តំណាង​សហជីព​ធ្វើ​យុទ្ធនាការ​នៅ​អាមេរិក​និង​អឺរ៉ុប​ឲ្យ​កម្ពុជា​ដោះ​លែង​មនុស្ស​២៣​នាក់

0:00 / 0:00

ក្រុម​តំណាង​សហជីព​នៅ​សហរដ្ឋ​អាមេរិក និង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​សម្លៀកបំពាក់ និង​ស្បែក​ជើង​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​កម្មករ​ចំនួន ២៣​នាក់ និង​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ចំ​មួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

តំណាង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​សហភាព​សហជីព​កម្ពុជា និង​សកម្មជន​សហជីព​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ប្រមាណ ២០​នាក់ កាល​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ហាង​លក់​សម្លៀកបំពាក់ អេច្ឆ.អែន.អិម (H&M) នៅ​ទីក្រុង Boston រដ្ឋ Massachusetts។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​នឹង​ធ្វើ​ការ​តវ៉ា​មួយ​ចំនួន​នៅ​រដ្ឋ Massachusetts និង​ទីក្រុង New York ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២១​នាក់ និង​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ។

លោក មឿន តុលា៖ «យើង​ចង់​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងអស់​ហ្នឹង មាន​កិច្ច​ព្រមព្រៀង​ដែល​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ជា​ខាង​ក្រុមហ៊ុន បូក​នឹង​ខាង​សហជីព កំណត់​ឲ្យ​មាន​ប្រាក់​ឈ្នួល​វិស័យ​កាត់​ដេរ​មួយ​តែ​ម្តង»

លោក​បន្ត​ថា ក្នុង​ដំណើរ​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ពី​សហជីព​នៅ​សហរដ្ឋ​អាមេរិក និង​ម្ចាស់​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​នៅ​សហរដ្ឋ​អាមេរិក នេះ លោក និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ តំណាង​ឲ្យ​សហភាព​សហជីព​កម្ពុជា ក៏​បាន​ជួប​ប្រជុំ​នឹង​សហជីព​ប្រចាំ​សហរដ្ឋ​អាមេរិក មន្ត្រី និង​សិស្ស​នៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​ទាមទារ​ប្រាក់​ខែ​គោល។

លោក មឿន តុលា បន្ត​ថា លោក​មាន​សង្ឃឹម​ថា សកម្មភាព​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដោះ​លែង​កម្មករ​ទាំង ២១​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ នេះ តំណាង​សហជីព និង​តំណាង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​សហភាព​សហជីព​កម្ពុជា នឹង​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ហាង​លក់​សម្លៀកបំពាក់ និង​ស្បែក​ជើង​ល្បីៗ​មួយ​ចំនួន​ទៀត ដូច​ជា ក្រុមហ៊ុន Gap ក្រុមហ៊ុន Adidas ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។