ក្រុមជំនាញបានរកឃើញថា ហេតុការណ៍បាក់ពិតាននោះ កើតឡើងដោយសារបញ្ហាខុសឆ្គងផ្នែកបច្ចេកទេសសាងសង់របស់ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់អាគារក្នុងរោងចក្រ។ ករណីនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់វិធានការអោយអាជ្ញាធរខេត្ត ត្រួតពិនិត្យផ្អាកការសាងសង់អាគារបន្ថែមក្នុងរោងចក្រនេះ និងការសាងសង់សំណង់ផ្សេងទៀតក្នុងខេត្ត។
សហជីពកម្មករ និងអង្គការសង្គមស៊ីវិលសាទរចំពោះចំណាត់ការរបស់ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់ ព្រមទាំងបានអំពាវនាវអោយមានការស្រាវជ្រាវបន្ថែមពីមូលហេតុនៅពីក្រោយ ដែលនាំអោយមានការបាក់ស្រុតអាគារ ដើម្បីធានាថា បញ្ហាដដែលនេះនឹងមិនកើតឡើងនៅទីកន្លែងដទៃទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ចំណាត់ការរបស់ក្រសួងគឺជាការរួមចំណែកមួយក្នុងការធានាសុវត្ថិភាពការងារដល់កម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រសហគ្រាសនានា នៅក្នុងខេត្តនេះ។ យ៉ាងណាលោកថា ចំណាត់ការបែបនេះគួរតែត្រូវធ្វើឡើងនៅទូទាំងប្រទេស៖ «ចំពោះការចាប់ផ្ដើមត្រួតពិនិត្យឡើងវិញហ្នឹង ខ្ញុំសុំស្នើថា គួរតែពិនិត្យទាំងចាស់ទាំងថ្មី។ អាចាស់បើវាមានហើយមិនត្រូវតាមស្តង់ដារ ត្រូវវាយចោល ឬផ្អាកដំណើរការសិន តែអាថ្មីសាងសង់ដាច់ខាតថា ត្រូវតែតាមស្តង់ដារមានវិស្វករត្រួតពិនិត្យត្រឹមត្រូវទើបមានប្រសិទ្ធភាព»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំអភិបាលខេត្តកំពង់ស្ពឺ អោយចាត់វិធានការត្រួតពិនិត្យចំពោះសំណង់ដែលស្ថិតនៅក្នុងរង្វង់ភូមិសាស្ត្ររបស់ខេត្ត និងផ្អាកការសាងសង់បណ្ដោះអាសន្នសំណង់អាគារក្នុងរោងចក្រដេរស្បែកជើង វីង ស្តារ។
លិខិតរបស់លោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ផ្ញើជូនអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៧ ខែឧសភា បានបញ្ជាក់ថា សំណង់នៅក្នុងរោងចក្រ វីង ស្តារ ស៊ូ ដែលបានបាក់ធ្លាក់សង្កត់កម្មករនោះ ជាសំណង់សាងសង់បន្ថែមលើសប្លង់អនុញ្ញាត។ ការសាងសង់នោះជាការខុសឆ្គងរបស់ម្ចាស់សំណង់ដែលលួចសាងសង់បន្ថែម និងជាកំហុសរបស់ក្រុមហ៊ុនសំណង់ដែលបានសាងសង់ខុសលក្ខណៈបច្ចេកទេស។ យ៉ាងណាលិខិតនោះពុំបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនឡើយគ្រាន់តែថា ក្រុមហ៊ុននោះពុំបានចុះបញ្ជីប្រកបអាជីវកម្មសាងសង់ត្រឹមត្រូវតាមច្បាប់ទេ។
លិខិតដដែលបន្តថា ភាគីរោងចក្រ និងក្រុមហ៊ុនសំណង់ត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតចេញពីកំហុសឆ្គងនៃការសាងសង់របស់ខ្លួន។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរកអោយឃើញពីភាពមិនប្រក្រតីដែលនៅពីក្រោយការសាងសង់អាគារនៅក្នុងខេត្តនេះ។
លោក សន ជ័យ បន្តថា នៅមានចម្ងល់ជាច្រើនដែលក្រសួងត្រូវឆ្លើយបំភ្លឺក្នុងករណីបែបនេះ៖ «រោងចក្រដែលធ្វើអោយកម្មករស្លាប់ហ្នឹង ថាតើមានការចុះអធិការកិច្ចដោយមន្ត្រីថ្នាក់ចាត់ និងថ្នាក់មូលដ្ឋានដែរ ឬទេ? ប្រសិនបើមានថា តើពេលនោះពួកគេទៅធ្វើអី? បានជាមិនដឹងអំពីភាពមិនប្រក្រតីក្នុងការសាងសង់អាគារហ្នឹង។ វាអាចជាការឃុបឃិតណាមួយជាមួយដែនដីហ្នឹងហើយបានជាសំណង់នេះអាចសាងសង់ទៅរួច ព្រោះថា វាជាសំណង់ មិនមែនជាសំណង់ផ្ទះល្វែង ១ ឬ ខ្ទមទ្រុងមាន់មួយ ដែលគេសង់នៅក្បែរចម្ការទេ វាជារោងចក្រដ៏ធំ ហេតុអីអាជ្ញាធរខ្វះការត្រួតពិនិត្យ វាជារឿងចម្លែក»។
ហេតុការណ៍បាក់ស្រុតពិតានថ្ម ឬហៅថា ប្លង់សេឡៅតឿ នៃអាគាររោងចក្រផលិតស្បែកជើង វីង ស្តា នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា បណ្ដាលឲ្យកម្មករ ស្លាប់ ២នាក់ គឺប្រុសមួយស្រីមួយ។ ចំណែកអ្នករបួសមានជាង ១០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
