មន្ត្រី​ទូត៖ ផ្លូវ​នៅ​កម្ពុជា​មិន​ត្រូវ​តាម​បច្ចេកទេស​សម្រាប់​បើកបរ​លឿន

0:00 / 0:00

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​រៀង​រាល់​ថ្ងៃ​នៅ​កម្ពុជា បាន​ទាញ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​អាមេរិក។

យ៉ាង​ណា​មិញ គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​មក​ពី​កត្តា​ជាច្រើន ប៉ុន្តែ​មាន​ការ​កត់​សម្គាល់​មួយ ចំពោះ​អ្នក​បើកបរ​រថយន្ត​ធន់​ធ្ងន់ និង​អ្នក​បើក​រថយន្ត​កុងតឺន័រ ជាដើម ដែល​ថា​នៅ​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ ក្នុង​ការ​កាន់​ដៃ​ចង្កូត​បើកបរ​នា​ពេល​បច្ចុប្បន្ន ដែល​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងៃ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William Todd) បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ថា ផ្លូវ​នៅ​កម្ពុជា គឺ​បាន​សាងសង់​ឡើង​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស សម្រាប់​បើកបរ​ក្នុង​ល្បឿន​លឿន​ទេ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គ្រោះថ្នាក់​នេះ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បង្អស់។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត បាន​សរសេរ​នៅ​ក្នុង​ប្លុក​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​បាន​បង្ហោះ​ទៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ជា​ភាសា​អង់គ្លេស ហើយ​បាន​ប្រែ​សម្រួល​ថា ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​សម្រាប់​បើកបរ​ក្នុង​ល្បឿន​លឿន​នោះ​ទេ។ លោក​បាន​ដកស្រង់​របាយការណ៍​ពី​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក ហេនឌីខេប (Handicap) ២០១២ ថា តិច​ជាង ៣០% នៃ​អ្នក​បើកបរ យល់​ដឹង​ពី​ផ្លាក​សញ្ញា​ចរាចរណ៍ និង​ល្បឿន​ដែល​បាន​កំណត់។ ចំណែក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រក​ឃើញ​ថា ៧០% ទៀត​នៃ​អ្នក​បើកបរ​យានយន្ត បាន​ទិញ​ប័ណ្ណ​បើកបរ តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​សាលា​បង្រៀន​បើកបរ​ឯកជន​មួយ​ចំនួន។

លោក វីល្លៀម ថត បាន​សរសេរ​ទៀត​ថា ថ្មីៗ​នេះ​លោក​មើល​ឃើញ​ថា មាន​តែ ៦% ប៉ុណ្ណោះ​នៃ​រថយន្ត​ដឹក​ទំនិញ​ធំៗ ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​សុវត្ថិភាព​រថយន្ត​ត្រឹមត្រូវ ហើយ​ជាប់ ហើយ​ថា បញ្ហា​ទាំងអស់ គួរ​តែ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់​មួយ។

ឆ្លើយ​តប​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១១ មេសា ថា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​នោះ រដ្ឋាភិបាល​កំពុង​ខិតខំ​រក​ឥណទាន​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន ទន្ទឹម​នឹង​ការ​ស្ថាបនា​ពង្រីក​ផ្លូវ​មួយ​ចំនួន​ពី​ស្គន់ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប ផ្លូវ​ជាតិ​លេខ​៥ ពង្រីក​ដោយ​ចែក​ជា ៤​គន្លង ទៅ​ដល់​ស្ពាន​ព្រែក​ក្ដាម ហើយ​និង​ពង្រីក​ផ្លូវ​ពី​ខេត្ត​បាត់ដំបង ទៅ​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជាដើម។

របាយការណ៍​ប៉ូលិស​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ជាង ១​ពាន់​លើក ស្លាប់​មនុស្ស​ចំនួន ៥៤០​នាក់ និង​របួស​ជាង ២​ពាន់​នាក់។ អត្រា​គ្រោះថ្នាក់​នេះ​ថយ​ចុះ បើ​ប្រៀបធៀប​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង។

គ្រោះថ្នាក់​ភាគ​ច្រើន បណ្ដាល​មក​ពី​អ្នក​បើកបរ​មាន​ល្បឿន​លឿន បើក​ប្រជែង និង​ស្រវឹង​ជាដើម។ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​អ្នក​បើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប ចាំបាច់​ត្រូវ​គោរព​ច្បាប់ និង​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ។

ក្រសួង​សាធារណការ បាន​បង្ហាញ​ថា មាន ៨០% នៃ​អ្នក​បើកបរ​ម៉ូតូ គ្មាន​ប័ណ្ណ​បើកបរ​ទេ ហើយ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៧៥% គឺ​ជា​អ្នក​បើកបរ​ម៉ូតូ។

ការ​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៣១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​អនុវត្តន៍​សកម្មភាព​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២០ របស់​អង្គការ​សហប្រជាជាតិ ដែល​លើក​ទិសដៅ​កាត់​បន្ថយ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន ៥០%។ ចំណែក​រដ្ឋាភិបាល​កម្ពុជា ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្រាប់​អ្នក​បើកបរ​រថយន្ត​ត្រូវ​បន្ថយ​ល្បឿន កុំ​បើកបរ​លឿន​ពេក រីឯ​អ្នក​បើកបរ​ម៉ូតូ ទាំង​អ្នក​ឌុប និង​អ្នក​រួម​ដំណើរ ត្រូវ​ពាក់មួក​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។