ដេញពីការងារ។
ចំណែក លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដែលមានសមាជិកខ្លួននៅតាមរោងចក្រចំនួន៣ ក៏មានកម្មករផ្ទុះការតវ៉ាដែរ។ លោកថា ការតវ៉ានេះ ដោយសារតែថៅកែរោងចក្របានកាត់ប្រាក់រង្វាន់ និងបណ្ដេញតំណាងកម្មករពីការងារ។
មេដឹកនាំសហជីពរូបនេះ ថ្លែងថា ទៅថ្ងៃអនាគត ទំនងជាមិនអាចជៀសផុតពីមហាកូដកម្ម ឬបាតុកម្មទ្រង់ទ្រាយធំជាថ្មីទេ បើក្រសួងការងារ មិនអាចគ្រប់គ្រងភាគីថៅកែរោងចក្របានត្រឹមត្រូវទេនោះ៖ «ជាការពិតណាស់ ការធ្វើកូដកម្មរយៈពេលកន្លងមកហ្នឹង គឺក្រុមកម្មករនៅមានកំហឹងទេ អត់ទាន់បានស្រាកស្រាន្តទេ។ ហើយថែមទាំងមានការបញ្ឈប់មេដឹកនាំកម្មករ និងការគុំគួន ដូច្នេះវានឹងមានផ្ទុះកូដកម្មទ្រង់ទ្រាយធំជាថ្មីម្តងទៀត»។
លោក ជា មុនី សង្កេតឃើញថា សព្វថ្ងៃនេះ មន្ត្រីក្រសួងការងារ មិនមានឥទ្ធិពលអ្វីទៅលើភាគីថៅកែក្រុមហ៊ុន ឬរោងចក្រកាត់ដេរក្នុងការសម្របសម្រួលវិវាទការងារនៅតាមរោងចក្រនោះទេ ហើយជានិច្ចជាកាល ភាគីថៅកែរោងចក្រមិនស្តាប់តាមការណែនាំ ឬការចង្អុលបង្ហាញរបស់មន្ត្រីក្រសួងការងារទេ។
បញ្ហានេះដែរ សម្រាប់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជា ក៏បានរិះគន់ចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងការងារ ក្នុងការដោះស្រាយវិវាទការងារនេះដែរ។ លោកបន្តថា ក្រុមកម្មករមិនលះបង់ការទាមទារប្រាក់ខែគោល ១៦០ដុល្លារនោះទេ ហើយថា បើគ្មានដំណោះស្រាយចំពោះបញ្ហានេះទេ ទំនងជាអាចមានមហាកូដកម្មទ្រង់ទ្រាយធំជាថ្មីទៀតក្នុងពេលឆាប់ៗ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារ ដើម្បីបំភ្លឺជុំវិញសកម្មភាពផ្ទុះការតវ៉ាជាថ្មីរបស់កម្មករនៅតាមរោងចក្រមួយចំនួននោះបានទេតាមទូរស័ព្ទ នៅថ្ងៃទី១៥ ខែមករា។
ប៉ុន្តែ កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឲ្យមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ពិនិត្យដើម្បីកំណត់ប្រាក់ខែគោលជូនកម្មករ។
យ៉ាងនេះក្តី ក្រុមមេដឹកនាំសហជីពកម្មករមួយចំនួន បានទទូចស្នើដល់ថ្នាក់ដឹកនាំក្រសួងការងារ ត្រូវសម្របសម្រួលជាមួយថៅកែរោងចក្រ ដោយអនុញ្ញាតឲ្យតំណាងកម្មករ ឬកម្មករ ដែលត្រូវថៅកែបណ្ដេញពីការងារក្នុងអំឡុងពេលតវ៉ាដំឡើងប្រាក់ខែនោះ ឲ្យបានចូលធ្វើការជាធម្មតាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
