ទិដ្ឋភាព​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ឆ្នាំ​២០១៤

មនុស្ស​ម្នា​ជាច្រើន ជាពិសេស​យុវជន បាន​នាំ​គ្នា​ទិញ​ផ្កា​ជូន​អ្នក​ដែល​ខ្លួន​ស្រឡាញ់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់។

កន្លង​មក យុវជន​មួយ​ចំនួន​បាន​យល់​ថា ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ គឺ​ជា​ថ្ងៃ​បូជា​ខ្លួន​ប្រាណ​ជូន​សង្សារ។ ក៏ប៉ុន្តែ អ្នក​សង្កេតការណ៍​សង្គម​បាន​អះអាង​ថា សកម្មភាព​ទិញ​ផ្កា និង​ការ​បូជា​ខ្លួន​ប្រាណ​ជូន​សង្សារ​នៅ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់ ឆ្នាំ​២០១៤ នេះ បាន​ថយ​ចុះ​ច្រើន​ប្រៀបធៀប​ឆ្នាំ​មុនៗ ដោយសារ​យុវជន​ភាគ​ច្រើន​បាន​យល់​អត្ថន័យ​នៃ​ថ្ងៃ​បុណ្យ​នេះ និង​ដោយសារ​មាន​ការ​អប់រំ​ពី​មជ្ឈដ្ឋាន​នានា​ជាច្រើន​ឲ្យ​យុវជន​យល់​ដឹង។

ជាអាទិ៍ នៅ​មុន​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ អំពាវនាវ​ដល់​យុវជន មាតា​បិតា​សិស្ស ឲ្យ​អប់រំ​កូន​ចៅ​កុំ​ឲ្យ​ភ្លើតភ្លើន​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​កាល​មុន​គេ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ​នេះ។ សេចក្ដី​អំពាវនាវ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រំឭក​ឲ្យ​យុវជន​ខ្មែរ​កុំ​ឲ្យ​ងប់ងុល​នឹង​វប្បធម៌​បរទេស​ពេក ហើយ​ចេះ​ស្រឡាញ់ និង​រក្សា​ប្រពៃណី​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​ថ្កុំថ្កើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។