ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចការពារសុវត្ថិភាពព្រះកាយរបស់ព្រះអង្គ ដោយសារមានមន្ត្រីនគរបាលខេត្តចំនួន ៦នាក់ បាននាំគ្នាទៅគំរាមអ្នកស្រុកវ៉ារិន និងអ្នកស្រុកអង្គរធំ កាលពីថ្ងៃទី២៩ ខែមករា។
ព្រះអង្គមានថេរដីកាថា ក្រុមប៉ូលិសទាំងនោះបានហាមមិនអោយពលរដ្ឋ ឬព្រះសង្ឃដទៃទៀតចូលរួមស្ដាប់ការថ្លែងរបស់ព្រះអង្គទាក់ទិននឹងបញ្ហាព្រៃឈើ បញ្ហាបោះឆ្នោត និងបញ្ហាសង្គមផ្សេងៗទៀតនោះឡើយ។
ព្រះតេជព្រះគុណអះអាងថា សមត្ថកិច្ចព្រមាន បើមិនស្ដាប់តាមពួកគេទេ អាចនឹងមានគ្រោះថ្នក់ទាំងអស់គ្នា៖ «ប៉ូលិសតាម ៦នាក់ ឲ្យអាត្មាទៅម្សិលមិញ ល្ងាចម៉ោងប្រហែល ៥ ហ្នឹង ពេលអាត្មាចេញផុតពីព្រៃ ពេលនោះប៉ូលិសបានចូលទៅគំរាមនៅតំបន់ហ្នឹង ហើយប្រទាក់ក្រឡាគ្នា ព្រឹកឡើងគេឡើងទៅមើលម្ដងទៀត។ គេទៅតាមមើលដល់ស្រុកកំណើតរបស់អាត្មាដែរ គឺក្រុមប៉ូលិសឃុំហ្នឹង។ គេទៅគំរាមចំឈ្មោះអាត្មាហើយ គេហាម ប្រសិនបើអ្នកនៅនឹងព្រៃហ្នឹង ហ៊ានចូលរួមទៀត នោះនឹងមានគ្រោះថ្នាក់ហើយ»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃដែលតែងរិះគន់ធ្ងន់ៗដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយព្រះអង្គក៏ជាសកម្មជនការពារបរិស្ថានដ៏សកម្មមួយអង្គដែលជារឿយៗ តែងប៉ះទង្គិចជាមួយអាជ្ញាធរក្នុងករណីឃ្លាំមើលការបំផ្លាញព្រៃឈើ និងការពន្យល់អំពីបញ្ហាបោះឆ្នោត និងបញ្ហានយោបាយរបស់ប្រទេស។
ជាងនេះទៅទៀត ព្រះអង្គក៏ធ្លាប់ជាមនុស្សដែលស្និទ្ធស្នាលជាមួយនឹងលោកបណ្ឌិត កែម ឡី មុនពេលលោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កាលពីពេលថ្មីៗនេះ ក៏បានបដិសេធទទួលយកមេដាយកិត្តិយសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយព្រះអង្គក៏ធ្លាប់បានចេញមុខជំរុញអោយអាជ្ញាធរចាប់ខ្លួនមន្ត្រីអាជ្ញាធរអប្សរាពីររូប ពីបទកាប់ឈើគ្រញូងដែលមានអាយុកាលជាង ២០០ឆ្នាំ ខុសច្បាប់ក្នុងបរិវេណអង្គរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
