ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៩ ឧសភា នៅទីរួមខែត្រកំពង់ចាម ស្ដីអំពីអាជីពនិងការអប់រំ ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់។
ប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ឡុង យូផេង មានប្រសាសន៍ថា ការធ្វើសិក្ខាសាលាដែលមានការឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងសំខាន់ផ្ដល់ឱកាសដល់អ្នកជំនាញផ្សេងៗ ដើម្បីធ្វើការចែករំលែកចំណេះវិជ្ជា និងបទពិសោធន៍ស្ដីពីស្ថានភាពទីផ្សារការងារ ការជ្រើសរើសមុខជំនាញសិក្សា និងការងារ ការផ្ដល់ព័ត៌មានស្ដីពីអាហារូបករណ៍ និងការផ្ដល់យោបល់ស្ដីពីការឱកាសនៃការទទួលបានការសិក្សាទៅដល់ក្រុមយុវជនដែលមកចូលរួមនោះ។
យុវជនដែលទៅចូលរួមក្នុងសិក្ខាសាលានោះ ខ្លះជានិស្សិតនៃសាកលវិទ្យាល័យ និងសិស្សមកពីវិទ្យាល័យនានាក្នុងខែត្រកំពង់ចាម។
សិស្សវិទ្យាល័យមួយរូបដែលបានចូលរួមនៅក្នុងសិក្ខាសាលានោះ លោក លាង សុមុត្តា បានឲ្យដឹងថា នៅក្នុងសិក្ខាសាលានេះ លោកយល់ថាសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗពីវាគ្មិនដែលទៅធ្វើបទបង្ហាញអំពីស្ថានភាពការងារ និងអប់រំនៅកម្ពុជា។ លោកបញ្ជាក់ថា បញ្ហាប្រឈមរបស់យុវជននៅតាមខែត្រនោះ គឺបញ្ហាខ្វះព័ត៌មាន មិនដូចអ្នករស់នៅទីក្រុងភ្នំពេញ ទេ។
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០១២ ដែលមានគ្នាចំនួន ១៥នាក់ ហើយពួកគាត់មានជំនាញផ្សេង និងមកពីស្ថាប័នផ្សេងៗគ្នា ក្រោមការជ្រើសរើសរបស់លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ឡុង យូផេង បានអះអាងថា ក្រុមប្រឹក្សាយុវជនរបស់លោកនឹងរៀបចំសិក្ខាសាលាដូចគ្នានៅតាមបណ្ដាខែត្រផ្សេងៗទៀត នៅពេលខាងមុខ ដើម្បីផ្ដល់ព័ត៌មាន និងចំណេះដឹងស្ដីពីការសិក្សាអប់រំ និងការងារទៅដល់យុវជននៅតាមបណ្ដាខែត្រទាំងនោះ។
គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា របស់រដ្ឋាភិបាល គឺធ្វើឲ្យកម្ពុជា មានចក្ខុវិស័យរយៈពេលវែង ដោយប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅលើការរួមចំណែកអភិវឌ្ឍយុវជនឲ្យកាន់តែមានផលវិជ្ជមាន និងផ្ដល់ឱកាសឲ្យពួកគេអភិវឌ្ឍសក្ដានុពលក្នុងការអប់រំ ការងារ សុខភាព ការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត និងការរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ប្រទេសជាតិ និងពិភពលោក។ ប៉ុន្តែគោលនយោបាយជាតិក្នុងទិសដៅលើកកម្ពស់យុវជននោះ ហាក់បីដូចមិនមានប្រសិទ្ធភាពនោះឡើយ ពីព្រោះថា យុវជនភាគច្រើនប្រឈមនឹងភាពគ្មានការងារធ្វើ។
ឯកសារស្រាវជ្រាវរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានសរសេរថា ជនចំណាកស្រុកភាគច្រើនជាយុវជន។ យុវជនចំណាកស្រុកជិតពាក់កណ្ដាល បានសម្រេចចិត្តចំណាកស្រុក ពីព្រោះគ្មានការងារធ្វើឲ្យបានពេញមួយឆ្នាំនៅក្នុងភូមិដែលជាកត្តារុញច្រានដ៏ចម្បងមួយ ប៉ុន្តែក៏ស្របបំណងរបស់យុវជនដែលចង់ចាកចេញពីការងារជាប្រពៃណី ដូចជាស្រែចម្ការ និងនេសាទ ទៅរកការងារមានកម្រៃពេញមួយឆ្នាំវិញ។
ម្យ៉ាងទៀត របាយការណ៍ស្រាវជ្រាវរបស់ក្រុមលោក កែម ឡី បានបង្ហាញថា សព្វថ្ងៃនេះមានយុវជនជាង ៤លាននាក់ ក្នុងចំណោមយុវជនទាំងនេះ មានចន្លោះពី ៥% ទៅ ៦% ទេ ដែលបានចូលរៀននៅថ្នាក់មហាវិទ្យាល័យ។ យុវជនមានអាយុពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ មានចំនួន ២២% គ្មានការងារធ្វើ។ ដោយឡែកយុវជនដែលបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះ មានតែ ២០% ទេ ដែលមានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនដែលរៀននោះ ចំនួន ៨០% ទៀត ធ្វើការមិនត្រូវនឹងជំនាញរបស់ខ្លួនទេ។ បញ្ហានេះដោយសារតែទីផ្សារការងារចង្អៀត និងខ្វះព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
