ក្រុមអាជីវករផ្សារត្រីបន្លែ ក្រុងស្ទឹងត្រែង អះអាងថា ពួកគេត្រូវបង្ខំចិត្តលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារថ្មខេត្ត ទោះរងការបណ្ដេញចេញដោយអាជ្ញាធរ ដោយសារតែខ្វះកន្លែងលក់ដូរ។ ចំណែកទីតាំងលក់ដូរថ្មីនៅឆ្ងាយពីទីប្រជុំជន ស្ទើរពុំមានអតិថិជនទៅទិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ និងពិចារណារកទីតាំងលក់ដូរដែលស្របតាមឆន្ទៈអាជីវករ។
អាជីវករជាង ១០០នាក់ក្នុងចំណោមអាជីវករជិត ១ពាន់នាក់ លក់ត្រីសាច់បន្លែ សម្លៀកបំពាក់តាមរទេះចល័ត ខ្លះជួលសំយាបផ្ទះដើម្បីលក់ជុំវិញផ្សារ ខ្លះទៀតលក់តាមចិញ្ចើមថ្នល់ ជំនួសឲ្យការទៅលក់ដូរនៅកន្លែងថ្មី ទោះបីត្រូវប្រឈមសមត្ថកិច្ចបណ្ដេញ។
តំណាងអាជីវករផ្សារត្រីសាច់បន្លែ លោក ព្រំ សំអឿន អះអាងថា ការសម្រេចចិត្តលក់ដូរតាមចិញ្ចើមផ្លូវបែបនេះ ព្រោះខ្វះកន្លែងលក់ដូរ ហើយទីកន្លែងលក់ដូរថ្មីពុំមានអតិថិជនទៅទិញ និងឆ្ងាយពីទីប្រជុំជនប្រហែល ៣គីឡូម៉ែត្រ។ ចំណែកការលក់ដូរនៅទីតាំងថ្មីនោះ ក្នុងមួយថ្ងៃពុំអាចរកប្រាក់បានសូម្បីតែប្រាក់ ១ម៉ឺនរៀល។ ដូច្នេះ គម្លាតនៃការលក់នៅទីតាំងចាស់ និងទីតាំងថ្មីមានលក្ខណៈឆ្ងាយដាច់ស្រឡះ។ លោកជឿជាក់ថា បើអាជ្ញាធរខេត្តនៅតែមានៈ ព្រងើយកន្តើយមិនស្វែងរកដំណោះស្រាយទេនោះ ចំនួននៃអ្នកលក់ដូរតាមចិញ្ចើមផ្លូវកាន់តែកើន បណ្ដាលឲ្យប៉ះពាល់សោភ័ណភាពក្រុង និងបរិស្ថានជាដើម៖ «គាត់រំពឹងថា ផ្សារហ្នឹងគាត់លក់បាន។ គាត់ខ្ចីលុយធនាគារដាក់លក់ហើយ។ គេរើទៅក្រៅក្រុងទៅគាត់ជំពាក់លុយគេ វាជះឥទ្ធិពលខ្លាំង។ រកផ្សារលក់មិនបាន ត្រូវដេញទៅជាយក្រុង ខ្លះទៅគាត់ជំពាក់លុយគេ វាជះឥទ្ធិពលខ្លាំង»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២៤ តុលា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា គោលការណ៍ណែនាំរបស់អាជ្ញាធរខេត្ត ឲ្យអាជ្ញាធរក្រុងរៀបចំបញ្ហានេះជាមួយម្ចាស់ភាស៊ីផ្សារស្ទឹងត្រែង លោកឧកញ៉ា សា លាង ធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ក្រុង ដោយអញ្ជើញអាជីវករផ្សារត្រីសាច់បន្លែទាំងអស់ ដែលលក់ដូរលើផ្លូវ និងសួនច្បារ ទៅលក់នៅទីតាំងថ្មីដែលក្រុមហ៊ុនបានរៀបចំកន្លែងលក់ដូរសមរម្យ៖ «យើងអញ្ជើញទៅលក់ផ្សារឧកញ៉ា សា លាង ទៅ ព្រោះថានៅកន្លែងនោះវាមិនមែនឆ្ងាយពីប្រជាពលរដ្ឋមកពីយើងលក់តិច យើងអត់នាំគ្នាទៅលក់អាអ្នកទិញក៏វាអត់មានគ្រប់»។
ដូចគ្នានេះដែរ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មកពីគណបក្សសង្គ្រោះជាតិ លោក ពុយ ចាន់ថាឡា រិះគន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមិនបានឆ្លងយោបល់ពីក្រុមប្រឹក្សាខេត្ត ផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។ លោកមើលឃើញថា គម្រោងអភិវឌ្ឍន៍ផ្សារនេះ ហាក់ដូចជាកាត់ផ្តាច់ដង្ហើមនៃការស្វែងរកប្រាក់ចំណូលរបស់អាជីវករជាប្រព័ន្ធ និងហាក់ដើរបញ្ច្រាសពីគោលនយោបាយក្រសួងមហាផ្ទៃ៖ «គាត់ចង់លក់នៅដីព្រះរាជដំណាក់ស្ដេច ដែលដីទំនេរដែលឯកឧត្តម ឡូយ សុផាត ចាក់ដីយកនោះណា។ អភិបាលគាត់អត់បានធ្វើហ្នឹងទេ បែរជាទៅដាក់នៅដីរបស់លោកឧកញ៉ា សា លាង នោះ។ ហើយអនុម័តក៏មិនឆ្លងយោបល់ក្រុមប្រឹក្សាខេត្តទៀត»។
កាលពីឆ្នាំ២០១៤ ក្រុមអាជីវករមួយចំនួនធំ បានចាប់ទីតាំងលក់ដូរថ្មីនៅបរិវេណដីព្រះរាជដំណាក់ស្ដេច ឋិតនៅភូមិព្រែក ស្របពេលដីនោះជាប់ពាក់ព័ន្ធអតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត។ តែភ្លាមនោះ អាជីវករអះអាងថា ជំនួយការ លោក ឡូយ សុផាត បានដើរដកតម្រុយបង្គោល និងមិនអនុញ្ញាតឲ្យអាជីវករណាចាប់ទីតាំងនេះជាកន្លែងលក់ដូរឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល រកឃើញថា ខេត្តស្ទឹងត្រែង សម្បូរដោយកោះ ហើយកសិករមួយចំនួនធំ តែងយកបន្លែត្រីសាច់ជាលក្ខណៈគ្រួសារ ធ្វើដំណើរតាមទូកដលក់នៅផ្សារខេត្តស្ទឹងត្រែង ក៏ប៉ុន្តែពុំមានកន្លែងលក់ដូចមុនឡើយ ព្រោះកន្លែងលក់ដូរបច្ចុប្បន្ន ឆ្ងាយពីច្រាំងទន្លេប្រហែល ៣គីឡូម៉ែត្រ។ បញ្ហានេះ ក៏បង្កឲ្យកសិករមួយចំនួន បង្ខំចិត្តបោះបង់មុខរបរកសិកម្ម៖ «អាជ្ញាធរក្រុងក៏ដោយ ខេត្តក៏ដោយ យើងគួរពិចារណាទៅលើគុណវិបត្តិ និងគុណសម្បត្តិរបស់អាជីវករហ្នឹងដែរ តើអាជីវករហ្នឹងគាត់លក់ដូរនៅហ្នឹងវាយ៉ាងម៉េច?»។
កាលពីចុងឆ្នាំ២០១៤ អាជីវករលក់ត្រីបន្លែជាង ៦០០នាក់ ធ្វើបាតុកម្មនៅមុខសាលាខេត្ត ទាក់ទិនអាជ្ញាធរក្រុងរុះរើកន្លែងលក់ដូររបស់ពួកគាត់នៅលើសួនច្បារ ឬហៅថា ផ្សារក្រមួន ខាងលិចផ្សារថ្ម ខេត្តស្ទឹងត្រែង។ បន្ទាប់ពីការរុះរើ អាជ្ញាធរបានវិនិយោគផ្សារទៅឲ្យក្រុមហ៊ុន ហេង តារ៉ា គ្រប់គ្រងដោយឧកញ៉ា សា លាង។ ចំណែកសួនច្បារដែលពលរដ្ឋធ្លាប់លក់ដូរ អាជ្ញាធរអភិវឌ្ឍធ្វើជាសួនច្បារដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
