សហជីព​កម្មករ៖ ការ​បង្កើត​ក្រម​សីលធម៌​មុន​ចរចា​គឺ​ជា​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព

0:00 / 0:00

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រី​ភាគី ដើម្បី​ឈាន​ទៅ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ ភាគី​រដ្ឋាភិបាល​ដែល​តំណាង​ដោយ​ក្រសួង​ការងារ បាន​ដាក់​ចេញ​គោលការណ៍​មួយ​ចំនួន​ក្រោម​ហេតុផល​ធានា​ពី​ការ​ចរចា​ដោយ​តម្លាភាព។ ក៏ប៉ុន្តែ​សម្រាប់​សហជីព​វិញ​យល់​ឃើញ​ថា ការ​បង្កើត​ក្រម​សីលធម៌​មុន​កិច្ច​ពិគ្រោះ​យោបល់​នេះ គឺ​ជា​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ចាត់​ទុក​ថា គឺ​ជា​ការ​ចរចា​ដែល​ពុំ​មាន​ភាព​ស្មោះ​ត្រង់។

បើ​ទោះ​បី​ជា​ខាង​ភាគី​តំណាង​ដោយ​រដ្ឋាភិបាល​អះអាង​ថា យន្តការ​ដែល​បាន​បង្កើត​ឡើង​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការ​ចរចា​ឆាប់​រក​ចំណុច​រួម​ត្រូវ​គ្នា និង​ធានា​ពី​សុក្រឹតភាព​ចំពោះ​តម្លៃ​នៃ​កិច្ច​សន្ទនា​ក្តី ក៏​សហជីព​ដែល​តែង​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​មួយ​ចំនួន នៅ​តែ​ចាត់​ទុក​ថា ការ​ដែល​ក្រសួង​ការងារ ដាក់​ចេញ​ក្រម​សីលធម៌​នេះ គឺ​ជា​រនាំង​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ចរចា ហើយ​លទ្ធផល​ដែល​ចេញ​ពី​ការ​ចរចា​ដោយ​លាក់​លៀម ឬ​តាម​របៀប​គំរាម​កំហែង​ផ្នែក​ស្មារតី​នេះ នឹង​ពុំ​អាច​ទទួល​យក​បាន​ឡើយ។

សហភាព​សហជីព​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​សេចក្តី​សម្រេច​នេះ ក្រោយ​កិច្ច​ប្រជុំ​មួយ​ថ្ងៃ​រវាង​ក្រុម​ការងារ​ត្រី​ភាគី​ដោះស្រាយ​ប្រាក់​ខែ​គោល​អប្បបរមា​របស់​កម្មករ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា នៅ​ក្រសួង​ការងារ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ហៅ​ការ​ចេញ​គោលការណ៍ ឬ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ការងារ ថា​គឺ​ជា​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​កិច្ច​ពិគ្រោះ​យោបល់​ស្ថិត​ក្រោម​សម្ពាធ ហើយ​លទ្ធផល​នៃ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​នេះ មិន​អាច​ជឿ​ទុក​ចិត្ត​បាន។ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​តែ​ហ៊ាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល លោក ហ៊ុន សែន រឿង​សន្ធិសញ្ញា​បំពេញ​បន្ថែម លោក រ៉ុង ឈុន និយាយ​ថា សហជីព​របស់​លោក និង​សម្ព័ន្ធ​ដៃគូ​ដទៃ​ទៀត មិន​អាច​ទទួល​យក​បាន​ឡើយ ព្រោះ​ជា​លទ្ធផល​ដែល​ធ្វើ​ឡើង​ដោយ​បិទ​បាំង និង​ស្ថិត​ក្រោម​គំនាប៖ «កំហិត​ទៅ​ដល់​អ្នក​ចូលរួម​បែប​ហ្នឹង​យើង​គិត​ថា ដំណើរ​ការ​ប្រជុំ​ក៏ដូចជា​លទ្ធផល​នៃ​ប្រជុំ​ហ្នឹង វា​មិន​អាច​ទទួល​យក​បាន​ទេ គ្រប់​ភាគី​នីមួយៗ​ហ្នឹង​នោះ​បាទ។ អ៊ីចឹង​បាន​ជា​សហភាព​សហជីព​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​ការងារ ពិនិត្យ​មើល​ឡើង​វិញ​ជុំវិញ​បញ្ហា​ហ្នឹង ធ្វើ​ម៉េច​ត្រូវ​បើក​យ៉ាង​ទូលាយ ឲ្យ​អ្នក​ចូលរួម​ហ្នឹង​ពិគ្រោះ​យោបល់ ហើយ​មិន​ត្រូវ​លាក់​លៀម​នោះ​ទេ»

នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​ដែល​មាន​សមាសភាព​មក​ពី​ខាង​រដ្ឋាភិបាល ៩​នាក់ ភាគី​សហជីព ៩​នាក់ និង​ពី​ខាង​ភាគី​និយោជក ៩​នាក់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា នា​ក្រសួង​ការងារ គឺ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​ដែល​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល បាន​ចេញ​គោលការណ៍ ៦​ចំណុច មុន​នឹង​កិច្ច​ប្រជុំ​ត្រូវ​ចាប់​ផ្ដើម។

គោលការណ៍​ទាំង ៦​ចំណុច​នោះ​រួម​មាន មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​ពេចន៍​បែប​ហិង្សា ឬ​បង្ក​បរិយាកាស​នឹង​គ្នា មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ការ​ប្រមូល​ផ្ដុំ​ខុស​ច្បាប់​ដែល​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ សន្តិសុខ និង​សណ្ដាប់ធ្នាប់ មិន​ត្រូវ​អវត្តមាន​ពី​កិច្ច​ប្រជុំ និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​តំណាង​ជំនួស​ឡើយ លើក​លែង​តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ បុគ្គល​ដែល​អវត្តមាន​ពី​កិច្ច​ប្រជុំ អាច​ប្រឈម​នឹង​ការ​បាត់​បង់​សុពលភាព​នៃ​ការ​ចូលរួម​សកម្មភាព​ត្រី​ភាគី​នា​ពេល​អនាគត។ ត្រូវ​ប្រើប្រាស់​ហេតុផល និង​ទឡ្ហីករណ៍​សមរម្យ​ក្នុង​ការ​ការពារ​អំណះអំណាង​របស់​ខ្លួន។ ត្រូវ​រក្សា​នូវ​ការ​សម្ងាត់​នៃ​ព័ត៌មាន ប្រសិន​ជា​មាន​សំណូមពរ និង​ត្រូវ​មាន​សុឆន្ទៈ​ក្នុង​ការ​ចរចា ដើម្បី​រក​ដំណោះស្រាយ និង​ការពារ​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​វិស័យ​វាយនភណ្ឌ និង​ផលិត​ស្បែក​ជើង ព្រម​ទាំង​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​នេះ។

បន្ថែម​លើ​ក្រម​សីលធម៌​ទាំង ៦​នេះ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​ជា​ភាគី​តំណាង​ឲ្យ​រដ្ឋាភិបាល​នៅ​ក្នុង​កិច្ច​ប្រជុំ អះអាង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​យន្តការ​ទាំង​នេះ​មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម គឺ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ខិត​ជិត​គ្នា និង​ងាយ​យល់​ចិត្ត​គ្នា​នៅ​ពេល​ចរចា។ លោក​ថ្លែង​បន្ត​ថា ប្រសិន​កិច្ច​ប្រជុំ​មួយ​ដែល​មិន​បាន​ដាក់​ចេញ​នូវ​គោលការណ៍​រួម ឬ​បទបញ្ជា​ផ្ទៃ​ក្នុង​ជា​មុន​ទេ​នោះ កិច្ច​ប្រជុំ​នឹង​មិន​ងាយ​ទៅ​ដល់​គោលដៅ​រួម​ឡើយ។ លោក​បន្ត​ទៀត​ថា ក្រម​សីលធម៌​នេះ​ពុំ​មែន​ចាប់​បង្ខំ​ឲ្យ​ភាគី​ណា​មួយ​នៃ​ក្រុម​ការងារ​នៅ​លើ​តុ​ចរចា ស្ថិត​ក្រោម​សម្ពាធ​នោះ​ទេ៖ «យើង​និយាយ​ឲ្យ​ត្រង់​ទៅ យើង​ចង់​កសាង​មនោសញ្ចេតនា​ជាមួយ​គ្នា។ ចាប់​ផ្ដើម​ផ្អែមល្ហែម​ជាមួយ​គ្នា។ និយាយ​ល្អ​ជាមួយ​គ្នា​ខ្លះ បើ​សិន​ជា​ម្នាក់​ដើរ​ទៅ​ឆ្វេង​ទៅ​ស្កាំ និយាយ​កំបុតកំបុយ​អ៊ីចឹង ធ្វើ​ម៉េច​មាន​បេះដូង​ស្រឡាញ់​គ្នា​កើត។ ទាល់​តែ​យើង​យក​ឱកាស​នេះ​ជា​កន្លែង​ចេះ​ផ្ដល់​ហេតុ​ផ្ដល់​ផល បាន​យើង​អាច​ឃើញ​ពី​ការ​លំបាក​របស់​ភាគី​ម្ខាង​ទៅ​ម្ខាង»

នៅ​មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម លោក ហេង សួរ បាន​លើក​ឡើង​នូវ​ក្រុម​សីលធម៌ ៦​ចំណុច សម្រាប់​សម្រួល​ដល់​កិច្ច​ប្រជុំ។

ទោះ​ជា​បែប​ណា ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ចាត់​ទុក​ថា ការ​ចេញ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​ភាគី​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី​នេះ ជា​សញ្ញា​បង្ហាញ​ថា គឺ​ជា​ការ​ដាក់​បន្ទុក​ដល់​គូ​ចរចា និង​ជា​ការ​កម្តៅ​សាច់​ដុំ​ទៅ​វិញ​ទេ។

សម្រាប់​បរិបថ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ណា​មាន​កិច្ច​ប្រជុំ​ម្ដងៗ ទោះ​ពុំ​មែន​ជា​ថ្នាក់​តំបន់ ឬ​ជា​កិច្ច​ប្រជុំ​ថ្នាក់​អន្តរជាតិ ឬ​ក៏​ជា​កិច្ច​ប្រជុំ​ទ្វេ​ភាគី គឺ​មិន​ងាយ​ឲ្យ​អ្នក​សង្កេតការណ៍ ព្រម​ទាំង​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន បាន​យក​ខ្លឹមសារ​ក្នុង​ពេល​ប្រជុំ​ឡើយ ទោះ​កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​ជា​សាធារណៈ​ក្ដី។

ទោះ​ជា​យ៉ាង​ណា ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​អ្នក​ឃ្លាំ​មើល ឬ​តាម​ដាន​រាល់​ពេល​មាន​កិច្ច​ប្រជុំ គឺ​ពុំ​មាន​ហេតុផល​ណា​មួយ​ក្រៅ​ពី​ពិធីការ​លើក​ឡើង​ថា នេះ​ជា​ទម្លាប់​ដែល​ធ្លាប់​មាន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត រឿង​ដែល​ចម្លែក​មែន​ទែន​នោះ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គឺ​បង្កើត​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​ការ​ចរចា​តែ​ម្ដង។ មាន​ការ​អះអាង​ជា​ញឹកញយ​ថា ការ​បង្កើត​ក្រម​សីលធម៌​នេះ គឺ​ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ចរចា។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ ថ្លែង​ថា ការ​បង្កើត​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​ការ​ចរចា ឬ​ថា​ជា​ក្រម​សីលធម៌ មិន​ប្រឆាំង​នឹង​គោលការណ៍​ច្បាប់​ទេ។ ជាង​នេះ​ទៀត ប្រការ​ដែល​អាច​ចាត់​ទុក​ថា​មិន​ផ្ទុយ​ពី​ច្បាប់​នោះ គឺ​គ្រប់​សមាសភាព​នៃ​ភាគី​ក្នុង​តុ​ចរចា​យល់​ព្រម និង​ឯកភាព​លើ​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ប្រជុំ​នោះ​ផង។ ក៏ប៉ុន្តែ អ្វី​ដែល​ត្រូវ​គិត​នោះ ថា​តើ​ក្រោយ​ពី​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់​ទៅ​វិញ តំណាង​ភាគី​នៃ​កិច្ច​ចរចា​បាន​យក​អ្វី​ដែល​កើត​ពី​ការ​ប្រជុំ​នោះ ទៅ​ផ្សព្វផ្សាយ​ដល់​ក្រុម​របស់​ខ្លួន​វិញ​ទេ?៖ «អា​ហ្នឹង​មាន​ច្បាប់​អី​រឿង​ការ​ព្រមព្រៀង​រវាង​អ្នក​ទាំង​បី​ហ្នឹង។ វា​គ្រាន់​ថា​មាន​ចំណុច​មួយ តើ​សហជីព​ហ្នឹង​តំណាង​ស្អី? ឧបមា​ថា​តំណាង​កម្មករ ហើយ​បើ​ប្រជុំ​រួច​ឥត​មក​ប្រាប់​អ្នក​ដែល​ខ្លួន​តំណាង ហៅ​ថា​តំណាង​ស្អី​ចុះ? ដូច្នេះ​បើ​បញ្ហា គឺ​បញ្ហា​សហជីព ដល់​ថ្ងៃ​ក្រោយ​ទៅ​អាច​កម្មករ​អស់​សេចក្ដី​ទុក​ចិត្ត។ អា​ហ្នឹង​ស៊ី​សង​លើ​ការ​ព្រមព្រៀង​ទាំងអស់​គ្នា ក៏ប៉ុន្តែ​ខ្ញុំៗ​គិត​ថា អ៊ីចឹងៗ​មិន​គួរ​ណា​អើ​វា​អាច​ដែរ ព្រោះ​ក្នុង​ដំណាក់​កាល​នៃ​ការ​ចរចា។ បើ​មិន​ទាន់​ចរចា​ចប់​ទេ វា​ការ​បែក​ធ្លាយ​អី ជួន​កាល​វា​អាច​ធ្វើ​ឲ្យ​ការ​ចរចា​ខូច​ដែរ​អ៊ីចឹង»

បើ​តាម​គម្រោង កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រី​ភាគី ដើម្បី​ឈាន​ទៅ​សម្រេច​ប្រាក់​ខែ​កម្មករ​អប្បបរមា នឹង​ត្រូវ​ចំណាយ​ពេល ១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​បំណាច់​ខែ​តុលា ខាង​មុខ​នេះ។

ភាគី​នីមួយៗ​ហាក់​ដឹង​ពី​ជំហរ​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​នេះ បើ​ទោះ​ជា​ម្ខាងៗ​ហាក់​រាង​រៀប​ឫក​បន្តិច​ក្ដី។ ខាង​និយោជក ទំនង​មើល​ទៅ​ហាក់​ដឹង​ជា​មុន​ថា ការ​ចរចា​នេះ​អាច​នឹង​ស្រុះស្រួល​គ្នា​ច្រើន។ ដោយ​ឡែក​ភាគី​សហជីព​វិញ បើ​ទុក​ណា​ថា បាន​បង្កើន​តួលេខ​រាង​ខ្ពស់​បន្តិច​មែន​ក្នុង​ការ​ទាមទារ​ទាំង​មុន​ចរចា និង​ក្នុង​ពេល​កំពុង​ចរចា ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទៅ​ប្រហែល​ជា​បន្ទន់​ឥរិយាបថ ដោយ​ហេតុ​ថា សំខាន់​នោះ គឺ​ឲ្យ​តែ​ភាគី​ក្រុម​វិនិយោគិន​ព្រម​ដំឡើង​ប្រាក់​ខែ​ក្នុង​តម្លៃ​មួយ​សមរម្យ​នោះ ប្រហែល​ជា​ត្រូវរ៉ូវ​គ្នា។

ពី​ខាង​រដ្ឋាភិបាល​ឯណោះ​វិញ ដែល​ចាំ​តែ​សម្រប​សម្រួល​ក្នុង​ចន្លោះ​នៃ​តម្លៃ​ណា​មួយ​រួច​ជា​ស្រេច​នោះ គឺ​ជា​តួអង្គ​ដែល​ដឹង​ពី​ជំហរ​ជាង​ភាគី​ណាៗ​ទាំងអស់។ គេ​នៅ​ចាំ​បាន​ថា មុន​កិច្ច​ប្រជុំ​មួយ​ថ្ងៃ រដ្ឋាភិបាល​បាន​កោះ​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ស្ទាបស្ទង់​ពី​ជំហរ​របស់​គូ​ចរចា​ទាំង​ពីរ​ភាគី គឺ​ខាង​និយោជក និង​សហជីព។ ជា​រឿយៗ រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ ជា​តួអង្គ​សំខាន់​ក្នុង​រឿង​នេះ បាន​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ចរចា​លើក​នេះ ពិត​ជា​អាច​រក​ចំណុច​រួម​ឃើញ​ក្នុង​តួលេខ​ប្រហាក់​ប្រហែល​គ្នា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។