មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមេធាវីខាងរដ្ឋាភិបាល បានបើកកិច្ចចរចាមួយបន្ទាន់ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅក្រសួងការងារ ដើម្បីដោះស្រាយសំណើសុំរបស់កម្មករមុននឹងធ្វើកិច្ចព្រមព្រៀងរួមមួយ បើកផ្លូវឲ្យពួកគេដែលធ្វើកូដកម្មនៅមុខរោងចក្របានចូលធ្វើការវិញ។
តំណាងកម្មកររោងចក្រ អែស.អិល បញ្ជាក់ថា កម្មករប្រមាណ ៣ពាន់នាក់ ដែលធ្វើកូដកម្មនៅមុខរោងចក្រ បានយល់ព្រមទទួលយកការសម្រេចរបស់រដ្ឋាភិបាល ដែលឯកភាពឲ្យរោងចក្រផ្ដល់ប្រាក់ឧបត្ថម្ភ ៥០ភាគរយ ដល់កម្មករក្នុងអំឡុងពេលធ្វើកូដកម្ម។
អនុរដ្ឋលេខាធិការក្រសួងការងារ លោក សាត សមុទ្រ និងមេធាវីការពារក្ដីខាងរដ្ឋាភិបាល លោក ប៉ាល់ ច័ន្ទតារា តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) និងតំណាងកម្មករ បានជួបគ្នាចរចារកដំណោះស្រាយករណីវិវាទនៅរោងចក្រ អែស.អិល នាក្រសួងការងារ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ខណៈដែលកម្មករប្រមាណ ៣ពាន់នាក់ បន្តធ្វើកូដកម្មនៅខាងមុខរោងចក្រ។ កិច្ចប្រជុំនោះមិនមានវត្តមានភាគីរោងចក្រ អែស.អិល ចូលរួមទេ។
មេធាវីការពារក្តីខាងរដ្ឋាភិបាល លោក ប៉ាល់ ច័ន្ទតារា មានប្រសាសន៍ថា កិច្ចប្រជុំនោះភាគីទាំងអស់បានជជែកគ្នាពីប្រាក់ឧបត្ថម្ភលើកម្មករក្នុងអំឡុងពេលធ្វើកូដកម្ម។ លោកបន្តថា កម្មករបានឯកភាពទទួលយកប្រាក់ ៥០ភាគរយ ព្រមទាំងសន្យាថា ឈប់ធ្វើបាតុកម្ម និងព្រមចូលធ្វើការវិញ៖ «ព្រឹកមិញនៅសល់តែចំណុចតែមួយគត់ដែលយើងជជែកគ្នា គឺចំណុចប្រាក់ឧបត្ថម្ភនៅពេលដែលគេនាំគ្នាធ្វើកូដកម្ម ឥឡូវយើងឯកភាពគ្នាហើយ។ ចប់អស់ហើយអត់មានសល់ស្អីទៀតទេ ពួកគាត់សុខចិត្តធ្វើការងារ»។
យ៉ាងណា កម្មករដែលធ្វើបាតុកម្មនៅមិនទាន់ចូលធ្វើការភ្លាមៗទេ គឺនៅរង់ចាំរហូតមានការព្រមព្រៀងលើលិខិតស្នាមសន្យាជាក់លាក់។
តំណាងកម្មករដែលធ្វើបាតុកម្មនៅមុខរោងចក្រ លោកស្រី ប៉ាវ ផាន់ណា មានប្រសាសន៍ថា កម្មករបានបន្ទន់ឥរិយាបថខ្លះ ដោយព្រមទទួលប្រាក់ខែ ៥០ដុល្លារ ក្នុងអំឡុងពេលដែលធ្វើកូដកម្មដើម្បីបញ្ចប់ជម្លោះជាមួយក្រុមហ៊ុន។
លោកស្រីបន្តថា កម្មករមិនទាន់ប្រថុយចូលធ្វើការងារភ្លាមៗ ដោយគ្មានកិច្ចសន្យាត្រឹមត្រូវរវាងក្រុមហ៊ុននិងកម្មករ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធលើស្មារតីព្រមព្រៀងគ្នាក្នុងកិច្ចចរចាគ្នានោះឡើយ៖ «គាត់សម្រេចថា ឲ្យលុយអំឡុងពេលធ្វើកូដកម្មកម្មករ ៥០ភាគរយ។ តែមិនទាន់ដឹងថា កិច្ចព្រមព្រៀងហ្នឹងថៅកែក្រុមហ៊ុនព្រមចុះហត្ថលេខាទេ»។
កន្លងមកភាគីពាក់ព័ន្ធរួមមានក្រសួងការងារ តំណាងកម្មករនិងសហជីព បានប្រជុំសម្រេច ៤ចំណុច តាមការស្នើសុំរបស់កម្មកររួចហើយ គឺទី១ តាមការសម្រេចរបស់រដ្ឋាភិបាល គឺបញ្ជាឲ្យថៅកែរោងចក្រដកលោក មាស សុត្ថា ប្រធានរដ្ឋបាលចេញពីតួនាទីចាត់ចែងកិច្ចការរដ្ឋបាលនៅរោងចក្រ។ ទី២ ដកមន្ត្រីសមត្ថកិច្ចនិងមន្ត្រីកងរាជអាវុធហត្ថចេញពីបរិវេណរោងចក្រ។ ទី៣ រោងចក្រមិនត្រូវផ្លាស់ប្ដូរវេនធ្វើការ គឺមានន័យថា ត្រូវរក្សាការងារ ៣វេនដដែល។ ទី៤ ក្រុមហ៊ុនត្រូវដករាល់បណ្ដឹងទាំងអស់ទៅលើកម្មករ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើកម្មករទៀត។
យ៉ាងណាភាគីដែលចូលរួមប្រជុំពេលនោះ នៅខ្ទាស់ត្រង់ចំណុចទី៥ ដែលកម្មករស្នើសុំឲ្យរោងចក្រផ្ដល់ប្រាក់ ១០០ភាគ ដល់ពួកគេនៅពេលធ្វើបាតុកម្ម។
អគ្គលេខាធិការសម្ព័ន្ធសហជីព ស៊ីខាវឌូ លោក ឯក សុភក្តី បញ្ជាក់ថា ចំណុចទី៥ ដែលធ្លាប់មិនត្រូវរ៉ូវគ្នានោះ បានព្រមព្រៀងគ្នាវិញហើយ ដោយកម្មករសម្រេចព្រមទទួលយកប្រាក់ ៥០ភាគរយនៃប្រាក់ខែរបស់ខ្លួនក្នុងរយៈពេល ៣ខែ ដែលបានធ្វើបាតុកម្ម។ លោកសង្ឃឹមថា នេះជាសញ្ញាវិជ្ជមានដែលអាចបញ្ឈប់ជម្លោះ ហើយបើកផ្លូវឲ្យកម្មករចូលធ្វើការវិញ។
យ៉ាងណា ជំនួយការរដ្ឋបាលប្រចាំរោងចក្រ អែស.អិល លោកស្រី សួង សោភ័ណ្ឌ បញ្ជាក់ថា ក្រុមហ៊ុននៅមិនទាន់ឆ្លើយតបយ៉ាងណាចំពោះការសម្រេចរបស់រដ្ឋាភិបាលដែលតម្រូវឲ្យក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភឲ្យកម្មករ ៥០ភាគរយ នៅពេលដែលពួកគេគេចការងារទៅធ្វើបាតុកម្ម៖ «ពាក់ព័ន្ធនឹង ៥០ភាគរយហ្នឹង ថ្វីត្បិតខាងរដ្ឋាភិបាលសម្រេចតម្រូវឲ្យអ៊ីចឹងមែន គឺអាស្រ័យលើលោកថៅកែដែរ»។
កម្មកររោងចក្រ អែស.អិល រាប់ពាន់នាក់ ធ្លាប់ធ្វើបាតុកម្មបិទផ្លូវ និងដង្ហែក្បួនបាតុករទៅមុខក្រសួងសង្គមកិច្ច មុខសាលារាជធានីភ្នំពេញ ជាច្រើនលើក រហូតថ្មីៗនេះធ្វើបាតុកម្មដង្ហែទៅមុខផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ រហូតមានការវាយបង្ក្រាបជាច្រើនលើកពីសំណាក់ក្រុមសមត្ថកិច្ច ធ្វើឲ្យកម្មកររបួសធ្ងន់និងស្រាល។ ប្រភពពីតំណាងកម្មករបញ្ជាក់ថា ការផ្ទុះកូដកម្មនោះធ្វើឡើងបន្ទាប់ពីបក្ខពួកលោក មាស សុត្ថា ប្រធានរដ្ឋបាលរោងចក្រ បានប្រើអំពើហិង្សាទៅលើកម្មករ និងមានការរើសអើងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
