ស្នងការខែត្រស្ទឹងត្រែង លោក ម៉ៅ រាតា មិនទាន់សន្និដ្ឋានពីមូលហេតុបណ្ដាលឲ្យអគ្គីភ័យឆេះផ្សារស្ទឹងត្រែងជាង ១ពាន់តូបបានទេ នៅថ្ងៃទី៨ ខែមេសា។ តែយ៉ាងណាលោកថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុករណីនេះ បន្ទាប់ពីអាជ្ញាធរជំនាញបានទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋនៅជុំវិញផ្សារ។ ចំណែកក្រុមអាជីវករអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល ជួយពន្លឿនការសាងសង់ផ្សារនេះឡើងវិញឲ្យបានឆាប់។
អាជីវករខែត្រស្ទឹងត្រែង អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលជួយសម្រាលទុក្ខលំបាករបស់ពួកគេទាក់ទិនគ្រោះអគ្គិភ័យដែលឆាបឆេះសម្ភារៈលក់ដូរពួកគាត់ស្ទើរគ្មានសល់ ដែលជាបញ្ហារុញច្រានឲ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះ។ អគ្គិភ័យបានឆេះតូបលក់ដូររបស់អាជីវករជាង ១ពាន់តូបកាលពីយប់ថ្ងៃទី៧ ខែមេសា បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខែត្រស្ទឹងត្រែង ពុំមានលទ្ធភាពពន្លត់ទាន់ពេល។
អាជីវករលក់ត្រី បន្លែនៅផ្សារថ្មស្ទឹងត្រែង កញ្ញា គង់ ចាន់ណា រៀបរាប់ថា អាជីវករភាគច្រើនបានខ្ចីបុលធនាគារដើម្បីធ្វើដើមទុនរកស៊ី ហើយពឹងផ្អែកលើប្រាក់ចំណេញពីការលក់ដូរ ក៏ប៉ុន្តែអកុសលត្រូវភ្លើងឆេះគ្មានសល់។ កញ្ញាកត់សម្គាល់ថា មានអាជីវករតិចតូចណាស់ ដែលមានលទ្ធភាពប្រមូលសម្ភារៈចេញទាន់ពេល ខណៈសន្ទុះភ្លើង និងសំឡេងបំផ្ទុះធុងហ្គាស៍លាន់រញ្ជួយដី ដែលបណ្ដាលឲ្យក្រុមពលរដ្ឋមួយចំនួនភ័យខ្លាចមិនហានចូលជញ្ជូនសម្ភារៈចេញ។
កញ្ញាចាត់ទុកថា បញ្ហានេះហាក់ដូចជាផ្ដាច់ដង្ហើមចំណូលសេដ្ឋកិច្ចអាជីវករ ដែលនឹងជំរុញឲ្យពួកគេក្លាយជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ថែមទាំងប្រឈមនឹងការខ្វះខាតប្រាក់បង្វិលសងម្ចាស់បំណុល ឬអាចត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។ កញ្ញាសំណូមពរឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះទៅម្ចាស់បំណុល ឬធនាគារ មីក្រូហិរញ្ញវត្ថុនានា ឲ្យពន្យារបាលបង្វិលប្រាក់សង៖ «ខ្ចីធនាគារ បើរកបានក៏បង់ការគេបានស្រូលអ៊ីចឹងទៅ។ ពេលផ្សារឆេះអ៊ីចឹងទៅរកអត់បានទេ អ្នកខ្លះឆេះអត់អាលីងអ៊ីចឹង ទៅរកអត់បានទេ។ សូម្បីតែបងខ្ញុំបីតូបអស់អាលីង។ ខ្ញុំផ្ទាល់ខ្ញុំបង់ថ្លៃធនាគារ គឺមួយថ្ងៃ ៣៥០ដុល្លារ។ ខ្ញុំអត់មានអីទីពឹងទេ បើផ្សារឆេះអស់រលីងអ៊ីចឹង»។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា បន្ទាប់ពីមានករណីនេះ អាជ្ញាធរខែត្របានបង្កើតក្រុមការងារចំនួនបី មានជាអាទិ៍ស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យ បង្កើតក្រុមការងារស្រង់ទិន្នន័យប្រជាពលរដ្ឋរងផលប៉ះពាល់ និងបង្កើតក្រុមការងារសំអាតទីតាំងដែលឆេះ។
លោកថា អាជ្ញាធរខែត្រកំពុងសិក្សាពិនិត្យលទ្ធភាពទាក់ទងបង្កើតទីតាំងលក់ដូរថ្មី ដោយស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការរៀបចំទីតាំងលក់ដូរ។ លោកបន្ថែមថា អាជ្ញាធរខែត្រក៏បានកោះហៅតំណាងធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ពិភាក្សាគ្នារកមធ្យោបាយដើម្បីសម្រួលការលំបាកដល់ពលរដ្ឋ ទាក់ទិនពេលវេលាក្នុងការបង្វិលប្រាក់សង៖ «យើងបានស្នើឲ្យគាត់ជួយសម្រួលពេលវេលា ព្រោះបងប្អូនពលរដ្ឋរបស់យើងពេលនេះ គឺគាត់ជួបការលំបាកហើយ ព្រោះគាត់ប្រាកដជាពាក់ព័ន្ធនឹងពេលវេលា ក្នុងការផ្ទេរប្រាក់ដែលបានកំណត់របស់ធនាគារ»។
អាជីវករម្នាក់ទៀត ឈ្មោះ តែន ថន រិះគន់ថា សន្តិសុខផ្សារមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យហេតុការណ៍ឆាបឆេះផ្ដើមដំបូងឡើយ។ ចំណែករថយន្តពន្លត់អគ្គិភ័យហាក់មានលក្ខណៈយឺតយ៉ាវ និងខ្វះបច្ចេកទេសពន្លត់។ លោកសំណូមពរឲ្យរដ្ឋាភិបាលកែលម្អឡើងវិញបញ្ហានេះ។ លោកទាមទារឲ្យម្ចាស់ភាស៊ីផ្សារចេញមុខមកទទួលខុសត្រូវករណីនេះ៖ «ហេតុការណ៍កើតឡើងជាក់ស្ដែងខ្ញុំគិតថា មិនគួរឲ្យឆេះមួយរយភាគរយអ៊ីចឹងទេ ព្រោះការឆេះពីដំបូងផ្ដើមឡើងដោយភ្លើងតូចទេ។ តែអត់មានសន្តិសុខផ្សារ ឬខាងអ្នកទទួលខុសត្រូវផ្សារ បានមកពន្លត់ទេ»។
អាជ្ញាធរក្រុងស្ទឹងត្រែង ឲ្យដឹងថា អាជ្ញាធរបានចាត់ឲ្យមន្ត្រីជំនាញរៀបចំទីតាំងលក់ដូរបណ្ដោះអាសន្នជូនពលរដ្ឋ នៅលើសួនច្បារខាងលិចផ្សារថ្មស្ទឹងត្រែង ដែលឆេះនោះ ដើម្បីសម្រាលដល់ជីវភាពពួកគេ។ ផ្សារថ្មស្ទឹងត្រែង ដែលឆេះនោះ មានអាជីវករដលក់ដូរ ១.២២០តូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
