ក្រសួង​មហាផ្ទៃ​បន្ត​ស្វែង​រក​ការ​ពិត​នៃ​ការ​ស្លាប់​របស់​តារាភាពយន្ត ហួត សារ៉ាវឌី

0:00 / 0:00

កូនស្រី​សព​អ្នកស្រី ហួត សារ៉ាវឌី សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌ ខណៈ​ភ្នាក់ងារ​ជំនាញ​ក្រសួង​ផ្ទៃ កំពុង​បន្ត​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​ពិត​នៃ​ករណី​ស្លាប់​តារា​សម្ដែង​ជើងចាស់​អ្នកស្រី ហួត សារ៉ាវឌី កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​ខេត្ត​ព្រៃវែង។ ការ​ស៊ើប​អង្កេត​ជា​ថ្មី​នេះ នៅ​បន្ទាប់​ពី​សំណុំ​រឿង​នេះ​មាន​ភាព​ចម្រូងចម្រាស ដោយសារ​ដំបូង​ឡើយ​អាជ្ញាធរ​មូលដ្ឋាន​សន្និដ្ឋាន​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់។

រហូត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​រក​ឃើញ​ថា ករណី​ស្លាប់​តារា​សម្ដែង​ជើង​ចាស់ អ្នកស្រី ហួត សារ៉ាវឌី តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ស្រុង​កំពង់ត្របែក ខេត្ត​ព្រៃវែង នោះ ជា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជា​ករណី​ប្លន់​រំលោភ​សម្លាប់​នៅ​ឡើយ បន្ទាប់​ពី​រើ​កកាយ​សំណុំ​រឿង​នេះ​ជាង​កន្លះ​ខែ​ហើយ តាម​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ លោក សុខ ខេមរិន មាន​ប្រសាសន៍​ថា នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ កំពុង​ពិនិត្យមើល​លើ​ឯកសារ និង​សំណាក​ស្លាកស្នាម​ផ្សេងៗ ដែល​ទទួល​បាន​ពី​កន្លែង​កើត​ហេតុ។ លោក​បញ្ជាក់​ថា លទ្ធផល​ពិនិត្យ​សំណាក​អាច​នឹង​ចេញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត។

អ្នកស្រី ហួត សារ៉ាវឌី និង​ស្វាមី​ក្រោយ​បាន​ស្លាប់​នៅ​ក្បែរ​ដង​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ខណៈ​ដែល​ពួកគាត់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​លេង​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​អន្សោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ករណី​ស្លាប់​នេះ អាជ្ញាធរ​មូលដ្ឋាន​សន្និដ្ឋាន​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍ ចំណែក​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់ ព្រោះ​នៅ​ទីតាំង​កន្លែង​កើត​នោះ មាន​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា អ្នកស្រី ហួត សារ៉ាវឌី ពិត​ជា​ស្លាប់​ដោយសារ​ការ​រំលោភ​សម្លាប់​បំបិទ​មាត់​ដោយ​ក្រុម​ក្មេង​ស្ទាវ។

កូន​ច្បង​របស់​អ្នកស្រី ហួត សារ៉ាវឌី គឺ​កញ្ញា ជុង សារ៉ាច័ន្ទ សង្ឃឹម​ថា ក្រសួង​មហាផ្ទៃ នឹង​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ពួកគាត់៖ «ប្រសិនបើ​អូន​បន្លាយ​តិច​ទៀត​ខ្ញុំ​នឹង​ទៅ​សួរ ហើយ​ទៅ​ផ្លូវ​ណា​ផ្សេង​ដែល​គិត​ថា អាច​ដោះស្រាយ​រឿង​នេះ​បាន ព្រោះ​អី​ឥឡូវ​ទើប​តែ​ជាង​កន្លះ​ខែ​ទេ អ៊ីចឹង​ទុក​អោយ​ប៉ូលិស​ធ្វើ​ការ​សិន​ទៅ»

កញ្ញា ជុង សារ៉ាច័ន្ទ ធ្លាប់​រៀបរាប់​ថា ក្នុង​ពេល​កើត​ហេតុ​ម្ដាយ​របស់​នាង​បាន​ទូរស័ព្ទ​ស្រែក​ប្រាប់​ថា ឲ្យ​ជួយ​គាត់​ផង ព្រោះ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​រត់​ចេញ​ពី​កៀន​ថ្នល់ ដៃ​មាន​កាន់ដំបង ហើយ​វាយ​ប្ដី​របស់​គាត់​ជា​អ្នក​បើក​ម៉ូតូ​ចំ​កញ្ចឹងក រួច​រេ​ចង្កូត​ម៉ូតូ​ដួល​ធ្លាក់​ពី​ថ្នល់ ហើយ​ក៏​ដាច់​ទូរស័ព្ទ។ ពេល​នោះ សាច់​ញាតិ​ចេញ​ស្វែង​រក​ដែរ តែ​រក​មិន​ឃើញ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នក​ដំណើរ​ប្រាប់​ថា ពួកគាត់​ស្លាប់​ទៅ​ហើយ។

កញ្ញា ជុង សារ៉ាច័ន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិនបើ​គ្រោះថ្នាក់​ចរាចរណ៍​មែន ក្បាល​របស់​ម្ដាយ​នាង​មិន​អាច​ផុង​ម្ដង​ពីរ​កន្លែង​ទេ ហើយ​ម៉ូតូ​បើ​គ្រោះថ្នាក់​ខ្លាំង ក៏​មិនមែន​វៀច​តែ​កង់ និង​បែក​ស្តុប​ដែរ គឺ​ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ។ ម្យ៉ាង​ទៀត បើ​បើក​បុក​បង្គោល​ក៏​មិន​អាច​ស្លាប់​ម្ដង​ទាំង​ពីរ​នាក់​ដែរ ព្រោះ​បង្គោល​នោះ​ទាប​ណាស់ ហើយ​ម្ដាយ​របស់​នាង​ក៏​មិន​អាច​ដួល​ទៅ​រហូត​ដល់​របូត​ខោ​ចេញ​ពី​ខ្លួន​ដែរ ហើយ​បើសិនជា​ដួល​ទៅ​កកិត​នឹង​ថ្ម​ក្រួស ហើយ​រហែក​របូត​ខោ​នោះ គឺ​ប្រហែលជា​សាច់​ភ្លៅ និង​សាច់​គូថ​គាត់​អាច​ត្រូវ​ដាច់​រយះ​អស់​ហើយ មិន​មែន​នៅ​ល្អ​នោះ​ទេ។ ចំណែក​សាកសព​ឱពុក​ចុង​វិញ គឺ​ផុង​លលាដ៍ក្បាល​ខាង​ក្រោយ ដោយសារ​ត្រូវ​គេ​វាយ។ នៅ​ក្បែរ​សព​ក៏​មាន​ដំបង​ប៉ុន​កំភួន​ជើង​ប្រឡាក់​ឈាម​ទៀត​ផង។

ជុំវិញ​ករណី​នេះ អ្នក​សម្របសម្រួល​នៃ​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា ករណី​នេះ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​ធ្វេសប្រហែស មិន​បាន​ស៊ើប​អង្កេត​នៅ​ទីតាំង​កើតហេតុ​ឲ្យ​បាន​ច្បាស់លាស់។ អ្នកស្រី​សង្កេត​ឃើញ​ថា ជា​ទូទៅ អាជ្ញាធរ​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ភស្តុតាង និង​ធ្វើ​កោសល្យវិច័យ​សាកសព ឬ​ក៏​សួរ​សាក្សី​នៅ​កន្លែង​កើត​នោះ​ទេ ពោល​គឺ​ពួកគាត់​តែងតែ​ធ្វើការ​សន្និដ្ឋាន​តែម្ដង៖ «នៅ​ពេល​ដែល​គាត់ ធ្វើ​ការ​សន្និដ្ឋាន​ដោយ​អត់​បាន​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ច្បាស់លាស់​បែប​នេះ គឺ​ធ្វើ​អោយ​ខាត​ប្រយោជន៍ និង​ធ្វើ​អោយ​ជនរងគ្រោះ​រង​នៅ​ភាព​អយុត្តិធម៌ ហើយ​ចំណែក​ជន​ប្រព្រឹត្ត​រួច​ខ្លួន​ពី​ទោស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ៊ីចឹង​បើ​នៅ​តែ​ធ្វើ​បែប​នេះ​របស់​អាជ្ញាធរ នឹង​ធ្វើ​អោយ​ជន​ប្រព្រឹត្ត​គាត់​មាន​បទពិសោធន៍​ក្នុង​ការ​ប្រព្រឹត្ត​ដែល​ធ្វើ​អោយ​រួចខ្លួន​ពី​បទ​ល្មើស»

​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក៏​សង្ឃឹម​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ នឹង​បង្ហាញ​រក​ការពិត ហើយ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ។

​អ្នកស្រី ហួត សារ៉ាវឌី អតីត​ជា​តារា​សម្ដែង និង​តារា​ចម្រៀង​ជើងចាស់​មួយ​ដួង​ដែល​រួម​ជំនាន់​ជាមួយ​អ្នកនាង អម្ពរ ទេវី និង​ធ្លាប់​រួម​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ទៀត។ អ្នកស្រី​ក៏​ធ្លាប់​គ្រង​តំណែង​ជា​តួ​ឯង​ក្នុង​រឿង "ភ្នំ​ទាប​ជាង​ស្មៅ" និង​រឿង​ជា​ច្រើន​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។