តំណាងសហជីពនៅរោងចក្រមេនហាតធេន ឬមេតថេក (Medtec) ព្រមទាំងសកម្មជនសហជីពផង មិនទាន់អាចចូលធ្វើការនៅក្នុងរោងចក្របាន និងមិនទាន់ទទួលសំណងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅឡើយ។ សហជីពយល់ថា ភាគីរោងចក្រកំពុងរំលោភច្បាប់ការងារទាំងស្រុង។
យ៉ាងណា ភាគីរោងចក្របញ្ជាក់ថា ដោយសារសហជីពទាំងនោះជាប់ពាក្យបណ្ដឹងនៅតុលាការនៅឡើយ ទើបក្រុមហ៊ុនមិនទាន់អនុញ្ញាតឲ្យចូលធ្វើការ។
សេចក្តីសម្រេច ឬសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលចេញកាលពីខែឧសភា គឺតម្រូវឲ្យភាគីរោងចក្រទទួលយកតំណាងសហជីពមួយចំនួនឲ្យចូលធ្វើការដូចធម្មតាវិញ និងតម្រូវសងជាសំណងសម្រាប់ការបញ្ឈប់កម្មករពីការងារកាលពីពេលកន្លងទៅ។ ក៏ប៉ុន្តែមកដល់ពេលនេះ សហជីព និងកម្មករទាំងនោះ នៅមិនទាន់អាចចូលធ្វើការ និងមិនទាន់ទទួលបានសំណងតាមសេចក្តីបង្គាប់នោះឡើយ។ តំណាងសហជីពយល់ថា ភាគីរោងចក្រមិនបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ពីព្រោះតែខ្លាចខូចប្រយោជន៍របស់ខ្លួន និងងាយស្រួលគាបសង្កត់កម្មករនៅពេលពួកគាត់បំពេញការងារ ជាដើម។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រចាំរោងចក្រមេនហាតធេន លោក ចន ធាង ឲ្យដឹងថា រយៈពេលមួយឆ្នាំមកហើយដែលភាគីរោងចក្រមិនអនុញ្ញាតឲ្យខាងសហជីពលោកអាចចូលធ្វើការ ដើម្បីមានឱកាសការពារផលប្រយោជន៍ជូនកម្មករដែលកំពុងធ្វើការ។ លោកបន្តថា ត្បិតតែមានសហជីពខ្លះនៅក្នុងរោងចក្រក៏ដោយ ប៉ុន្តែបញ្ហារបស់កម្មករជាច្រើនបានកើតឡើង។ ជាងនេះទៀត កម្មករភាគច្រើនលើសលប់ គឺជាសមាជិករបស់សម្ព័ន្ធសហជីពកម្ពុជា ហើយពួកគាត់យល់ថា វត្តមានរបស់តំណាងសហជីពមួយនេះ គឺអាចការពារផលប្រយោជន៍ពួកគាត់បាន៖ «ខ្ញុំទាមទារសិទ្ធិចូលធ្វើការហ្នឹង គឺដើម្បីការពារសិទ្ធិបងប្អូនកម្មករយើង ដោយសារគាត់មានបញ្ហាជាច្រើនលើកជាច្រើនសា»។
ថ្នាក់ដឹកនាំ និងសកម្មជនសម្ព័ន្ធសហជីពកម្ពុជា ព្រមទាំងកម្មករជាច្រើន ត្រូវក្រុមហ៊ុនសម្រេចបញ្ឈប់ពីការងារ បន្ទាប់ពីពួកគាត់ចេញមុខដឹកនាំកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ កាលពីឆ្នាំ២០១៣។ តំណាងសហជីពកម្ពុជា នៅក្នុងរោងចក្រមេតហាតធេន ដែលក្រុមប្រឹក្សាអាជ្ញាធរបង្គាប់ឲ្យភាគីនិយោជកទទួលយកចូលធ្វើការវិញនោះ រួមមាន លោក ចន ធាង លោក ផាន់ ចន្នី លោក ប៉េង ផល្លា។ ចំណែកកម្មករ និងសកម្មជនសហជីពមួយចំនួនទៀត គឺក្រុមប្រឹក្សាអាជ្ញាកណ្ដាលបង្គាប់ឲ្យក្រុមហ៊ុនចេញជាសំណងស្របទៅតាមច្បាប់ការងារ ប៉ុន្តែសេចក្តីសម្រេចនោះ ភាគីក្រុមហ៊ុនពុំបានអនុវត្តតាមឡើយ ក្រោមហេតុផលថារង់ចាំសេចក្តីសម្រេចចេញពីតុលាការជាមុនសិន ជុំវិញពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដែលបានប្ដឹងតំណាងសហជីពទាំងនោះកាលពីឆ្នាំទៅ។
ប្រធានផ្នែករដ្ឋបាលរោងចក្រមេនហាតធេន លោក តុង ចំរើន មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី៣១ ធ្នូ ថា ខាងក្រុមហ៊ុនកំពុងរង់ចាំសេចក្តីសម្រេចចេញពីតុលាការ ចំណែកបញ្ហាផ្សេងលោកមិនអាចនិយាយបានទេ៖ «និយាយរួមទៅ គឺយើងរង់ចាំតុលាការចេញសេចក្តីសម្រេចណាបង! ខ្ញុំអាចផ្តល់ព័ត៌មានបងប៉ុណ្ណឹង»។
ចំណែកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម លោក ចេង ហ៊ាង មានប្រសាសន៍ថា មិនមែនភាគីក្រុមហ៊ុនមិនព្រមគោរពតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះទេ ក៏ប៉ុន្តែភាគីក្រុមហ៊ុនផ្អែកទៅលើហេតុផលថា ថ្នាក់ដឹកនាំសហជីពទាំងនោះ គឺជាប់ពាក្យបណ្ដឹងនៅតុលាការមិនទាន់ដោះស្រាយបាន។ ចំណែកភាគីសហជីពបញ្ជាក់ថា រឿងតុលាការផ្សេង ហើយសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផ្សេង ទើបធ្វើឲ្យការដោះស្រាយមិនអាចរកចំណុចរួមបាន។ យ៉ាងណា លោកបន្តថា ខាងអាជ្ញាធរ គឺមានសិទ្ធិត្រឹមតែសម្របសម្រួល មិនអាចចាប់បង្ខំភាគីណាមួយឲ្យទទួលយកអ្វីដែលខ្លួនមិនព្រមបានទេ៖ «ប៉ុន្តែបើភាគីណាមិនយល់ព្រមក៏យើងគ្មានសិទ្ធិបង្ខំគេដែរ។ ទីមួយ ខាងក្រុមហ៊ុនថាអ្នកដឹកនាំសហជីពតាមមូលដ្ឋាន គេកំពុងជាប់បណ្ដឹង»។
លោកបន្ថែមថា កម្មករដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលតម្រូវឲ្យទូទាត់សំណងនោះ គឺខាងក្រុមហ៊ុនបានទូទាត់ម្តងរួចហើយ ប៉ុន្តែលោកថា ជាសំណងមួយដែលមិនស្របតាមច្បាប់ការងារ។ លោកបញ្ជាក់ថា ប្រសិនបើភាគីទាំងពីរនៅតែមិនអាចចុះសម្រុងគ្នានោះ ខាងអាជ្ញាធរក៏មិនដឹងសម្របសម្រួលយ៉ាងណាដែរ។ ហើយលោកបានបដិសេធចំពោះការលើកឡើងថា មានការរំលោភសិទ្ធិសេរីភាពកម្មករនៅក្នុងរោងចក្រ បើទោះបីជាកម្មករជាច្រើនឲ្យដឹងថា ពួកគាត់មិនមានសិទ្ធិតវ៉ាអ្វីឡើយ បន្ទាប់តំណាងខ្លួនគ្មានវត្តមានក្នុងរោងចក្រនោះ។
ទោះបីយ៉ាងណាក៏ដោយ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ខាងអាជ្ញាធរ គឺមានតួនាទីជំរុញឲ្យភាគីក្រុមហ៊ុនគោរពច្បាប់ ប៉ុន្តែមិនដូច្នេះទេ ពីព្រោះតួនាទីរបស់អាជ្ញាធរ គឺប្រើសម្រាប់គាបសង្កត់កម្មករ ឬសហជីពប៉ុណ្ណោះ ហើយបែរជាកាន់ជើង ឬនៅក្រោយខ្នងភាគីក្រុមហ៊ុនទៀតផង៖ «យើងឆ្លងកាត់នីតិវិធីហើយអស់ហើយ! ក្រុមប្រឹក្សាអាជ្ញាធរកាត់សេចក្តីឲ្យគាត់ចូលធ្វើការវិញ ហើយសេចក្តីបង្គាប់ដែលចេញហ្នឹងជាសេចក្តីបង្គាប់សិទ្ធិទៀត។ ពេលចេញមក និយោជកមិនអាចមានសិទ្ធិជំទាស់ទេ ត្រូវតែមានទទួលគាត់»។
អ្នកស្រីបន្តថា ករណីនេះអ្នកស្រីនឹងដាក់ពាក្យបណ្ដឹងទៅតុលាការបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យភាគីក្រុមហ៊ុនអនុវត្តតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ លើសពីនេះទៀត អ្នកស្រីថា ក្រុមហ៊ុនមេនហាតធេន នឹងត្រូវខូចកិត្តិយសនៅលើឆាកអន្តរជាតិកាន់តែខ្លាំង ពីព្រោះជាក្រុមហ៊ុនដែលមិនបានគោរពច្បាប់ការងារ ប៉ុន្តែជាក្រុមហ៊ុនដែលរំលោភសិទ្ធិកម្មករទៅវិញ។ អ្នកស្រីយល់ថា រាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាយកតួនាទីរបស់ខ្លួនទៅបម្រើការងារឲ្យបានពិតប្រាកដ ហើយគប្បីជំរុញឲ្យនិយោជកទាំងអស់ គោរពតាមច្បាប់ការងារនៅប្រទេសកម្ពុជា។ អ្នកស្រីថា ប្រសិនបើមានការគោរពច្បាប់ត្រឹមត្រូវនោះ ប្រទេសជាតិក៏មានភាពរីកចម្រើនដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។