តុលាការខេត្តព្រៃវែង បញ្ជូនខ្លួនអធិការស្រុកស្វាយអន្ទរ ដាក់ពន្ធនាគារខេត្ត នៅថ្ងៃទី១៦ មករា។ ការឃុំខ្លួននេះ បន្ទាប់ពីព្រះរាជអាជ្ញារងតុលាការខេត្ត លោក មួង សារិន បានសាកសួរលើសំណុំរឿងបាញ់សម្លាប់អ្នកភូមិម្នាក់ស្លាប់ក្បែរកន្លែងបញ្ជល់មាន់ កាលពីថ្ងៃទី១៣ ខែមករា។
ក្រុមគ្រួសារជនរងគ្រោះស្លាប់ដោយគ្រាប់កាំភ្លើងរបស់អធិការស្រុកស្វាយអន្ទរ បានទាមទារសំណងជំងឺចិត្ត និងជំរុញឲ្យតុលាការយកជនល្មើសផ្ដន្ទាទោសតាមច្បាប់។
ភរិយាជនរងគ្រោះគឺលោកស្រី ស៊ឹម ម៉េង ថ្លែងនៅថ្ងៃទី១៦ មករា ថា ភាគីខាងអធិការស្រុកដែលបានបាញ់សម្លាប់ប្ដីលោកស្រីបានហៅគាត់ទៅប្រាប់នៅសាលាឃុំថា គេនឹងឲ្យសំណងលោកស្រីចំនួន ១៤.៥០០ដុល្លារ ជាថ្នូរនឹងការដកពាក្យប្ដឹង៖ «គេមកសម្រួលខ្ញុំថា ឥឡូវគេឲ្យ ១៤.៥០០ដុល្លារ។ បើគេឲ្យសំណងខ្ញុំ ខ្ញុំយកលុយចិញ្ចឹមកូន តែបើខាងច្បាប់គេចាប់វិធានការមនុស្សហ្នឹង ពីព្រោះគាត់បានសម្លាប់ប្ដីខ្ញុំ»។
កាលពីថ្ងៃទី១៣ ខែមករា បុរសវ័យ ៣៧ឆ្នាំឈ្មោះ កិ អ៊ីម នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវធ្លុះក្បាល ក្នុងហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបល្បែងបញ្ជល់មាន់ និងលេងបៀរ ដែលដឹកនាំដោយលោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ។
ភរិយាជនរងគ្រោះគឺលោកស្រី ស៊ឹម ម៉េង អះអាងថា ប្ដីរបស់លោកស្រីកំពុងបីកូនអាយុ ៦ខែក្បែរកន្លែងបញ្ជល់មាន់ ក្បែរផ្ទះក៏ត្រូវគ្រាប់តែម្ដង។ ពួកគាត់មិនដែលមានគំនុំ ឬស្គាល់គ្នាពីមុននោះទេ៖ «ប្ដីខ្ញុំមិនទៅមើលគេបញ្ជល់មាន់ហ្នុងទេ នៅក្នុងដីខ្ញុំគេបញ្ជល់មាន់នៅខាងជើងផ្ទះខ្ញុំ។ អធិការហ្នឹងមកដល់ស្លៀកពាក់ស៊ីវិល។ អ្នកបញ្ជល់ក្រឡេកមើលលើថា លោកអធិការ ក៏នាំគ្នារត់ព្រូចេញទៅ។ ចំណែកប្ដីខ្ញុំមានដឹងណា គាត់នៅលួងកូននៅដីខ្ញុំឯណេះ យកកាំភ្លើងមកបាញ់សំដៅប្ដីខ្ញុំតែម្ដង។ អត់មានបាញ់បង្ហើរ២ ៣គាត់ទេ មកដល់បាញ់ប្ដីខ្ញុំមួយគ្រាប់ហ្នឹងបាញ់សម្លាប់តែម្ដង។ ពេលគាត់ដួលទៅកូនខ្ញុំធ្លាក់ពីដៃទៅឡើងក្រឡិតក្រឡាញមុខ វាត្រូវនឹងឫស្សីនៅមុខផ្ទះ»។
ទាក់ទងសំណុំរឿងនេះ ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ថា ក្រុមជំនាញកំពុងស៊ើបអង្កេត ហើយបានបញ្ជូនសំណុំរឿងទៅតុលាការ។ លោកបន្តថា ព្រះរាជអាជ្ញារងតុលាការខេត្ត លោក មួង សារិន បានសាកសួរជនសង្ស័យដែលជាអធិការស្រុកនោះហើយ នឹងបានឃុំខ្លួននៅពន្ធនាគារខេត្ត៖ «ព្រឹកមិញក្រោយពីតុលាការសាកសួរហើយបានបញ្ជូនទៅពន្ធនាគារ»។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា ទោះជាមានការសម្របសម្រួលផ្ដល់សំណងដល់គ្រួសារជនរងគ្រោះក៏ដោយចុះ ប៉ុន្តែបណ្ដឹងអាជ្ញាមិនផុតរលត់នោះទេ៖ «បទល្មើសព្រហ្មទណ្ឌគេមានបណ្ដឹងពីរ មានបណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋប្បវេណី។ គាត់បានទទួលសំណងហ្នឹងគេសំណងរដ្ឋប្បវេណី នៅពេលដែលគាត់បានទទួលសំណងរដ្ឋប្បវេណី បណ្ដឹងអាជ្ញាអត់រលត់ទេ។ សំណុំរឿងដល់តុលាការធម្មតា»។
មន្ត្រីសមាគមអាដហុក ដដែលបញ្ជាក់ថា សមាគមនឹងផ្ដល់មេធាវីដល់គ្រួសារជនរងគ្រោះនៅពេលសំណុំរឿងនេះបញ្ជូនដល់តុលាការ ពីព្រោះថា ករណីនេះអាជ្ញាធរសមត្ថកិច្ចបានប្រើអំណាចហួសហេតុនឹងរំលោភសិទ្ធិមនុស្ស។
មាត្រា២០៤ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា បទឃាតកម្មប្រព្រឹត្តដោយអ្នករាជការសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ ៣០ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ ដោយឡែកក្រុមគ្រួសារជនរងគ្រោះនឹងធ្វើពិធីបុណ្យសពគម្រប់ ៧ថ្ងៃ នៅថ្ងៃអង្គារ ទី១៩ ខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
