អាជីវករ កសិករ និងសហគ្រិនមួយចំនួនក្នុងខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការធ្លាក់ចុះនៃប្រាក់ចំណូល បន្ទាប់ពីអាជ្ញាធរបានប្ដូរទីតាំងលក់ដូរថ្មី។ ស្របគ្នានេះ បញ្ហាសង្វាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្ម បង្ហាញសញ្ញាអវិជ្ជមាននៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ នេះ។ ក្រុមអាជីវករចាត់ទុកបញ្ហាទាំងនេះ ថាកាត់ផ្តាច់ដង្ហើមប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ ដែលនឹងជំរុញឲ្យពួកគេក្លាយទៅជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ លើសពីនេះ ក៏ត្រូវប្រឈមខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬអាចត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
ក្រុមអាជីវករ សិប្បករ ពាណិជ្ជករ និងសហគ្រិន ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង នៅរយៈពេលជិត ២ឆ្នាំកន្លងមក គឺក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ថាជាឆ្នាំបរាជ័យសម្រាប់ការស្វែងរកប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ បើប្រៀបធៀបនឹងបណ្ដាឆ្នាំកន្លងទៅ។ ក្រុមអាជីវករទាំងនោះ ចាត់ទុកការអភិវឌ្ឍក្រុងទាក់ទិនការផ្លាស់ប្ដូរផ្សារត្រី សាច់ បន្លែ ទៅលក់នៅទីតាំងថ្មីថាជាកត្តារួមផ្សំមួយ បង្កឲ្យពួកគេធ្លាក់ចុះប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារយ៉ាងគំហុក ដោយសារតែទីតាំងលក់ដូរថ្មីនោះ ពុំសូវមានអតិថិជនទៅទិញ និងឆ្ងាយពីទីប្រជុំជន។
ម្ចាស់សហគ្រិនអាហារដ្ឋានកូរេបី អ្នកស្រី វី ដានី ហៅ នីស្សា មើលឃើញថា ក្រុមអាជីវករ កសិករ សហគ្រិន និងពលរដ្ឋនៅខេត្តស្ទឹងត្រែង បើមើលពីខាងក្រៅហាក់មានសភាពធម្មតា ក៏ប៉ុន្តែធាតុពិតនៅក្នុងអារម្មណ៍របស់ពួកគេ បង្កប់ខ្លឹមសារក្តីព្រួយបារម្ភ ដោយសារតែការស្វែងរកប្រាក់ចំណូលកាន់តែធ្លាក់ចុះ។ អ្នកស្រីជឿជាក់ថា ប្រសិនបើអាជ្ញាធរខេត្តមិនមានវិធានការស្វែងរកទីតាំងលក់ដូរថ្មី ដើម្បីធានានិរន្តរភាពតម្រូវការអតិថិជន អាជីវករ កសិករ និងសហគ្រិនមួយចំនួន នឹងប្រឈមការបាត់បង់ដីធ្លីផ្ទះសម្បែង ដោយសារត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិទាំងនោះ ដើម្បីបង្វិលសងធនាគារ ឬមីក្រូហិរញ្ញវត្ថុ៖ «ចាប់ផ្ដើមអេលក់មិនដាច់ ហើយយើងត្រូវការប្រើកម្មករឈ្នួលទៅរកលុយណាឲ្យគេ។ មិត្តភ័ក្ដិខ្ញុំបើកហាងប៉ុន្មាននាក់ដែរ ពីភ្នំពេញធ្វើគ្រឿងស៊ីផឹកមួយរយៈហ្នឹង បើកបានប៉ុន្មានខែចំពេលគេបិទឈើ គេបះជើង»។
ក្រុមអាជីវករដែលលក់ដូរតាមចិញ្ចើមផ្លូវ សម្ដែងក្តីព្រួយបារម្ភដូចៗគ្នាថា ការផ្លាស់ប្ដូរទីតាំងលក់ដូរថ្មីទៅជាយក្រុង ដែលស្ទើរតែពុំមានអ្នកទិញ បង្កជាគុណវិបត្តិយ៉ាងខ្លាំងដល់ក្រុមអាជីវករលក់ត្រី សាច់ បន្លែ ប្រមាណជិត ១ពាន់នាក់ ហើយត្រូវប្រឈមការចងការប្រាក់ឯកជន ធនាគារ និងមីក្រូហិរញ្ញវត្ថុ។ បញ្ហាទាំងនេះ បណ្ដាលឲ្យក្រុមអាជីវករមួយចំនួន បង្ខំចិត្តលក់ដូរតាមចិញ្ចើមផ្លូវ ដែលប្រឈមការបណ្ដេញចេញដោយសមត្ថកិច្ច៖ «ក្រុង-ខេត្តហ្នឹង ដេញទៅរប៉ាត់រប៉ាយ ខ្លះទៅខ្ចីលុយធនាគារ ស្រាប់តែដេញទៅគាត់ត្រូវជំពាក់ធនាគារ អត់មានអីសងធនាគារ។ រាល់ថ្ងៃមិនមែនជារឿងធម្មតាទេ។ សូមឲ្យសាលាក្រុងគាត់ពិចារណា ឲ្យមានសោភ័ណភាពក្រុង គាត់ត្រូវគិតពីក្រពះប្រជាជនជាមុនសិន។ ដល់យើងអត់ហើយអាល័យខ្ចីពីជើងពីត្បូង រឹតតែវ័ណ្ឌកទៀតរាល់ថ្ងៃហ្នឹង អត់មានអីទេ តែបើគេដេញក៏រត់ទៅ បើគេមិនដេញក៏លក់តាមហ្នឹងទៅ។ ដល់ខែប៉ះយើងលក់អត់ដាច់ចឹងទៅ យើងមានលុយណាបង់ឲ្យគេ បើដេញរប៉ាត់រប៉ាយ រាល់ដងបើលក់បន្ធូរបន្ថយ យើងលក់បាន យើងមានលុយបង់ឲ្យគេ ហើយណាមួយ យើងត្រូវជីវភាពគ្រួសារផង គេថ្នាក់លើគេអត់ដឹងទេ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ការរីកចម្រើននៃចរន្តសេដ្ឋកិច្ចក្នុងខេត្តនេះ គឺបានមកពីសង្វាក់ផលិតកម្មឈើប្រណិត និងគ្រឿងសង្ហារិម ធនធានជលផល វិស័យកសិកម្មឧស្សាហកម្ម រួមមាន ផលដំឡូងមី គ្រាប់ស្វាយចន្ទី កៅស៊ូ និងសណ្ដែកសៀង ជាដើម ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចរន្តសេដ្ឋកិច្ចឈើប្រណិត ឬគ្រឿងសង្ហារិមហាក់ដូចជាមានសភាពកាន់តែខ្សត់បន្តិចម្តងៗ ខណៈដែលក្រុមហ៊ុនវិនិយោគធំៗ បានបោះទុនវិនិយោគដីសម្បទានសេដ្ឋកិច្ច និងមានថៅកែជនជាតិវៀតណាម និងជនជាតិចិន បានវិនិយោគឈើប្រណិតកាន់តែកើនឡើង បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនហាក់ពុំសូវរកប្រាក់ចំណូលបានពីវិស័យនេះជាដុំកំភួនឡើយ ពោលគឺអាចរកបានតែមួយក្រពះ។
នៅខេត្តស្ទឹងត្រែង មានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ជាង ១០ស្ថាប័ន មិនរាប់បញ្ចូលកន្លែងផ្តល់ប្រាក់កម្ចីជាលក្ខណៈគ្រួសារនោះទេ ដែលមានលទ្ធភាពផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋនៅខេត្តនេះរាប់ម៉ឺននាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ (AMK) សាខាខេត្តស្ទឹងត្រែង មានអតិថិជនជិត ៣ពាន់នាក់ បានផ្តល់ប្រាក់កម្ចីសម្រាប់ពលរដ្ឋក្នុងខេត្តភាគឦសានមួយនេះ ក៏បារម្ភពីវិបត្តិសេដ្ឋកិច្ចកើតមានចំពោះអតិថិជនរបស់ខ្លួនដែរ ក៏ប៉ុន្តែពុំមានបញ្ហាចោទធ្ងន់ធ្ងរចំពោះការបង្វិលប្រាក់សងនោះទេ។
ប្រធានសាខា អេ.អឹម.ខេ ខេត្តស្ទឹងត្រែង លោក សៀង រ៉ូតា កត់សម្គាល់ថា បើទោះជាវិបត្តិសេដ្ឋកិច្ចដែលកើតមានចំពោះអតិថិជនរបស់ខ្លួនក្តី ក៏ភាពយឺតយ៉ាវនៃការបង្វិលប្រាក់សងចំពោះកូនបំណុលនៅមានតិចតួចនៅឡើយ៖ «មុននឹងឲ្យកម្ចីដល់គាត់ យើងវិភាគច្បាស់លាស់ទៅលើប្រាក់ចំណូលគាត់។ ដល់ពេលបង់សង អត់មានប៉ះពាល់ដល់លទ្ធភាពបង់សងរបស់គាត់ទេ»។
ខេត្តស្ទឹងត្រែង មានផ្ទៃដីវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន៩ ដែលមានផ្ទៃដីសរុបជាង ៦៤ម៉ឺនហិកតារ (៦៤.៨៦២ហិកតារ) ធ្វើការដាំដុះដោយគិតចាប់ពីឆ្នាំ២០១៥ នេះ លើផ្ទៃដីចំនួនជាង ១ម៉ឺន ៧ពាន់ហិកតារ (១៧.៥៥១ហិកតារ)។ ផ្ទៃដីកសិកម្មសរុបចំនួនជិត ៣ម៉ឺនហិកតារ (២៨.៦៨៩ហិកតារ)។ ដំណាំរួមផ្សំមានជិត ៥ពាន់ហិកតារ (៤.៨៧៥ហិកតារ)។ ដំណាំឧស្សាហកម្ម ដូចជា ស្វាយចន្ទី និងសណ្ដែកសៀង ជាដើម មានជាង ២ម៉ឺនហិកតារ (២១.០១៤ហិកតារ)។ ដំណាំកៅស៊ូសរុបចំនួនជាង ១ម៉ឺន ៧ពាន់ហិកតារ ក្នុងនោះកៅស៊ូជាលក្ខណៈគ្រួសារមានចំនួនជាង ៤ពាន់ហិកតារ (៤.១៨៤ហិកតារ)។

ទទួលស្គាល់ពីការធ្លាក់ចុះតម្លៃទីផ្សារនៃផលិតផលកសិកម្មនេះ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលមកពីគណបក្សសង្គ្រោះជាតិ លោក ពុយ ចាន់ថាឡា កត់សម្គាល់ថា ការអភិវឌ្ឍក្រុង ដូចជាការផ្លាស់ប្ដូរទីតាំងលក់ដូរថ្មី គឺមិនស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយក៏មិនបានឆ្លងយោបល់ពីក្រុមប្រឹក្សាខេត្តដែរ។ លោកមើលឃើញថា ការអភិវឌ្ឍរបស់អាជ្ញាធរខេត្ត-ក្រុង មិនមានប្រសិទ្ធភាព ត្បិតមិនសិក្សាពីតម្រូវការអាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ បង្កឲ្យក្រុមអាជីវករមួយចំនួន បង្ខំចិត្តលក់តាមចិញ្ចើមថ្នល់ ជុំវិញផ្សារថ្មីខេត្ត ដោយសារពួកគេពុំមានជម្រើស។ លោកយល់ថា ប្រសិនបើអាជ្ញាធរខេត្តនៅតែមានៈ ព្រងើយកន្តើយមិនស្វែងរកទីកន្លែងលក់ដូរណាដែលធានាពីកំណើននៃប្រាក់ចំណូលដល់ក្រុមអាជីវករនោះទេ វិបត្តិសេដ្ឋកិច្ចគ្រួសារនឹងចាក់ឫសកាន់តែជ្រៅ ហើយយុទ្ធសាស្ត្រកាន់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល នឹងកាន់តែទន់ខ្សោយ៖ «ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដូចជាអភិវឌ្ឍអត់ស្របតាមឆន្ទៈប្រជាពលរដ្ឋនោះទេ។ ឧទាហរណ៍ថា ផ្សារដឹងតែចង្អៀត តែគេចង់ទៅលក់នៅដីព្រះរាជដំណាក់ស្ដេច ដែលដីទំនេរ ដែលឯកឧត្តម ឡូយ សុផាត ចាក់ដីយកនោះណា។ អភិបាលគាត់អត់បានធ្វើហ្នឹងទេ បែរជាទៅដាក់នៅដីរបស់លោកឧកញ៉ា សា លាង នោះ ហើយអនុម័តក៏មិនឆ្លងយោបល់ក្រុមប្រឹក្សាខេត្តទៀត»។
ទោះយ៉ាងណា ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោក ទូច ធា ទទួលស្គាល់ថា បញ្ហាការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងបង្កវិបត្តិយ៉ាងធំដល់ការបង្កបង្កើនផលដល់កសិករមួយចំនួនធំក្នុងខេត្តនេះ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរកសិកម្មបានណែនាំឲ្យកសិករស្វែងរកពូជស្រូវចំនួន ១០ប្រភេទ ដែលធានាការប្រែប្រួលអាកាសធាតុ និងធ្វើកសិកម្មផ្អែកលើបញ្ហាបច្ចេកទេស ដើម្បីទទួលទិន្នផលស្រូវខ្ពស់ ក៏ប៉ុន្តែកសិករមួយចំនួនធំ ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់ធ្វើកសិកម្ម ពោលគឺពួកគេធ្វើកសិកម្មពឹងផ្អែកទាំងស្រុងលើមេឃ ឬធនធានធម្មជាតិ បញ្ហានេះក៏ជាផ្នែកមួយធ្វើឲ្យកសិករជាច្រើន បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ៖ «ផលិតផលកសិកម្ម បើយើងធ្វើឯកោតែឯង មិនងាករកបច្ចេកទេសជួយទេ យើងមិនបានផលទេ។ ទៅកាប់ឈើដាក់គុកនៅតែកាប់អ៊ីចឹង ព្រោះអត់អីស៊ី បើយើងជួយជំរុញឲ្យគាត់បង្កើនកសិផលដំណាំ គាត់បានស្រូវច្រើន គាត់អត់សូវប្រព្រឹត្តទេបទល្មើស»។
ករណីនេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ យល់ឃើញថា រដ្ឋាភិបាល ឬអាជ្ញាធរខេត្ត គួរតែសើរើឡើងវិញ ដើម្បីស្វែងរកលទ្ធភាពផ្តល់ប្រយោជន៍ដល់ក្រុមអាជីវករ និងកសិករដែលកំពុងមានវិបត្តិនោះ ដើម្បីស្របតាមគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ លោកបារម្ភថា ប្រសិនបើបណ្តោយឲ្យស្ថានភាពនេះនៅតែកើតឡើងដដែល ផលប៉ះពាល់នឹងកាន់តែមានលក្ខណៈជាប្រព័ន្ធ។ លោកថា រាជរដ្ឋាភិបាលត្រូវជំរុញការអភិវឌ្ឍពិតប្រាកដ ដើម្បីធានានិរន្តរភាពកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដោយផ្ដោតលើយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ៖ «ការអភិវឌ្ឍនានាត្រូវធានាឲ្យបាននូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយភាពក្រីក្រ ប៉ុន្តែបើការអភិវឌ្ឍមួយដែលធ្វើឲ្យពលរដ្ឋឈឺចាប់ ផ្លាស់ទីពីកន្លែងសម្បូរធនធាន ពីកន្លែងដែលការរកចំណូលល្អទៅជាកន្លែងខ្វះខាត។ ខ្ញុំគិតថា នេះជាការអភិវឌ្ឍមួយកំពុងតែដើរបញ្ច្រាសទៅនឹងគោលនយោបាយថ្នាក់ជាតិហើយ។ បន្ទុកនៃភាពក្រីក្រសម្រាប់អ្នកក្រកើនឡើង ហើយវាមានផលប្រយោជន៍សម្រាប់អ្នកមានមួយក្តាប់តូចតែប៉ុណ្ណោះ»។
យ៉ាងនេះក្តី ប្រជាពលរដ្ឋទាំងអាជីវករ កសិករ និងសហគ្រិន ផ្តល់ទស្សនៈផ្ញើជូនរដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់ចុះមូលដ្ឋាន សិក្សាធ្វើយ៉ាងណាដើម្បីជំរុញអាជ្ញាធរខេត្តផ្តល់លទ្ធភាពស្វែងរកទីតាំងលក់ដូរថ្មី ដែលធានាពីការបង្កើនប្រាក់ចំណូល និងបំពេញសេចក្តីត្រូវការដល់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
