កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ ដាក់ពង្រាយការពារគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ខេត្ត ដែលចុះវាស់វែងបែងចែកកន្លែងលក់ដូរសេរីនៅផ្សារលើ នៅរសៀលថ្ងៃទី២១ ខែតុលា។
អាជីវករលក់សាច់ជ្រូកម្នាក់ អ្នកស្រី សាយ សុឃីម មានប្រសាសន៍ថា អាជ្ញាធរដាក់ពង្រាយទាហាន និងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ដើម្បីគំរាមអាជីវកររយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ នៅពេលចុះវាស់វែងកន្លែងលក់ដូរ។ អ្នកស្រីថា អាជ្ញាធរបានវាស់ទំហំដីធ្វើតូបជាង ១ម៉ែត្រការ៉េ ដែលទំហំនេះតូចពេក និងអង្គុយលក់ដូរស្ទើរងាកខ្លួនមិនរួច។ ក្រុមអាជីវករភាគច្រើន មិនពេញចិត្ដនឹងការបែងចែកនេះទេ៖ «តើខ្ញុំដាក់សាច់ជ្រូករបស់ខ្ញុំយ៉ាងម៉េចកើត? ខ្ញុំដាក់តែជ្រញ់ខ្ញុំក៏មិនកើតដែរ! ពួកគាត់ធ្វើនេះអយុត្តិធម៌ហួសហេតុពេកហើយ ជាន់ឈ្លានបំពាន។ អ្វីដែលជាសំណូមពរ គឺពួកខ្ញុំទាំងអស់គ្នា សូមពីរម៉ែត្របួនជ្រុងវិញ សុខចិត្តកាត់បន្ថយកន្លែងម្នាក់ ១ម៉ែត្រឲ្យ។ ចំពោះអាជីវករថ្មី សំណូមពរចែកឲ្យយើងជាអាជីវករចាស់គ្រប់គ្នាម្នាក់ ២ម៉ែត្របួនជ្រុង ហើយលក់កន្លែងដដែល រួចសល់ប៉ុន្មាន ចាំរៀបចំអាជីវករថ្មីទៅចុះ គ្មាននរណាទៅតវ៉ាប្រឆាំងអីទេ»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពផ្សារលើ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា ការដាក់កម្លាំងការពារច្រើនបែបនេះ គឺដោយសារអាជីវករឈ្លោះប្រកែកគ្នា និងរំខានដល់ការអនុវត្តការងារចុះវាស់វែង។ លោកថា នៅក្នុងសប្ដាហ៍ទី៥ នៃខែតុលា គណៈកម្មការនឹងអញ្ជើញអាជីវករទាំងអស់ឲ្យចូលរួមពិភាក្សា និងដោះស្រាយបញ្ហារួមគ្នាទាំងអស់។
ក្រុមអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូង និងខាងជើងផ្សារលើជាង ៤០០តូប បានផ្អាកលក់ដូររបស់ខ្លួនតាំងពីខែឧសភា ឆ្នាំ២០១៤ ដើម្បីឲ្យគម្រោងចៃកា (JICA) នៃប្រទេសជប៉ុន ស្ថាបនាប្រព័ន្ធលូរំដោះទឹក និងក្រាលការ៉ូឡា។ រយៈពេលជិតមួយឆ្នាំក្រោយស្ថាបនារួច ក្រុមអាជីវករនាំគ្នាលួចចូលលក់ដូររបៀបឆក់កណ្ដៀត និងប្រជ្រៀតគ្នា ដោយអាជ្ញាធរដេញមិនឲ្យលក់ និងរង់ចាំការបែងចែកកន្លែងជាថ្មីរួចរាល់សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
