សហរដ្ឋអាមេរិក បានប្រកាសជំហរថ្មីរបស់ខ្លួនចំពោះការផ្ដល់សុពលភាពវែងនៃទិដ្ឋាការដល់ពលរដ្ឋកម្ពុជា ដើម្បីទាក់ទាញឲ្យពលរដ្ឋកម្ពុជា ទៅលេងសហរដ្ឋអាមេរិក ឲ្យបានច្រើន និងដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការចំពោះការពន្យារពេលប៉ុន្មានឲ្យប្រាកដនៅឡើយទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) បានសរសេរលើគេហទំព័ររបស់លោកផ្ទាល់ កាលពីថ្ងៃទី២១ ខែមេសា ថា ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពនៃការបង្កើនរយៈពេលវែងនៃទិដ្ឋាការសម្រាប់ពលរដ្ឋរវាងគ្នានឹងគ្នា។
លោក វីល្លៀម ថត ពន្យល់ពីមូលហេតុដែលជំរុញឲ្យស្ថានទូតពិចារណាបង្កើនរយៈពេលសុពលភាពនៃទិដ្ឋាការវែងជាងមុនសម្រាប់ពលរដ្ឋកម្ពុជានោះ គឺទី១ អាចផ្ដល់ឱកាសឲ្យសិស្ស និងនិស្សិតទៅសិក្សានៅសហរដ្ឋអាមេរិកឲ្យបានច្រើន ដើម្បីបង្កើនគុណភាពអប់រំធនធានមនុស្ស។ ទី២ ការធ្វើដំណើរទាក់ទងនឹងមុខជំនួញរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កំពុងតែជួយឲ្យមានឱកាសថ្មីៗសម្រាប់វិនិយោគ និងធ្វើជំនួញដែលអាចឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីររីកដុះដាល។
ជាទូទៅសហរដ្ឋអាមេរិក ចេញទិដ្ឋាការទេសចរកម្ពុជា ដែលត្រូវទៅសហរដ្ឋអាមេរិក មានសុពលភាព ១ខែ និងអាចបន្តបានរយៈពេល ១ខែទៀត។ រីឯទិដ្ឋាការសម្រាប់ទៅទស្សនា និងទិដ្ឋាការការងារដែលចេញឲ្យពលរដ្ឋកម្ពុជា មានសុពលភាពចំនួន ៩០ថ្ងៃ ឬរយៈពេល ៣ខែ សម្រាប់ចូលសហរដ្ឋអាមេរិក រាប់គិតពីថ្ងៃចេញទិដ្ឋាការ ហើយចំពោះការពន្យារទិដ្ឋាការវែងជាងមុនដល់កម្រិតណានោះ នៅមិនទាន់បានទម្លាយនៅឡើយទេ។
លោក វីល្លៀម ថត រៀបរាប់ក្នុងគេហទំព័ររបស់ខ្លួនថា៖ ស្ថានទូតសហរដ្ឋអាមេរិកបានខិតខំច្រើនក្នុងការកាត់បន្ថយពេលវេលាសម្រាប់ធ្វើការពិនិត្យសម្រេចលើពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាមេរិករបស់ពលរដ្ឋខ្មែរ។ ក្នុងករណីភាគច្រើន ការសម្ភាសសុំទិដ្ឋាការអាចកំណត់ធ្វើក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ហើយអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានផ្ដល់ទិដ្ឋាការជូនមួយថ្ងៃបន្ទាប់ពីការសម្ភាសរួច។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានទេ នៅថ្ងៃទី២២ ខែមេសា។
កាលពីឆ្នាំ២០១២ សហរដ្ឋអាមេរិកបានទទួលអ្នកទស្សនា និងអ្នកទៅតាំងទីលំនៅក្នុងសហរដ្ឋអាមេរិក ជាជនជាតិកម្ពុជា ជិត ៧ពាន់នាក់ ដោយរួមមានទេសចរ សិស្ស និស្សិត និងអ្នកជំនួញ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការបង្កើនសុពលភាពវែងលើទិដ្ឋាការសុំរបស់ពលរដ្ឋកម្ពុជា ទៅសហរដ្ឋអាមេរិក បើទោះជាទៅក្នុងក្របខ័ណ្ឌសិក្សា ឬធ្វើជំនួញក្ដី សុទ្ធតែជាការប្រសើរ ជាពិសេសបង្កើនចំណងមិត្តភាពកាន់តែស្និតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ មួយវិញទៀត លោក យង់ គិមអេង សង្ឃឹមថា ការធ្វើដំណើរចេញចូលសហរដ្ឋអាមេរិក បានងាយស្រួលជាងមុន អាចកាត់បន្ថយអន្តោប្រវេសន៍កម្ពុជា ខុសច្បាប់ ទៅរស់នៅសហរដ្ឋអាមេរិកបានច្រើន។
លោក យង់ គិមអេង៖ «គេចខ្លួនសុំសិទ្ធិជ្រកកោន ព្រោះបញ្ហាហ្នឹងខ្ញុំគិតថា វាមិនអាចនឹងទប់ស្កាត់បានទេ ដរាបណាតុល្យភាពសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងការរំលោភសិទ្ធិមនុស្សវានៅមានគម្លាត។ ធម្មតាមនុស្សទាំងអស់តែងតែចង់ទៅកន្លែងណាដែលវាស្រួល។ ក្នុងនោះដែរ ប្រសិនបើមានការបើកឲ្យកាន់តែទូលាយប្រហែលជាអាចឲ្យមានការកាត់បន្ថយ ការរត់គេចខ្លួន»។
សហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នៅឆ្នាំ១៩៥៣ ហើយនៅឆ្នាំ១៩៥៤ អាមេរិកបានមកដាក់ទូតនៅកម្ពុជា។ កម្ពុជានិងសហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងនឹងគ្នាមិនល្អនៅដើមឆ្នាំ១៩៦០ រហូតដល់ផ្ដាច់ទំនាក់ទំនងការទូតនៅក្នុងខែឧសភា ឆ្នាំ១៩៦៥។ តែនៅក្នុងខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងជាថ្មី បន្តរហូតនៅក្នុងរបបសាធារណរដ្ឋខ្មែរក្នុងឆ្នាំ១៩៧៥។ ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គឺនៅក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ជាការបើកទំព័រថ្មីសម្រាប់ប្រជាជាតិកម្ពុជា ដែលនាំមកនូវការបើកចំហផ្នែកសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពិសេសធ្វើឲ្យកម្ពុជា មានការបោះឆ្នោតជាលើកដំបូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
