សាក្សីជាច្រើននាក់បញ្ជាក់ថា នគរបាលស្រុកស្អាង ខេត្តកណ្ដាល ជាច្រើននាក់ ពិតជាបានប្រើហិង្សាលើបុរសជិះម៉ូតូពីរនាក់ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងរម្នាក់ បន្ទាប់ពីមានជម្លោះជិះម៉ូតូវ៉ាជែងគ្នា ប៉ុន្តែប៉ូលិសដែលបានប្រើហិង្សាចោទថា បុរសពីរនាក់នោះជាចោរប្លន់។ ក្រុមគ្រួសារជនរងគ្រោះ កំពុងដង្ហោយរកយុត្តិធម៌។ មន្ត្រីការពារសិទ្ធិមនុស្សថា សំណុំរឿងដែលគេចោទថា ប៉ូលិសប្រើហិង្សាវាយដំទាត់ធាក់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរនេះ គឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះប៉ូលិសគឺជាអ្នកអនុវត្តច្បាប់ មិនអាចប្រើអំពើហិង្សានោះទេ បើទោះបីពួកគាត់ជាជាប់ចោទ ឬជនសង្ស័យក៏ដោយ។
ថ្វីត្បិតតែនគរបាលស្រុកស្អាង ខេត្តកណ្ដាល បានបង្ហាញរបាយការណ៍ថា ក្រុមអ្នកភូមិវាយបុរសពីរនាក់ ដោយសង្ស័យថា ជាចោរប្លន់តាមផ្លូវ កាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែតុលា ដែលបណ្ដាលឲ្យម្នាក់ស្លាប់ក្តី ក្រុមអ្នកស្រុកវិញនិយាយថា គឺនគរបាលទេដែលជាអ្នកវាយដំទាត់ធាក់លើអ្នកទាំងពីរ។ ក្រុមអ្នកស្រុកដែលបានឃើញហេតុការណ៍បញ្ជាក់ក្រោយពេលឃាត់ខ្លួនបុរសទាំងពីរនៅតាមដងផ្លូវ ហើយប៉ូលិសវាយដំពួកគេក៏ដោយ ក៏មើលទៅមិនសូវមានរបួសធ្ងន់ធ្ងរទេ ប៉ុន្តែអ្នកទាំងពីរត្រូវមើលឃើញថា មានរបួសធ្ងន់បន្ទាប់ពីចេញមកពីអធិការដ្ឋាននគរបាលស្អាង ហើយបានស្លាប់នៅពេលអ្នកភូមិ និងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងតាខ្មៅ។
ពលរដ្ឋម្នាក់ឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ថា ដំបូងឡើង នគរបាលម្នាក់ឈ្មោះ ឆៃ ស៊ីណា ស្លៀកពាក់ស៊ីវិល ហើយស្ថិតក្នុងអាការៈស្រវឹងផង បានជិះម៉ូតូវ៉ាជែងគ្នាបណ្ដើរ និងឈ្លោះគ្នាបណ្ដើរជាមួយម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់។ ភ្លាមៗនគរបាលរូបនោះ បានផ្ដួលម៉ូតូខ្លួនឯង ហើយទាញកាំភ្លើងខ្លីភ្ជង់អ្នកទាំងពីរ ព្រមទាំងទូរស័ព្ទហៅមិត្តភ័ក្ដិជានគរបាលដូចគ្នាឲ្យមកជួយចាត់ការបុរសទាំងពីរនាក់ដោយចោទថា ជាចោរប្លន់។ នៅពេលដែលបក្ខពួកមកដល់ គឺពួកគេបានបើកការវាយដំលើបុរសវ័យក្មេងទាំងពីរនាក់ ដោយមិនបានសួរនាំរកខុសត្រូវអ្វីទាំងអស់៖ « ជនរងគ្រោះគាត់អង្វរថា កុំវាយគាត់ កុំសម្លាប់គាត់អី ហើយបើចង់យកគាត់ទៅដាក់គុកក៏យកទៅ ហើយចាំសម្រួលគ្នាតាមក្រោយ តែខាងគាត់ ( ប៉ូលិស ) អត់យល់ព្រមទេ ហើយវាយយកតែម្តង ហើយគ្មានប្រជាជនណាទៅប៉ះពាល់គាត់ទេ គឺមានតែប្រជាជនអាណិត និងឃាត់កុំឲ្យវាយគាត់ ហើយសម្រួលគ្នារកខុសត្រូវទៅ។ តែប៉ូលិសបានដឹកយកទៅប៉ុស្តិ៍ ពេលនោះមិនដឹងយ៉ាងម៉េចទៀតទេ » ។
អ្នកស្រីសម្ដែងការខកចិត្តចំពោះទង្វើរបស់នគរបាលដែលអ្នកស្រីថា ជាអ្នកអនុវត្តច្បាប់បែរជាអង្គុយលើច្បាប់ ដោយវាយធ្វើបាបលើប្រជាពលរដ្ឋដោយសារជម្លោះតិចតួច មិនយកច្បាប់មកអនុវត្ត៖ « សមត្ថកិច្ចត្រូវសម្រួលបញ្ហាអីមួយឲ្យវាស្រួលទាំងអស់គ្នា ព្រោះជាសមត្ថកិច្ច មិនគួរធ្វើរឿងមិនគួរគប្បី ហើយចោទដាក់ពលរដ្ឋនោះទេ។ អ៊ីចឹងប្រជាពលរដ្ឋទាំងអស់គ្នាគឺគាត់មិនសុខចិត្តទេ » ។
សាក្សីម្នាក់ទៀតដែលជាអ្នករត់ម៉ូតូឌុបនៅមុខវត្តធនមន្ត ជាទីកន្លែងកើតជម្លោះ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាងនោះ ឲ្យដឹងដែរថា ពេលមានជម្លោះកើតឡើងរវាងនគរបាល និងបុរស ជិះម៉ូតូពីរនាក់នោះ គឺប្រជាជនជាច្រើននាក់ បានចោមរោមឈរមើល ហើយបានស្រែកឃាត់នគរបាលទាំងនោះ កុំឲ្យវាយដំលើអ្នកទាំងពីរនោះ តែអាជ្ញាធរមិនស្ដាប់ឡើយ៖ « គ្មានប្រជាជនណាទៅវាយទេ គឺប្រជាជនបានចូលទៅឃាត់ដែរ » ។
សាក្សីជាច្រើនទៀត ដែលមិនហ៊ានបញ្ចេញឈ្មោះប្រាប់ថា ក្រោយពេលកើតហេតុ គឺនគរបាលបានដើរប្រាប់ពលរដ្ឋដែលឃើញហេតុការណ៍កុំឲ្យនិយាយជាមួយអ្នកសារព័ត៌មានថា ប៉ូលិសជាអ្នកប្រើហិង្សា។

ការរៀបរាប់របស់អ្នកភូមិដែលរស់នៅកន្លែងកើតហេតុនេះ គឺស៊ីសង្វាក់គ្នាទៅនឹងការលើកឡើងរបស់ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ ថាគ្មានអ្នកភូមិណាវាយបុរសទាំងពីរនោះទេ។ លើសពីនេះ អ្នកភូមិបានស្នើឲ្យនគរបាលឈប់វាយអ្នកទាំងពីរទៀតផង។
បុរសដែលបានស្លាប់ក្នុងអំពើហិង្សានគរបាលវាយដំនោះ ឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ រស់នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកម្នាក់ទៀតរបួសធ្ងន់មានឈ្មោះ ទិត លាភ អាយុ ២២ឆ្នាំ ត្រូវជាប្អូនថ្លៃអ្នកស្លាប់ ហើយមានទីលំនៅជាមួយគ្នា។
លោក ទិត លាភ ដែលកំពុងដេកព្យួរសេរ៉ូមនៅក្រោមផ្ទះ ដោយមិនអាចងើបដើរបាន និងមានស្នាមជាំពេញដងខ្លួន ព្រមទាំងបែកមាត់ បានរៀបរាប់ប្រាប់អាស៊ីសេរី យ៉ាងលម្អិតថា កាលពីព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា រូបគាត់ និងបងប្រុសដែលស្លាប់នោះ រួមទាំងមិត្តភ័ក្ដិ ៣នាក់ទៀត បានជិះម៉ូតពីរគ្រឿងទៅលេងផ្ទះបង នៅឯភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ បន្ទាប់ពីហូបចុកជួបជុំគ្នារួច រហូតដល់ម៉ោង ៥ល្ងាច ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅពេលជិះមកដល់ចំណុចខ្លោងទ្វារវត្តធនមន្ត ក្នុងភូមិស្វាយតានី ឃុំព្រែកគយ ក៏ស្រាប់តែមន្ត្រីនគរបាលឈ្មោះ ឆៃ ស៊ីណា បានជិះម៉ូតូវ៉ាពួកគាត់ ហើយពួកគាត់ក៏ជិះវ៉ាជែងវិញ គឺជិះវ៉ាគ្នាម្នាក់ម្ដង ហើយពួកគាត់ក៏គ្មានបំណងកៀបប្លន់ដូចជាការចោទប្រកាន់នោះទេ។ បន្តិចក្រោយមក ឈ្មោះ ឆៃ ស៊ីណា បានប្រឹងវ៉ាទៅមុខវិញម្ដងទៀត ហើយបានផ្ដួលម៉ូតូ ដកកាំភ្លើងខ្លីភ្ជង់ពួកគាត់ឲ្យឈប់ និងបានទូរស័ព្ទហៅមិត្តភ័ក្ដិជាប៉ូលិសដូចគ្នាឲ្យមកវាយទាត់ធាក់ពួកគាត់តែម្ដង៖ « ពេលគ្នាគាត់មក គាត់ប្រាប់ថា ពួកខ្ញុំចង់ធើស៊ីម៉ូតូគាត់ ហើយគ្នាគាត់មកហក់ធាក់ពួកខ្ញុំតែម្តង អត់មានសួរនាំអីទេ។ ពួកគាត់វាយចំពោះ ចំខ្នង ចំជើង និយាយទៅគ្រប់កន្លែងទាំងអស់តែម្តង។ គេវាយរហូតដល់ពួកខ្ញុំកម្រើកលែងកើត។ គេទាត់ធាក់ និងជាន់ខ្ញុំរហូតទាំងដៃជាប់ខ្នោះ ហើយដឹងយកទៅអធិការដ្ឋាននគរបាលស្រុកស្អាង។ នៅទីនោះ ពួកគាត់ជាប៉ូលិសប្រហែលមានគ្នាពី ៥ ទៅ ៦នាក់ បន្តវាយពួកខ្ញុំរហូតតែម្តង ទោះបីពួកខ្ញុំធ្លាក់ឈាមក៏ដោយ ពួកគេប្រើបំពង់ទីប » ។
លោក ទិត លាភ បន្តថា ប៉ូលិសបានវាយដំពួកគាត់ពីរនាក់បងប្អូនរហូតជិតដល់ម៉ោង ៨យប់ទើបដោះលែង ដោយសារមានប្រជាជននៅស្អាង នាំគ្នាផ្ដិតមេដៃធានា ហើយដឹកពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកស្អាង តែពេទ្យស្រុកមិនហ៊ានព្យាបាលទេ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ នៅក្រុងតាខ្មៅ តែឈ្មោះ ចំរើន សីហា បានដាច់ខ្យល់ស្លាប់នៅព្រឹកថ្ងៃទី២២ ខែតុលា ដោយគ្រូពេទ្យបញ្ជាក់ថា គាត់គ្រាំក្នុងខ្លាំងមានឈាមកកក្នុងពោះ និងបែកប្លោកនោម ព្រមទាំងបែកក្បាលធ្ងន់ធ្ងរថែមទៀត។
លោក ទិត លាភ ក៏បានច្រានចោលពាក្យសម្ដីរបស់អធិការស្រុកស្អាង លោក សេង សុជាតិ ដែលថា ពួកគាត់មានបំណងជិះម៉ូតូកៀបប្លន់មន្ត្រីប៉ូលិសឈ្មោះ ឆៃ ស៊ីណា ហើយប្រជាពលរដ្ឋស្មានតែជាអំពើប្លន់ ក៏បានព្រួតគ្នាវាយមួយដៃមួយជើង ហើយក្រោយមកទើបកម្លាំងទៅដល់ ក៏រំដោះជម្លៀសយកមកអធិការដ្ឋាន ហើយដោយឃើញស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនរងគ្រោះនៅមានជីវិតរូបនេះបន្តថា ប្រជាពលរដ្ឋមិនបានចូលរួមវាយលើពួកគាត់នោះទេ មានតែអង្វរឃាត់កុំឱ្យប៉ូលិសវាយពួកគាត់។ លោកថា ប្រជាពលរដ្ឋនៅទីនោះអាចធ្វើជាសាក្សីបាន។
អាស៊ីសេរី មិនអាចសុំការបកស្រាយបន្ថែមពីអធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានទេ នៅថ្ងៃទី២៨ ខែតុលា ដោយលោកថា រវល់ប្រជុំ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន និងប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ តែមិនលើកទូរស័ព្ទនោះទេ រហូតមកដល់ថ្ងៃទី២៨ ខែតុលា។ ចំណែកមន្ត្រីប៉ូលិសឈ្មោះ ឆៃ ស៊ីណា ដែលរងការចោទថា ជាជនដៃដល់នោះ មិនអាចទាក់ទងបានទេ ហើយសារព័ត៌មានក្នុងស្រុក និងគ្រួសារជនរងគ្រោះថា ឆៃ ស៊ីណា រួមទាំប៉ូលិសពីរនាក់ទៀតបានគេចខ្លួនបាត់។

ភរិយាជនរងគ្រោះដែលស្លាប់គឺអ្នកស្រី ឃួន ស្រីមុំ ជាកម្មការិនីរោងចក្ររៀបរាប់ថា ប្ដីអ្នកស្រីពិតជាបានប្រាប់ថា ទៅលេងផ្ទះបងបង្កើតនៅស្អាងមែន។ អ្នកស្រីរៀបរាប់ថា ពេលបាត់បង់ប្ដីទៅ គ្រួសារអ្នកស្រីនឹងជួបការលំបាកសព្វបែបយ៉ាង ព្រោះកាលប្ដីនៅរស់ គាត់ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ក្នុងការចិញ្ចឹមគ្រួសារ និងជាមនុស្សស្លូតបូត។ ភរិយាជនរងគ្រោះ បានដាក់ពាក្យប្ដឹងកាលពីថ្ងៃទី២២ ខែតុលា នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល ហើយ ដើម្បីតាមចាប់ជនដៃដល់ទាំងអស់នោះ ទោះរត់គេចខ្លួនទៅដល់ទីណាក្ដី៖ « ខ្ញុំឃើញប្ដីខ្ញុំ គឺខ្ញុំអាណោចអាធម្មណាស់។ គាត់មានស្នាមរបួសពេញដងខ្លួន ហើយក្បាលគាត់ផុង។ សូមជួយចាប់ជនដៃដល់ដែលធ្វើបាបប្ដីខ្ញុំផង » ។
រីឯម្ដាយ ទិត លាភ ប្រឹងរៀបរាប់ទាំងទឹកភ្នែកថា កូនអ្នកស្រីអាចនឹងពិការ ហើយក៏ធ្វើឲ្យគ្រួសារអ្នកស្រីជួបទុក្ខកាន់តែខ្លាំង។ អ្នកស្រីថា កន្លងមកកូនប្រុសរបស់អ្នកស្រីតែងតែទៅធ្វើសំណង់ជាមួយបងប្រុសដែលស្លាប់នោះ ដើម្បីរកលុយផ្គត់ផ្គង់ម្ដាយមេម៉ាយ និងប្អូនៗដែលនៅតូចៗ៖ « ខ្ញុំអាណិតកូនខ្ញុំណាស់ ! ខ្ញុំជាម្តាយមិនដែលវាយកូនខ្ញុំទេ។ ហេតុអីគេវាយកូនខ្ញុំដល់ថ្នាក់នេះ ? ខ្ញុំឃើញឆ្អឹងខ្នងកូនខ្ញុំ គឺខ្ញុំសន្លប់តែម្តង។ អត់ពីកូនខ្ញុំទៅ គ្មានអ្នកណារកស៊ីចិញ្ចឹមខ្ញុំទេ។ អ្នកស្រុកណាក៏ស្ដាយកូនខ្ញុំ និងម្នាក់ដែលស្លាប់ទៅនោះដែរ » ។
មេភូមិតានង់ គឺលោក ឈិត សាវុទ្ធិ មានប្រសាសន៍ថា ជនរងគ្រោះគឺជាមនុស្សស្លូតត្រង់ធ្លាប់បួសរៀន មិនមែនជាចោរប្លន់ដូចការចោទប្រកាន់នោះឡើយ ហើយក៏មិនដែលបង្កអំពើអសកម្មក្នុងភូមិ ឬឈ្លោះទាស់ទែងជាមួយអ្នកក្បែរខាងនោះទេ ពោលគឺអ្នកភូមិចូលចិត្តរាប់អានបុរសរូបនេះ។ លោកថា អ្នកភូមិរបស់លោកមានគម្រោងផ្ដិតមេដៃដាក់ញត្តិសុំកិច្ចពីអន្តរាគមន៍ពីកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ គឺលោក ហ៊ុន ម៉ានី ប្រសិនបើអាជ្ញាធរខេត្តកណ្តាល មិនពន្លឿននីតិវិធីចាត់ការលើជនដៃដល់ដើម្បីផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ៖ « គាត់ជាមនុស្សល្អ គឺជាមនុស្សគំរូល្អមួយក្នុងភូមិ។ ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្ញុំសោកស្ដាយចំពោះជនដែលបាត់បង់ជីវិតនេះណាស់ ព្រោះគាត់គឺជាមនុស្សល្អ ហើយមិនគួរណាសម្លាប់គាត់ ហើយបែរជាចោទថាគាត់ជាចោរទៀតទេ។ អ្នកភូមិរបស់ខ្ញុំមានបំណងចង់ធ្វើសំឡេងគាំទ្រដល់ជនដែលស្លាប់ទៅនេះ » ។
អ្នកភូមិដែលរស់នៅជាមួយជនរងគ្រោះសុទ្ធតែថ្កោលទោសចំពោះទង្វើរបស់នគរបាលស្រុកស្អាង ដោយពួកគេអះអាងថា ជនរងគ្រោះទាំងពីរមិនដែលមានប្រវត្តិលួចប្លន់ ឬមានចរិតកោងកាចក្នុងភូមិឡើយ ជាពិសេសអ្នកដែលស្លាប់ទៅនោះ គឺជាមនុស្សគំរូល្អក្នុងភូមិ ជាអាចារ្យវ័យក្មេង និងមានមុខរបរជាមេជាងសំណង់ទៀតផង៖ « តាំងពីខ្ញុំស្គាល់គាត់មក គឺគាត់ជាមនុស្សល្អ។ បើប៉ូលិសថាចោរ ហេតុអីមិនចាប់ ព្រោះពួកគាត់មានកាំភ្លើង ? ហេតុអីបានជាវាយធ្វើបាបរហូតដល់ស្លាប់ ? ខ្ញុំគិតថា ប៉ូលិសរំលោភសិទ្ធិមនុស្ស » ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងដែលគេចោទថា ប៉ូលិសប្រើហិង្សាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរនេះ គឺជាបទល្មើសឧក្រិដ្ឋ និងជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះប៉ូលិសគឺជាអ្នកអនុវត្តច្បាប់ មិនអាចប្រើអំពើហិង្សា ឬធ្វើទារុណកម្មនោះទេ ទោះបីពួកគាត់ជាជនជាប់ចោទ ឬជនសង្ស័យក៏ដោយ៖ « ប្រសិនបើម្នាក់ហ្នឹងប្រព្រឹត្តខុសច្បាប់ ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ មិនអាចប្រើហិង្សា ឬធ្វើទារុណកម្មលើជនជាប់ចោទ ឬជនសង្ស័យណាមួយបានទេ ហើយបើគាត់ជាជនស្លូតត្រង់ទៀតនោះ វារឹតតែបន្ថែមស្ថានទម្ងន់ទោស ឬបទល្មើសចំពោះមន្ត្រីដែលអនុវត្តច្បាប់ ដែលប្រព្រឹត្តបទល្មើសទៅលើជនស្លូតត្រង់។ យើងសង្គមស៊ីវិល កំពុងធ្វើការស្រាវជ្រាវទៅលើរឿងនេះបន្ថែមទៀត ហើយទទូចអាជ្ញាធរពាក់ព័ន្ធ និងតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ និងដើម្បីបំបាត់នៅនិទ្ទណ្ឌភាព និងជាគំរូមួយកុំឲ្យបុគ្គលជាសមត្ថកិច្ចអនុវត្តរបៀបនេះ។ បើមិនចាត់ការលើនគរបាលមួយក្តាប់តូចនេះទេ វានឹងប៉ះពាល់ដល់កងកម្លាំងនគរបាលទាំងអស់ » ។
ការប្រើអំពើហិង្សាជាក្រុមរហូតឈានដល់ការសម្លាប់រំលោភទៅនឹងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ត្រង់មាត្រា១០ ដែលចែងថា មនុស្សម្នាក់ៗមានសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាព។
ក្រុមគ្រួសារជនរងគ្រោះ លើកឡើងថា ប្រសិនបើស្នងការខេត្តកណ្ដាល មិនអាចចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសច្បាប់នោះទេ ពួកគាត់រួមទាំងអ្នកភូមិផង នឹងបន្តសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ និងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ដើម្បីឲ្យតុលាការចាត់ការមន្ត្រីនគរបាលនេះតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
