សហជីព​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​រឿង​កម្មករ​កូដកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ

0:00 / 0:00

ក្រុម​សហជីព បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៃ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅ​ខេត្ត​កំពង់ស្ពឺ ជា​បន្ទាន់ នៅ​ថ្ងៃទី​៦ មករា។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ក្រុម​កម្មករ​រោងចក្រ​នេះ បាន​ផ្ទុះ​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ មក តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ភាគី​រោងចក្រ​នៅ​ឡើយ។

ក្រុម​សហជីព​យល់​ថា ថៅកែ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ មិន​បាន​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា ឡើយ ព្រោះ​ថា កម្មករ​បាន​ជួប​ជុំ​គ្នា​តវ៉ា​ដោយ​អហិង្សា​ជិត​ពីរ​សប្ដាហ៍​ទៅ​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ តែ​បែរ​ជា​ជួល​ក្រុម​ជើង​កាង​ឲ្យ​មក​គំរាម​កំហែង​ក្រុម​កម្មករ​ទៅ​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​មករា ថា មូលហេតុ​ដែល​សហជីព​លោក​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ គឺ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ ដើម្បី​បញ្ចប់​វិវាទ និង​ការ​រំលោភ​សិទ្ធិ​កម្មករ ដែល​រោងចក្រ​បាន​ធ្វើ​កន្លង​មក។

បន្ថែម​ពី​នេះ តំណាង​សហជីព​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​ជា​មាន​ការ​សម្រប​សម្រួល​ពី​មន្ទីរ​ការងារ​ខេត្ត និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក៏ដោយ គិត​ត្រឹម​ថ្ងៃ​ទី​៦ មករា នេះ ក្រុម​កម្មករ​ដែល​តវ៉ា​ដោយ​សន្តិវិធី នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ពី​ភាគី​រោងចក្រ។ ជាង​នេះ​ទៀត លោក ប៉ាវ ស៊ីណា អះអាង​ថា ក្រុមហ៊ុន​បាន​ជួល​ក្រុម​ជើង​កាង​មក​គំរាម​កំហែង និង​បំផ្លាញ​សម្ភារៈ​របស់​កម្មករ​ដែល​ប្រើ​សម្រាប់​តវ៉ា​ទាមទារ​ទៅ​វិញ៖ «អ្វី​ដែល​សំខាន់ គឺ​និយោជក​អត់​បាន​ដោះស្រាយ​អ្វី​ដែល​ជា​ការ​ស្នើសុំ​របស់​កម្មករ។ អា​ហ្នឹង​វា​ចេតនា​បំបាក់​ស្មារតី​កម្មករ ធ្វើ​ឲ្យ​កម្មករ​ភិតភ័យ លែង​ឲ្យ​កម្មករ​តវ៉ា​បន្ត​ទៀត។ ដូច្នេះ​មាន​តែ​ការ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ប៉ុណ្ណោះ»

ចំណែក​ឯ​តំណាង​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ស្ថិត​នៅ​ភូមិ​បូរីកម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ លោក ឃិន ឧត្តម ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​កម្មករ​នៅ​តែ​បន្ត​តវ៉ា គឺ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច ក្នុង​នោះ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូ​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ​ថែម​ម៉ោង ២.០០០​រៀល ដក​រដ្ឋបាល​រោងចក្រ​ឈ្មោះ សេន ឌី ស្នើ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​តំណាង​កម្មករ ព្រម​ទាំង​ស្នើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Leng Maly)

បញ្ហា​នេះ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​ការងារ ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់៖ «ក្រុមហ៊ុន​ហ្នឹង​បញ្ឈប់​ពួក​ខ្ញុំ​អត់​មាន​មូលហេតុ អា​ហ្នឹង​ជា​អ្វី​ដែល​ចង់​តវ៉ា និង​ស្នើ​ឲ្យ​ថែម​លុយ​ថ្លៃ​បាយ។ សូម​ឲ្យ​ក្រុមហ៊ុន​ប្ដូរ​កិច្ចសន្យា​ពី ៣​ខែ​ទៅ ១​ឆ្នាំ​វិញ និង​សុំ​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​ឈ្នួល​ជូន​កម្មករ​ធ្វើ​ការងារ​នៅ​ក្នុង​ថ្ងៃ​បុណ្យ ហើយ​សូម​ឲ្យ​ឆាប់​ដោះស្រាយ​កុំ​អូស​បន្លាយ​បន្ត​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​ដឹង​ពី​វិធានការ​យ៉ាង​ណា​ជុំវិញ​ករណី​កូដកម្ម​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មករា។

ប៉ុន្តែ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ថា លិខិត​សុំ​ឲ្យ​អន្តរាគមន៍​រឿង​កូដកម្ម ដែល​បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ ត្រូវ​បាន​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក សយ សុជាតិ បាន​ចេញ​មក​ទទួល ហើយ​សន្យា​ថា​នឹង​ដោះស្រាយ​ក្នុង​សប្ដាហ៍​នេះ។

ករណី​នេះ​ដែរ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ភាគី​រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ដើម្បី​ដឹង​ពី​ជំហរ​របស់​ខ្លួន​លើ​ដំណោះស្រាយ​កូដកម្ម​នេះ​យ៉ាង​ណា​នៅ​ឡើយ។

ប៉ុន្តែ​តំណាង​ភាគី​រោងចក្រ លោក មួរ ផាន់នី ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​ធ្លាប់​បាន​ដោះស្រាយ​ជូន​កម្មករ​នៅ​មន្ទីរ​ការងារ​ខេត្ត​រួច​ហើយ ប៉ុន្តែ​មាន​សហជីព​ចំនួន​៣ នៅ​តែ​ញុះញង់​ឲ្យ​កម្មករ​តវ៉ា។ លោក​បញ្ជាក់​ដែរ​ថា ការ​ទាមទារ​របស់​កម្មករ គឺ​លើស​ពី​ច្បាប់​បាន​កំណត់។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ និង​ក្រុម​សហជីព​បញ្ជាក់​ថា ពួក​គេ​នឹង​នៅ​តែ​បន្ត​តវ៉ា​មិន​ចូល​ធ្វើ​ការ​ឡើយ បើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ពី​ខាង​រោងចក្រ ឬ​មិន​មាន​អន្តរាគមន៍​ណា​មួយ​ពី​ក្រសួង​ការងារ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។