សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ មិនទាន់អាចកំណត់មុខសញ្ញាជនមិនស្គាល់មុខដែលប្លុងគ្រាប់បែកពីរគ្រាប់នៅក្បែរផ្ទះគ្រូបង្រៀនម្នាក់ កាលពីថ្ងៃទី៨ ខែកុម្ភៈ នៅឡើយទេ។ មន្ត្រីការពារសិទ្ធិមនុស្សចង់ឲ្យសមត្ថកិច្ចវែករកមុខជនសង្ស័យដើម្បីជម្រះមន្ទិល ខណៈគ្រូបង្រៀនដែលរងការគំរាមដោយគ្រាប់បែករូបនោះមិនបារម្ភពីសុវត្ថិភាព និងចង់បញ្ចប់រឿងនេះ។
ក្រុមសមត្ថកិច្ចកំពុងស៊ើបអង្កេតដោយមិនកំណត់រយៈពេលដើម្បីរកមូលហេតុពិតប្រាកដ នៃការប្លុងគ្រាប់បែកក្រឡាទៀបផលិតនៅសហភាពសូវៀត ដែលគេខ្ចប់ក្រណាត់ដាក់ចោលក្បែរផ្ទះគ្រូបង្រៀនកម្រិតវិទ្យាល័យម្នាក់ ឋិតនៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្ដៀង។ សមត្ថកិច្ចប៉ូលិសមូលដ្ឋានឲ្យដឹងថា អ្នកជំនាញបានចុះធ្វើកំណត់ហេតុ និងបញ្ជូនសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តរួចហើយ។
អធិការនគរបាលស្រុកកណ្ដៀង លោក លីវ សេងហ៊ីម មានប្រសាសន៍នៅថ្ងៃទី៩ ខែកុម្ភៈ ថា នៅពេលស៊ើបអង្កេតបឋមមិនឃើញមានតម្រុយអ្វីនោះ ទើបសមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿងទៅថ្នាក់លើ ដើម្បីជួយចាត់ការបន្ត។
លោកថា ឈ្មោះ ចាវ រ៉ូ ភេទប្រុស វ័យជាង ៥០ឆ្នាំជាគ្រូបង្រៀនមិនដែលមានទំនាស់ ឬបញ្ហាខាងនយោបាយជាមួយនរណាដែលឈានដល់ការគុំកួនសម្លាប់នោះទេ៖ «អ៊ីចឹងហើយបានជាយើងកំពុងស៊ើបអង្កេត ថាមូលហេតុអីបានជាគេយកគ្រាប់បែកមកដាក់ក្រោយផ្ទះគាត់។ បើកាលណាអត់ទាន់រកឃើញ យើងនៅតែរកអ្នកដែលដាក់គ្រាប់នោះអត់កំណត់ថ្ងៃបានទេ»។
ចំណែកគ្រូបង្រៀន និងជាម្ចាស់ផ្ទះដែលជនមិនស្គាល់មុខប្លុងគ្រាប់បែក គឺលោក ចាវ រ៉ូ ថាលោកជាគ្រូបង្រៀនក្រីក្រ និងសាមញ្ញមិនមែនជាសកម្មជនគណបក្សនយោបាយណាមួយដែលនាំឲ្យមានការឈ្នានីស ឬការនិន្ទាពីជនណានោះទេ ទើបលោកមិនបានព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបានប្រគល់គ្រាប់បែក និងតួនាទីនេះទៅឲ្យសមត្ថកិច្ច ហើយលោកក៏មិនចង់គិតអ្វីទៀតដែរ៖ «ពេលបងប្អូនគាត់សែនហ្នឹង! ខ្ញុំទៅនោមក្បែរជង្ហុកមានឃើញកញ្ចប់ហ្នឹងក៏យកស្រាយមើលទៅឃើញ។ មិនដឹងថាមកពីណាផង (គ្រាប់បែក) នៅឆ្ងាយពីខ្ញុំប្រហែលជាង ២០ម៉ែត្រ»។
ទាក់ទងបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តពោធិ៍សាត់ លោក ភួង សុធា ថាលោកមិនអាចសន្និដ្ឋានករណីនេះជាការគំរាមកំហែង ឬយ៉ាងណានោះទេ ប៉ុន្តែសមត្ថកិច្ចគួរវែករកមុខអ្នកដែលប្លុងគ្រាប់បែកនោះឲ្យឃើញ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោករំលឹកថា កាលពីឆ្នាំ២០១៥ មានករណីស្រដៀងគ្នានេះកើតឡើង ហើយសមត្ថកិច្ចប៉ូលិសបានរកមុខជនល្មើសឃើញ ប៉ុន្តែតុលាការមិនបានឲ្យជនល្មើសអនុវត្តទោសក្នុងពន្ធនាគារនោះទេ ដោយគ្រាន់តែដាក់ឲ្យជនល្មើសត្រួតពិនិត្យតាមផ្លូវតុលាការប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
