តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថា ក្រសួងបានធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវការសម្រួលក្រុមប្រគំតន្ត្រីរបស់ជនពិការរួចរាល់ហើយកាលពីសប្ដាហ៍កន្លងទៅនេះ តែនៅមិនទាន់ទទួលបានការសម្រេចយ៉ាងណានៅឡើយ។ ទន្ទឹមគ្នានេះ ក្រសួងសង្គមកិច្ច ឲ្យជនពិការសុំសាលាក្រុងដើម្បីយកទីតាំងរមណីយដ្ឋានវត្តភ្នំ ដើម្បីសម្តែងសិល្បៈ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យជនពិការដាក់សំណើទៅសាលាក្រុងជុំវិញទីតាំងសម្ដែងសិល្បៈនៅរមណីយដ្ឋានវត្តភ្នំ ធ្វើឡើងក្រោយក្រុមតន្ត្រីជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈ បានផ្អាកសកម្មភាពច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈដោយរង់ចាំសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ»។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២០ ខែធ្នូ ថា ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្ដែងសិល្បៈ ព្រមទាំងស្នើឲ្យជនពិការដែលសម្ដែងតាមស្តុបដែលបំបែកជាក្រុមតូច មករួមបញ្ចូលគ្នាជាក្រុមធំ ដើម្បីយកទីតាំងវត្តភ្នំសម្ដែងរួមគ្នារួចមក។
ពាក់ព័ន្ធបញ្ហានេះ លោកថា កាលពីសប្តាហ៍មុនក្រសួងសង្គមកិច្ច បានធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នូវការសម្រួលក្រុមប្រគុំតន្ដ្រីរបស់ជនពិការពីជាង ២០ក្រុម មកត្រឹម ៥ក្រុមរួចរាល់ហើយដែរ តែមិនទាន់បានចំណារច្បាស់លាស់ពីការបែកចែកថ្ងៃច្បាស់លាស់សម្រាប់ក្រុមតន្ត្រីពិការមួយណាអាចសម្តែងក្នុងថ្ងៃណាខ្លះនៅឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច រូបនេះ អះអាងថា ទោះជាមិនទាន់បានចំណារច្បាស់លាស់ពីលោកនាយករដ្ឋមន្ត្រីក៏ដោយ ក៏ក្រសួងសង្គមកិច្ច និងសាលារាជធានីភ្នំពេញ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានឯកភាពគ្នា អាចឲ្យជនពិការទៅដាក់ពាក្យសុំនៅសាលារាជធានីភ្នំពេញ ដើម្បីទៅសម្តែងនៅរមណីយដ្ឋានវត្តភ្នំបាន៖ «បងប្អូនជនពិការ ខ្ញុំគិតថា ពួកគាត់អាចទៅដាក់ពាក្យសុំនៅសាលារាជធានីភ្នំពេញ ដើម្បីសម្តែងបានហើយ ព្រោះសម្ដេចគាត់បានសម្រេចហើយ ហើយកាលពីថ្មីៗនេះ ទីតាំងវត្តភ្នំ លោកអភិបាលសាលារាជធានីក៏បានប្រកាសឲ្យសម្តែងដែរ អ៊ីចឹងពួកគាត់ទៅដាក់ពាក្យនៅរដ្ឋបាលសាលារាជធានីទៅ ខ្ញុំជឿថា គេនឹងអនុញ្ញាតជូនគាត់ហើយ តែរឿងចំណារពីសម្ដេចនោះ គឺយើងគ្រាន់តែចង់បានប្រសិទ្ធភាពនៃការគ្រប់គ្រង ថាឲ្យក្រុមណាសម្តែងថ្ងៃណាប៉ុណ្ណោះ»។
ទាក់ទិននឹងការលើកឡើងនេះ ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បារម្ភថា ស្ថានភាពរស់នៅរបស់ជនពិការ អាចនឹងកាន់តែមានស្ថានភាពលំបាក ប្រសិនបើវិធានការជួយដល់ជនពិការនៅតែយឺតយ៉ាវ។ លោកចង់ឃើញក្រសួងសង្គមកិច្ច និងសាលារាជធានីភ្នំពេញ ពន្លឿនវិធានការនេះ ព្រមទាំងបង្កើតគណៈកម្មាធិការឲ្យច្បាស់លាស់ ជំរុញឲ្យអនុវត្តវិធានការរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យជនពិការមានទំនុកចិត្ត និងបង្ហាញពីការលើកកម្ពស់សិទ្ធិជនពិការ៖ «ខ្ញុំសង្ឃឹមថា ក្រសួងសង្គមកិច្ច នឹងខិតខំពន្លឿន និងជំរុញធ្វើម៉េចជួយបងប្អូនជនពិការ ហើយអញ្ជើញបងប្អូនដែលជាតំណាងក្រុមភ្លេងមកពិភាក្សារួមគ្នា ដើម្បីជួយពួកគាត់ឲ្យបានឆាប់»។
ចំណែកឯប្រធានសមាគមតន្ត្រីចម្រៀងជនពិការ លោក ចាប់ តួ ក៏ស្នើឲ្យរដ្ឋាភិបាលអនុវត្តដំណើរការនេះឲ្យមានប្រសិទ្ធភាព។
ក្រៅពីឲ្យជនពិការដាក់ពាក្យទៅសាលារាជធានីភ្នំពេញ ស្នើសុំទីតាំងសម្ដែងសិល្បៈនៅរមណីយដ្ឋានវត្តភ្នំ ក្រសួងសង្គមកិច្ច ក៏បានប្រកាសច្រានចោលនូវការប្រមូលលុយនៅតាមទីសាធារណៈ និងនៅតាមទីផ្សារនានា ពីជនខិលខូចមួយចំនួនក្នុងរូបភាពដើម្បីជួយដល់ជនពិការនៅកម្ពុជា ដោយលោកចាត់ទុកថា ជាអំពើឆបោកប្រជាពលរដ្ឋ។
ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើជនខិលខូចទាំងនោះមិនបញ្ឈប់សកម្មភាពបែបនេះ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អះអាងថា សកម្មភាពនេះ កើតមានក្រោយការស្ម័គ្រចិត្តមិនប្រគំតន្ត្រីរបស់ជនពិការនៅតាមស្ដុប ស្របពេលនេះ ក៏មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពដើរប្រមូលលុយនៅតាមផ្សារ ដោយលើកថា ជាការរៃអង្គាសជំនួសឱ្យការប្រគំតន្ដ្រីនៅតាមស្ដុបដើម្បីជួយដល់ជនពិការ ហើយបញ្ហានេះ លោកសុំច្រានចោលទាំងស្រុងថា រដ្ឋាភិបាលមិនមានគោលការណ៍ឲ្យដើររៃលុយតាមផ្សារ ឬទីសាធារណៈនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
