ការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា មានសន្ទុះកាន់តែច្រើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅស្របពេលដែលប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣។
យ៉ាត កំសាន្ត ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ដែលបានប្រើប្រព័ន្ធសង្គមហ្វេសប៊ុកអស់រយៈពេលបីឆ្នាំ ថ្លែងថា ការប្រើប្រាស់សង្គមហ្វេសប៊ុកមានផលវិជ្ជមាន និងអវិជ្ជមាន។ កត្តាវិជ្ជមាន គឺគេអាចទទួលបានព័ត៌មានទាន់ហេតុការណ៍ទាក់ទិនរឿងជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា។ រីឯកត្តាអវិជ្ជមាន គឺជាព័ត៌មានដែលញុះញង់ ដៀមដាម ជេរវាយប្រហារគ្នា។
ក្រៅពីនេះ នៅមានរឿងក្លែងបន្លំច្រើនទៀត ដូចជា ការកាត់តរូបភាពរបស់បុគ្គលណាម្នាក់យកទៅដាក់តភ្ជាប់នឹងខ្លួនសត្វឆ្កែជាដើម៖ «ប៉ុន្តែ ទោះបីវិជ្ជមានអវិជ្ជមានក៏ដោយ ក្នុងនាមយើងអ្នកលេងសង្គមហ្វេសប៊ុក យើងត្រូវតែមើល ហើយយកមកធ្វើការវិភាគហើយសិក្សា មានន័យថា យើងឃើញអវិជ្ជមានហើយ យើងបោះចោលទៅ ព្រោះពេលខ្លះរឿងខ្លះវាអវិជ្ជមានទេ ប៉ុន្តែដល់ពេលយើងតាមដានយូរៗទៅ រឿងហ្នឹងជាវិជ្ជមានដោយសារភាគីអ្នកដែលបង្ហោះរឿងហ្នឹង លាក់ប្រភពខ្លាចពីសុវត្ថិភាព»។
លោកបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ថា អ្នកនិយមលេងហ្វេសប៊ុក មានការកើនឡើងយ៉ាងច្រើន។ ក្រុមយុវវ័យ ដំបូងឡើយបានចូលរួមលេងហ្វេសប៊ុក ពួកគាត់មិនសូវចាប់អារម្មណ៍លើបរិបថសង្គមទេ គឺលេងសម្រាប់ឆ្លងឆ្លើយ បង្ហោះរូបថត វីដេអូ អួតប្រាប់គ្នាទៅវិញទៅមក។ ប៉ុន្តែពេលនេះ ក្រុមយុវវ័យបានងាកទៅចាប់អារម្មណ៍លើបញ្ហាសង្គមជាតិវិញ៖ «មានសេដ្ឋកិច្ចមាននយោបាយអ៊ីចឹង គាត់ចាប់ផ្ដើម ព្រោះគាត់យល់ឃើញថា ហ្វេសប៊ុកផ្ដល់ព័ត៌មានទាន់លឿន ហើយនិយាយច្បាស់ ហើយដឹងពីបរិបថសង្គមពិតៗទៀត ប៉ុន្តែនៅក្នុងទូរទស្សន៍ គឺគេនិយាយតែរឿងល្អ ហើយខ្ញុំឃើញមានការចាប់អារម្មណ៍ខ្លាំងនៅពេលដែលសហគមន៍បឹងកក់ សហគមន៍បុរីកីឡា គាត់ចាប់ផ្ដើមតវ៉ាអី គាត់បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកឃើញ»។
ការយល់ដឹងពីសង្គមហ្វេសប៊ុក មិនមែនមានសម្រាប់តែក្រុមយុវវ័យទេ ឥឡូវនេះ មនុស្សចាស់ក៏នាំគ្នាប្រើហ្វេសប៊ុកដូចគ្នាដែរ ប៉ុន្តែពួកគេភាគច្រើនបានលាក់បាំងអត្តសញ្ញាណ មិនឲ្យប្រិយមិត្តផ្សេងបានដឹង បានស្គាល់នោះទេ។ បច្ចុប្បន្ន អ្នកប្រើហ្វេសប៊ុក បានលេចចេញមកស្ទើរគ្រប់ទីកន្លែងនៅក្នុងសង្គមកម្ពុជា។ ក្នុងនោះមាន អ្នកនិយមបញ្ហាសង្គម អ្នកនិយមនិន្នាការនយោបាយ ហើយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានចូលនៅក្នុងសង្គមហ្វេសប៊ុកនេះដែរ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក ជាអ្នកពេញនិយមក្នុងការប្រើហ្វេសប៊ុក ថ្លែងថា នៅក្នុងសង្គមហ្វេសប៊ុក លោកមានការប្រុងប្រយ័ត្នចំពោះការប្រើពាក្យសម្ដី និងខ្លឹមសារនៃការធ្វើអត្ថាធិប្បាយ។ ក្នុងន័យនេះ លោកបានចូលរួមដើម្បីទទួលយកព័ត៌មានមកគិតពិចារណា រកខុសត្រូវ និងបានដឹងពីការវិវឌ្ឍន៍របស់សង្គមកម្ពុជា៖ «ការប្រើហ្វេសប៊ុកនេះ វាស៊ីសងនឹងមនុស្សទេ។ តើយើងចេះយកចំណេញផលប្រយោជន៍ពីវារបៀបណា ឬក៏គុណសម្បត្តិ និងគុណវិបត្តិ? អ៊ីចឹង យើងរើសយកតែគុណសម្បត្តិមកអនុវត្ត មកប្រើប្រាស់ខ្លួនយើងបានហើយ គុណវិបត្តិ យើងទាត់ចោលអ៊ីចឹង។ អ៊ីចឹងយើងដឹងព័ត៌មានពិត ឬមិនពិត សភាពការណ៍សព្វថ្ងៃ យើងដឹង តើដូចទូរទស្សន៍ និងវិទ្យុយើងស្ដាប់ទៅនិយាយពិត ឬមិនពិត យើងដឹងតើសព្វថ្ងៃហ្នឹង»។
លោក ស៊ុន តឹក អត្ថាធិប្បាយថា ការដែលមនុស្សទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងគ្រប់ទីកន្លែង អាចធ្វើឲ្យពួកគេមើលឃើញពិភពលោកទាំងមូល។ លោកថា គុណសម្បត្តិ និងគុណវិបត្តិដែលកើតចេញមកពីការប្រើប្រាស់សង្គមហ្វេសប៊ុក វាអាស្រ័យលើមនុស្សជាអ្នកប្រើប្រាស់វាតែប៉ុណ្ណោះ៖ «ដូចជាអ្នកខ្លះកាត់ក្បាលអ្នកណាមួយមកដាក់ក្នុងខ្លួនឆ្កែ ឬក៏យកទៅដាក់ស្រីស្អាតអីទៅ វាអត់ល្អទេ ហើយអ្នកហ្នឹងខ្ញុំថាមិនមែនជាមនុស្សដែលអភិវឌ្ឍទៅកើតទេ ព្រោះយកវីរជនខ្លះ ទោះបីស្អប់គេយ៉ាងណាក៏ដោយ យើងត្រូវប្រើពាក្យឲ្យសមរម្យ»។
ប៉ុន្តែ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា ប្រព័ន្ធសង្គមហ្វេសប៊ុក បានធ្វើឲ្យមាននិន្នាការនយោបាយបក្ខពួកផ្សេងគ្នា។ ពួកគេបានបញ្ចេញមតិកាន់ជើងគណបក្សនយោបាយដែលពួកគេគាំទ្ររៀងៗខ្លួន។ បញ្ហានេះ អាចឈានដល់ការបន្ទោសបង្អាប់ និងបង្កើតជាទំនាស់។ លោកគិតថា ការបញ្ចេញយោបល់ វាជាសិទ្ធិសេរីភាពរបស់បុគ្គលក៏ពិតមែន ប៉ុន្តែនៅពេលមានយោបល់ពីរប្រឆាំងគ្នា នាំឲ្យមានជម្លោះកើតឡើង ហើយបរិបថនេះលោកចាត់ទុកថា កម្ពុជា កំពុងដើរខុសពីលទ្ធិប្រជាធិបតេយ្យ ពុំបាននាំប្រទេសជាតិឲ្យមានសេចក្ដីសុខសាន្តនោះទេ។
លោកយល់ថា ប្រជាធិបតេយ្យក្លាយទៅជាលទ្ធិមួយធ្វើឲ្យមានការបែងចែកពណ៌សម្បុរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ហើយការបង្រួបបង្រួមជាតិ ហាក់បីដូចនៅឆ្ងាយពីប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន៖ «ការបញ្ចេញយោបល់ គួរមើលឲ្យសមហេតុសមផល ចៀសវាងដើម្បីបង្កការបែកបាក់នៅក្នុងជាតិយើង។ ហេតុអ្វីបានជាស្រឡាញ់ប្រជាធិបតេយ្យ ក្លាយទៅជាការរើសអើងពណ៌សម្បុរទៅវិញ? ហេតុអ្វីបានជាយើស្រឡាញ់សន្តិភាពស្រឡាញ់សេរីភាព ទៅជាឈ្លោះគ្នា? ខ្ញុំអត់យល់? បើស្រឡាញ់ប្រជាធិបតេយ្យ ហើយទៅកាប់ចាក់គ្នាបែកបាក់គ្នាទៅជាពីរ វាអត់មានផ្លែផ្កាទៅជាប្រជាធិបតេយ្យទេ»។
លោកបន្តថា បច្ចុប្បន្នមានក្រុមមនុស្សមួយចំនួនបានប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមហ្វេសប៊ុក ទៅជាកន្លែងឈ្លោះគ្នា ជាទីកន្លែងជេរដៀលត្មះគ្នាទៅវិញទៅមក មិនបានផ្ដល់ប្រយោជន៍ដល់សង្គមនោះឡើយ។
ប៉ុន្តែ លោកបណ្ឌិត សុខ ទូច ជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ និងជាអ្នកប្រើប្រាស់ហ្វេសប៊ុកដែរនោះយល់ថា ហ្វេសប៊ុកបច្ចុប្បន្នកំពុងជួយដល់សង្គមកម្ពុជា បានច្រើន។ មានរឿងខ្លះ លោកមិនអាចបញ្ចេញមតិយោបល់គំនិតតាមបណ្ដាញផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ វិទ្យុបាន លោកយកហ្វេសប៊ុកនេះមកប្រើ ដើម្បីបញ្ចេញគំនិតយោបល់របស់ខ្លួន។ ផលវិជ្ជមានក្នុងការប្រើប្រាស់សង្គមហ្វេសប៊ុក លោក សុខ ទូច គិតថា មាន ៥ចំណុច។ ដូចជាការទំនាក់ទំនងគ្នាមានភាពងាយស្រួល ការទទួលបានព័ត៌មានឆាប់រហ័ស ទាក់ទិនរឿងអាថ៌កំបាំងនៅគ្រាសេរីភាពសារព័ត៌មាននៅកម្ពុជា មានកម្រិត ភាពងាយស្រួលក្នុងការទាក់ទងគ្នាត្រង់ទៅត្រង់មកអស់ពីដូងចិត្ត និងចំណុចវិជ្ជមានចុងក្រោយ គឺការផ្ញើរឿងអាថ៌កំបាំងណាមួយដោយប្រើប្រាស់ក្នុងរយៈពេលខ្លី៖ «ប៉ុន្តែ សង្គមហ្វេសប៊ុកបានផ្តល់នូវតម្លៃគ្នាទៅវិញទៅមក ដូចជាការបម្លាស់ទីកងទ័ព គ្រោះថ្នាក់ចរាចរណ៍ ទាំងអស់វាល្អ ប៉ុន្តែបើអ្នកប្រើហ្នឹងគ្មានក្រមសីលធម៌ ប្រើលក្ខណៈផ្សេងបាត់បង់ការសិក្សា បង្កើតនូវភាពមិនប្រក្រតី ជួនកាលទៅបញ្ចេញនូវឯកសារដែលធ្វើឲ្យបាត់បង់នូវភាពថ្លៃថ្នូរ»។
រីឯចំណុចអវិជ្ជមានវិញ លោក សុខ ទូច គិតថា អាចកើតមានឡើងលើអ្នកមិនចេះប្រើហ្វេសប៊ុក ហើយពួកគេបានប្រើប្រាស់ក្នុងផ្លូវទំនាក់ទំនងស្នេហា ធ្វើឲ្យបាត់បង់ពេលវេលាសិក្សា អ្នកខ្លះប្រើប្រាស់ខ្វះក្រមសីលធម៌ ជេរដៀលត្មះគ្នាតាមប្រព័ន្ធហ្វេសប៊ុក។ អ្នកខ្វះក្រមសីលធម៌មួយចំនួនទៀត គឺប្រើសង្គមហ្វេសប៊ុក ឲ្យក្លាយជាអាវុធតស៊ូនៅក្នុងបុព្វហេតុនយោបាយ។ លោកថា ថ្មីៗនេះគេសម្គាល់ឃើញសង្គមហ្វេសប៊ុក បានបំពេញតួនាទីពីរនៅក្នុងសង្គមកម្ពុជា។ តួនាទីមួយ ផ្ដល់ព័ត៌មាន តួនាទីមួយទៀត បំភ្លៃព័ត៌មានទាក់ទិនរឿងនយោបាយដែលពួកគេចង់បាន។
ទោះយ៉ាងណា លោកបណ្ឌិត សុខ ទូច កត់សម្គាល់ថា ការប្រើសង្គមហ្វេសប៊ុក មានសន្ទុះកាន់តែកើនឡើងខ្លាំង។ មូលហេតុដោយសារសារព័ត៌មានពុំមានព្រំដែនច្បាស់លាស់ និងដោយសារក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅមានកម្រិត៖ «អ្នកលេងហ្វេសប៊ុកម្នាក់អាចបង្កើតឈ្មោះនៅក្នុងប្រព័ន្ធហ្វេសប៊ុកពីរទៅបីឈ្មោះ ទាំងផ្លូវការ និងមិនផ្លូវការ ប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន។ នៅថ្ងៃអនាគត ចរន្តរីកលូតលាស់នៃសង្គមហ្វេសប៊ុកកាន់តែមានសន្ទុះខ្លាំងជាងបច្ចុប្បន្ន ហើយសន្ទុះនេះអាចធ្វើឲ្យមានការព្រួយបារម្ភទាក់ទិនលើការប្រើហ្វេសប៊ុកជាមធ្យោបាយសម្រាប់ជេរ ញុះញង់គ្នា បង្កើតកំហឹងដាក់គ្នា»។
លោកសង្កត់ធ្ងន់ថា ប្រការនេះធ្វើឲ្យកម្ពុជា ត្រូវត្រៀមខ្លួនបង្កើតច្បាប់គ្រប់គ្រងសង្គមហ្វេសប៊ុក ប៉ុន្តែ កម្ពុជា អាចបង្កើតច្បាប់គ្រប់គ្រងសង្គមហ្វេសប៊ុកទៅបាន លុះត្រាណាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានក្រមសីលធម៌ និងមិនមានភាពលម្អៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
