អភិបាលខែត្រស្ទឹងត្រែង ថ្លែងថា ប្រមុខរដ្ឋាភិបាលនឹងចាត់ឲ្យមន្ត្រីជំនាញសាងសង់ផ្សារឡើងវិញជាបន្ទាន់ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់អាជីវករ។ ការលើកឡើងនេះក្នុងជំនួបចំពោះមុខជាមួយក្រុមអាជីវករជាង ១ពាន់នាក់ដែលរងគ្រោះអគ្គីភ័យនៅព្រឹកថ្ងៃទី៩ ខែមេសា នៅបរិវេណវត្តលើក្រុងស្ទឹងត្រែង។ ទន្ទឹមនឹងនេះ អភិបាលខែត្រស្ទឹងត្រែង សន្យាថា នឹងយកចិត្តទុកដាក់សម្រាលទុកលំបាកដល់អាជីវករកំពុងមានវិបត្តិធ្ងន់ធ្ងរនេះ។
អាជ្ញាធរខែត្រស្ទឹងត្រែង ប្ដេជ្ញាថា នឹងរកមធ្យោបាយសម្រួលការលំបាកដល់ពលរដ្ឋដែលរងគ្រោះអគ្គិភ័យ។ ទន្ទឹមនឹងនេះ អាជ្ញាធរខែត្របានរៀបចំមន្ត្រីជំនាញស៊ើបអង្កេតរកមូលហេតុករណីនោះ និងអន្តរាគមន៍ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ឲ្យបន្ធូរបន្ថយការប្រាក់ពន្យារពេលបង្វិលប្រាក់សង និងផ្ដល់ប្រាក់កម្ចីបន្ថែមក្នុងអត្រាការប្រាក់ទាប។
អភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ថ្លែងចំពោះមុខក្រុមអាជីវករជាង ១ពាន់នាក់នៅថ្ងៃទី៩ ខែមេសា ថា ប្រមុខរដ្ឋាភិបាលបានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សាពិនិត្យលទ្ធភាពសាងសង់ផ្សារថ្មីជាបន្ទាន់ ដើម្បីកាត់បន្ថយការអូសបន្លាយពេលលក់ដូរ។
លោកបន្តថា អាជ្ញាធរបានជ្រើសរើសទីតាំងលក់ដូរបណ្ដោះអាសន្ន ជូនអាជីវករដោយមិនគិតថ្លៃសេវាភាស៊ី ថ្លៃពន្ធ និងថ្លៃការពារ។ លោកបន្ថែមថា អាជ្ញាធរខែត្រជំរុញឲ្យពលរដ្ឋចូលរួមថែរក្សាបរិស្ថានអនាម័យ លក់ដូរនៅទីតាំងថ្មី៖ «កសាងផ្សារនេះជូនបងប្អូនដោយកងកម្លាំងវិស្វកម្មកងទ័ពដោយឆាប់បំផុត»។
ទាក់ទិនករណីនេះ តំណាងអាជីវករ លោក សុខ វាសនា ឲ្យដឹងថា ក្រុមអាជីវករទាមទារឲ្យអាជ្ញាធររដ្ឋាភិបាល ដោះស្រាយបញ្ហានេះផ្អែកតាមឆន្ទៈរបស់អាជីវកមានជាអាទិ៍ សម្រួលការលក់ដូរលើសួនច្បារសាធារណៈ និងបេនឡានចាស់ ពន្លឿនការសាងសង់ផ្សារឲ្យបានឆាប់ មានទំហំដូចទីតាំងចាស់។
លោកថា ក្រុមអាជីវករទទូចឲ្យអាជ្ញាធររដ្ឋាភិបាលរកឫសគល់នៃមូលហេតុករណីនេះ ខណៈពួកគេកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរជំនាញ។ លោកសង្កត់ធ្ងន់ថា ក្រុមអាជីវករក៏ទាមទារឲ្យម្ចាស់ភាស៊ីផ្សារចេញមុខមកទទួលខុសត្រូវករណីនេះ៖ «សំណូមពរក្រុមអាជីវករទាំងអស់ឲ្យអាជ្ញាធរខែត្រ រដ្ឋាភិបាល ឬក្រុមហ៊ុនសង់តាមទំហំដែលគាត់មានឧបមាថា គាត់មានពីរម៉ែត្រ គឺត្រូវតែពីរម៉ែត្រ ហើយធ្វើនៅកន្លែងដដែល។ ជៀសវាងយើងសង់ជារួម ហើយយើងចាប់ឆ្នោត»។
ទោះយ៉ាងណា អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង មិនទាន់កំណត់កាលបរិច្ឆេទពីការសាងសង់ផ្សារថ្មីនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះសិន ព្រមទាំងសិក្សាពីប្លង់ដើម្បីស្រង់ទិន្នន័យអាជីវករទាំងអស់។
លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានសម្រេចសង់ផ្សារនៅទីតាំងចាស់ដើម្បីបំពេញតម្រូវការថ្នាក់មូលដ្ឋាន និងដើម្បីកាន់បន្ថយការអូសបន្លាយពេលលក់ដូរ៖ «មីក្រូហិរញ្ញវត្ថុគាត់ទទួលយកសំណើពីអភិបាលខែត្រ ដើម្បីទៅប្រជុំសម្រេច។ ដើម្បីមានមូលដ្ឋានទៀត គាត់ឲ្យអាជីវករម្នាក់ៗហ្នឹងធ្វើសំណើសុំពន្យារ។ សុំពន្យារបង់រំលោះហ្នឹង។ អ៊ីចឹងធ្វើសំណើសុំឯកសារពីពលរដ្ឋរបស់គាត់ទៅប្រជុំសុំគោលការណ៍ពីកណ្ដាលរបស់គាត់»។
អាជីវករម្នាក់ទៀតឈ្មោះ អៀ រតនា សំណូមពរឲ្យអាជ្ញាធរខែត្រចាត់ចំណាត់ថ្នាក់ទីតាំងលក់ដូរនៅទីតាំងថ្មី ដើម្បីធានាសុវត្ថិភាពដល់ក្រុមអាជីវករលក់គ្រឿងអលង្ការ។ លោកបារម្ភថា ទីតាំងលក់ដូរអាចអូសបន្លាយពេលយូរ បើការសង់ផ្សារថ្មីមានភាពយឺតយ៉ាវ៖ «លក់ផ្លាក់ទៀតឲ្យមូលតែមួយកន្លែង។ ខ្ញុំមិនអាចទទួលបាន លក់ជាមួយចាប់ហួយ លក់ជាមួយគ្រឿងក្រអូបបានទេ»។
អាជ្ញាធរខែត្របានបង្កើតក្រុមការងារចំនួនបី ដូចជាស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យ បង្កើតក្រុមការងារស្រង់ទិន្នន័យប្រជាពលរដ្ឋរងផលប៉ះពាល់ និងបង្កើតក្រុមការងារសំអាតទីតាំងដែលឆេះ។ កាលពីយប់ថ្ងៃទី៧ ខែមេសា អគ្គីភ័យឆាបឆេះផ្សារស្ទឹងត្រែង ១.២២០តូប ដែលបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់រាប់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
