តំណាងកម្មកររោងចក្រ យូអេសអេ បានចូលចរចាជាមួយភាគីថៅកែរោងចក្រ ដែលមានការសម្របសម្រួលពីក្រសួងការងារ និងចៅសង្កាត់ចាក់អង្រែក្រោម នៅល្ងាចនៅទី២២ តុលា ប្រមាណ ២ម៉ោង ប៉ុន្តែពួកគេអះអាងថា ពុំមានលទ្ធផល។
កម្មកររោងចក្រនេះជិត ៤០០នាក់ បានបិទផ្លូវជាតិលេខ២ ប្រមាណ ១ម៉ោងធ្វើឲ្យកកស្ទះចរាចរណ៍ទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារចំនួន ៦ចំណុច ប៉ុន្តែចំណុចដែលសំខាន់នោះពួកគេបានផ្ដោតទៅលើការផ្លាស់ប្ដូរថៅកែ ឬប្ដូរអ្នកគ្រប់គ្រងញឹកញាប់ ដោយក្រុមហ៊ុនត្រូវគិតពីប្រាក់អតីតភាពការងារឲ្យកម្មករស្របច្បាប់។ ចំណុចមួយទៀត គឺក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពឲ្យកម្មករសម្រាកញឹកញាប់ដែលគិតប្រាក់ឲ្យកម្មករ ៥០% និងបញ្ចប់សកម្មភាពលួចដឹកសម្ភារៈចេញពីរោងចក្រ។
កម្មការិនី សយ ណាគ្រី បានថ្លែងបន្ទាប់ពីកិច្ចជំនួបនេះថា ភាគីថៅកែក្រុមហ៊ុនបានសម្រេចថា នឹងទូទាត់ប្រាក់អតីតភាពការងារជូនកម្មករដែលបានចូលបម្រើការនៅរោងចក្រនេះតាមកិច្ចសន្យារយៈពេលវែង ក្នុងម្នាក់ ៦៥០ដុល្លារ។ រីឯកម្មករកិច្ចសន្យារយៈពេលខ្លីម្នាក់ ១០០ដុល្លារ ជាថ្នូរនៃការបញ្ចប់ការទាមទារ។
កញ្ញាបន្តថា កម្មករមិនអាចទទួលយកបានឡើយចំពោះដំណោះស្រាយនេះ៖ «ព្រោះតម្លៃហ្នឹងវាទាបពេក ពួកខ្ញុំអត់ទាន់ព្រមទេ ខ្ញុំអត់ចង់វែងឆ្ងាយទេ។ ពួកខ្ញុំចង់បានថា ឲ្យក្រុមហ៊ុនហ្នឹង ឲ្យម៉េចវាសមរម្យជាងហ្នឹងបន្តិច។ ពួកខ្ញុំដាក់កំណត់ឲ្យគេក្នុង ១ឆ្នាំ ១២០ដុល្លារហ្នឹង ខ្ញុំនិយាយម៉ៅណា ខ្ញុំអត់គិតតាមច្បាប់ទេ អ្នកណាធ្វើ ១០ឆ្នាំគុណនឹង១០ឆ្នាំទៅ»។
នៅមុនបាតុកម្មបិទផ្លូវនេះ ក្រុមកម្មករ យូអេសអេ បានធ្វើកូដកម្មជាប់គ្នាចំនួន ៥ថ្ងៃមកហើយ ប៉ុន្តែពុំមានដំណោះស្រាយ។ ពួកគេបានធ្វើកូដកម្មតាំងពីថ្ងៃទី១៧ ខែតុលា។ ក្រុមកម្មករឲ្យដឹងថា រោងចក្របានព្យាយាមដឹកសម្ភារៈចេញម្ដងជាពីរដងដោយស្ងាត់ៗ ចាប់ពីព្រលប់ថ្ងៃទី១៧ តុលា ដែលបញ្ហានេះគឺជាក្ដីកង្វល់របស់កម្មករ។
តំណាងថៅកែរោងចក្រ លោក ឡាយ ទ្រី ដែលបានចូលចរចាជាមួយកម្មករ បានឆ្លើយតបថា រោងចក្រនេះពុំបិទទ្វារនោះទេ គឺនៅតែដំណើរការធម្មតា ដោយគ្រាន់តែមានការផ្លាស់ប្ដូរនាយកគ្រប់គ្រង។ លោកថា នេះជាដំណោះស្រាយតែមួយគត់ដែលក្រុមហ៊ុនមានលទ្ធភាព។
លោក ឡាយ ទ្រី៖ «ប្រជុំហ្នឹងគឺបានសម្រេចឲ្យម្នាក់ ៦៥០ អ្នកចាស់ៗហ្នឹងជាង ៦០នាក់ គាត់បញ្ចប់ហើយកុងត្រា គឺចូលធ្វើការវិញធម្មតា អ្នកមានកិច្ចសន្យាគឺម្នាក់១០០។ គាត់ចង់បាន ១ឆ្នាំ ១២០ឯណា ហើយគុណនឹង ១០ឆ្នាំជាងនោះ គឺ ១ពាន់ជាង ២ពាន់ឯណោះ។ អ្នកថ្មីៗកុងត្រានោះ ទារម្នាក់ ៥០០។ ព្រមយកឯណា មានតែនាយកលក់ឡាយឡុងម៉ាស៊ីនអីទៅ ព្រោះអីម៉ាស៊ីនហ្នឹងតែ ២-៣ម៉ឺនហ្នឹង។ មានអីរោងចក្រហ្នឹងជួលគេតើ»។
ក្រុមកម្មករបានអះអាងថា ដោយសារការចរចាពុំមានលទ្ធផល នៅល្ងាចថ្ងៃដដែលភាគីទាំងសងខាងសម្រេចលើកពេលទៅចរចានៅក្រសួងការងារនៅថ្ងៃទី២៤ ខែតុលា បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
