ប្រធានសហព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងថា កម្មករចំនួន ៤នាក់ ក្នុងចំណោម ១១នាក់ ដែលអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងកុបកម្មនៅតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរក្នុងក្រុងបាវិត កាលពីខែមុននោះ នឹងត្រូវដោះលែងនៅពាក់កណ្ដាលខែមករា។ ការអះអាងនេះ នៅបន្ទាប់ពីទទួលបានព័ត៌មានពីអភិបាលរងខេត្តស្វាយរៀង។ ទន្ទឹមនឹងការលេចឭព័ត៌មាននេះ តុលាការក៏កោះហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនបំភ្លឺនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ។
បើដូចការលើកឡើងរបស់ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មែននោះ គឺមានន័យថា នេះជាការសន្យាលើកទី២ហើយដែលអាជ្ញាធរខេត្តស្វាយរៀង ថានឹងដោះលែងកម្មករចំនួន ៤នាក់ឲ្យនៅក្រៅឃុំ៖ «បានទទួលដំណឹងកាលពីប៉ុន្មានថ្ងៃមុននេះថា បងប្អូនកម្មករទាំងបួននាក់នោះ នឹងត្រូវបានដោះលែងក្រោយថ្ងៃទី១០ ខែមករា។ នេះជាការឆ្លើយតបរបស់ថ្នាក់ដឹកនាំខេត្តមកកាន់ពួកយើង»។
លោក ប៉ាវ ស៊ីណា បន្ថែមថា បើថ្នាក់ដឹកនាំខេត្តស្វាយរៀង កុហកជាលើកទីពីរនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បានទេ នៅថ្ងៃទី៥ មករា ដោយពុំមានអ្នកទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២២ ខែធ្នូ អាជ្ញាធរបានព្រមព្រៀងជាលាយលក្ខណ៍អក្សរថា នឹងដោះលែងកម្មករ ៤នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នយ៉ាងយូរត្រឹមថ្ងៃទី២៤ ខែធ្នូ ដើម្បីជាថ្នូរឲ្យមេដឹកនាំសហជីពដែលអះអាងថា មិនបានចូលរួមក្នុងកូដកម្មនោះជួយលួងលោមឲ្យកម្មករស្ងប់ចិត្ត ហើយឱ្យពួកគេវិលត្រឡប់ចូលធ្វើការវិញ។ ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវបានគេបំភ្លេចចោល។
កម្មករទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៨ និងទី១៩ ខែធ្នូ ហើយអាជ្ញាធរបានបន្តចាប់ខ្លួនកម្មការិនីម្នាក់ និងអ្នកបើកឡានដឹកកម្មករចំនួន ៦នាក់ផ្សេងទៀត នៅថ្ងៃទី២៣ និងថ្ងៃ២៤ ខែធ្នូ ដោយសរុបមានចំនួន ១១នាក់ នៅបន្ទាប់ពីមានកូដកម្មរបស់កម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង (Taiseng) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណ ១សប្ដាហ៍។ ពួកគេត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
ដំណឹងនៃការដោះលែងកម្មករជាលើកទី២នេះ គឺដោះលែងតែចំនួន ៤នាក់ទេ ក្នុងចំណោមអ្នកជាប់ឃុំទាំង ១១នាក់ នៅខណៈដែលតុលាការកោះហៅតំណាងក្រុមហ៊ុន រោងចក្រ និងកម្មករដែលកំពុងជាប់ពន្ធនាគារ ព្រមទាំងសាក្សីផ្សេងទៀតដើម្បីសាកសួរបញ្ជាក់បន្ថែមអំពីសកម្មភាពកូដកម្មទាមទារប្រាក់ឈ្នួល ២០ដុល្លារកន្លងមក។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង លោក ទិត្យ សុធីបូរ៉ាឆាត មានប្រសាសន៍ថា ចំពោះការស្នើសុំឲ្យកម្មករនៅក្រៅឃុំនោះ នឹងយកទៅពិចារណា ប្រសិនបើមានលិខិតស្នើសុំ។ ប៉ុន្តែមកទល់ពេលនេះ លោកមិនទាន់ទទួលបានលិខិតស្នើសុំនៅឡើយ៖ «វាមិនមែនជាមូលហេតុនៃការដោះលែងឲ្យនៅក្រៅឃុំទេ ប៉ុន្តែជាចំណុចមួយក្នុងការពិចារណាថា តើពួកគាត់សម្របសម្រួលគ្នា ចូលធ្វើការទាំងអស់គ្នាវិញ តើគួរតែឲ្យគាត់នៅក្រៅឃុំ ឬក៏នៅតែទុកដើម្បីរកឲ្យឃើញអ្នកដែលញុះញង់ ព្រោះឥឡូវនេះអ្នកដែលញុះញង់ពិតប្រាកដ គឺមិនទាន់ត្រូវបានរកឃើញ»។
ផ្ទុយពីការលើកឡើងនេះ មេធាវីការពារក្ដីឲ្យកម្មករទាំង ៤នាក់ គឺអ្នកស្រី ហេង បុង មានប្រសាសន៍ថា អ្នកស្រីបានដាក់លិខិតស្នើសុំនោះតាមបែបបទរដ្ឋបាលដាក់ទៅតុលាការរួចហើយ កាលពីថ្ងៃទី២៤ ខែធ្នូ។ អ្នកស្រីមេធាវីបញ្ជាក់ថា បើសិនតុលាការមិនអនុញ្ញាតឲ្យកូនក្តីរបស់ខ្លួននៅក្រៅឃុំទេនោះ លោកស្រីនឹងបន្តនីតិវិធីប្ដឹងស្នើសុំនៅក្រៅឃុំទៀត។
អ្នកស្រីមេធាវី ហេង បុង មានប្រសាសន៍ថា តាមចម្លើយកូនក្តី គឺពួកគេមិនបានចូលរួមកូដកម្មហិង្សាគប់បំផ្លាញរោងចក្រដូចការចោទនោះទេ ប៉ុន្តែបែរជាអាជ្ញាធរចាប់ខ្លួន ហើយប្រើហិង្សាទៀតផង៖ «អ្នក ខ្លះត្រូវទៅធ្វើការវេនយប់ ប៉ុន្តែពេលទៅដល់ គឺរោងចក្រមិនធ្វើការ ហើយត្រូវបានគេចាប់ ហើយក្នុងនោះកូនក្តីពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើទារុណកម្មពេល ចាប់ខ្លួន។ ពេលខ្ញុំទៅជួបកូនក្តី គឺភ្នែករបស់គាត់មានស្នាមជាំដោយសារប៉ូលិសទាត់»។
មិនខុសគ្នាប៉ុន្មានឡើយ កញ្ញា ណាគ្រី រៀបរាប់ថា ប្អូនប្រុសរបស់ខ្លួនឈ្មោះ សុខ គង់ ធ្វើការនៅរោងចក្រកៅវ៉េ (Kaoway) ត្រូវបានប៉ូលិសឃាត់ខ្លួនទុកនៅបន្ទាប់ពីរូបគេបានជិះម៉ូតូជាមួយកម្មករម្នាក់ទៀតទៅយកប្រពន្ធចេញពីរោងចក្រដែលនៅជិតរោងចក្រដែលកម្មករធ្វើកូដកម្មនោះ៖ «រោងចក្រកៅវ៉េ គឺនៅឆ្ងាយពីរោងចក្រឃីង មែកឃឺ (King Maker) ដែលផ្ទុះកូដកម្មគប់រោងចក្ររញ៉េរញ៉ៃពេញរោងចក្រមុនគេមែន ប៉ុន្តែបែរជាចោទប្រកាន់ថា សុខ គង់ ជាអ្នកបង្កហេតុទៅវិញ»។
ដោយឡែក ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ប្រសិនបើកម្មករនៅតែមិនត្រូវបានដោះលែងតាមការសន្យានោះទេ សហជីពរបស់លោកនឹងពិគ្រោះយោបល់ជាមួយអង្គការដៃគូពាក់ព័ន្ធ ជាពិសេសជាមួយអ្នកបញ្ជាទិញ សហជីពអន្តរជាតិ ដើម្បីពិនិត្យមើលការចាប់ខ្លួន និងស្នើឲ្យដោះលែងកម្មករទាំងនោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
