សហជីព​ចំនួន​១១​គ្រោង​ដាក់​ញត្តិ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​បញ្ហា​៧​ចំណុច

សហភាព​សហជីព​ចំនួន​១១ គ្រោង​ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដាក់​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ចំនួន ៧​ចំណុច ដែល​ក្នុង​នោះ​រួម​មាន ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ស្លាប់ និង​របួស ក្នុង​ពេល​កង​កម្លាំង​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម និង​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​វិញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថ្ងៃ​ទី​៦ កុម្ភៈ ថា សហជីព​ចំនួន​១១ បាន​ជួប​ជុំ​គ្នា​រក​ឃើញ​បញ្ហា​ចម្បង​ចំនួន ៧​ចំណុច ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា ការ​ធ្វើ​នេះ គឺ​ស្រប​ពេល​ដែល​សហជីព​អន្តរជាតិ គ្រោង​នឹង​ធ្វើ​ការ​ជួប​ជុំ​នៅ​តាម​ស្ថានទូត​ខ្មែរ ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ទាំង ២៣​នាក់ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។

លោក រ៉ុង ឈុន បន្ត​ទៀត​ថា ក្នុង​ចំណោម​ចំណុច​ទាំង​៧ សហជីព​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដក​បម្រាម​ដែល​ហាម​ដោយ​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី ដែល​មិន​ឲ្យ​ជួប​ប្រជុំ ទម្លាក់​បណ្ដឹង​មេ​ដឹក​នាំ​សហជីព បណ្ដា​រោងចក្រ​ទាំងអស់​ត្រូវ​តែ​ទទួល​យក​កម្មករ និង​សហជីព​ដែល​រោងចក្រ​បាន​បញ្ឈប់​កន្លង​មក ឲ្យ​ចូល​ធ្វើ​ការងារ​វិញ និង​កុំ​ឲ្យ​កាត់​លុយ​កម្មករ​ក្នុង​កំឡុង​ពេល​ធ្វើ​មហា​កូដកម្ម​ក្នុង​ពេល​កន្លង​មក។

លោក រ៉ុង ឈុន បញ្ជាក់​ថា គម្រោង​នៃ​ការ​ជួប​ជុំ​ធ្វើ​កូដកម្ម​នៅ​តែ​មាន បន្ទាប់​ពី​ស្ដាប់​លទ្ធផល​នៃ​សវនាការ​សាលា​ឧទ្ធរណ៍ កាត់​ក្ដី​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ជន​សង្ស័យ ២៣​រូប ដែល​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។