ក្រុម​អាជីវករ​រង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

0:00 / 0:00

ក្រុម​អាជីវករ​ប្រមាណ​ជាង ១០០​នាក់ ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ ចេញ​លិខិត​បញ្ជា​ឲ្យ​ពួក​គាត់​រុះរើ​សំណង់​អាជីវកម្ម​ចេញ​ពី​លើ​ដី​ចំណី​ឆ្នេរ​ក្នុង​តំបន់​ឆ្នេរ​ចំនួន​បី​កន្លែង ដោយ​ទុក​ពេល​ឲ្យ​មួយ​ខែ។ អភិបាល​ខេត្ត​ព្រះសីហនុ ឆ្លើយ​តប​ថា អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​គោលការណ៍ ដើម្បី​រៀបចំ​កែលំអ អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​នោះ​ឲ្យ​មាន​សោភណភាព​ល្អ។

អាជីវករ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​ឆ្នេរ​អូរត្រេះ ចំនួន ៦២​តូប ឆ្នេរ​អូរឈើទាល (ទល់​មុខ​ដី​ក្រុមហ៊ុន សុខា អូតែល អតីត​ដី​អារីស្តុន) ៥៧​តូប និង​ឆ្នេរ​មុខ​ព្រះរាជ​ដំណាក់​ចាស់​កំពង់សោម ចំនួន ១១​តូប ហាក់​មាន​ក្តី​សង្ឃឹម​ថា នឹង​បាន​ដំណោះស្រាយ​សមរម្យ បន្ទាប់​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថាប័ន​រដ្ឋសភា និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ទទួល​ញត្តិ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។

ក្រុម​អាជីវករ​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ ដែល​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​សំណង់​អាជីវកម្ម​ចេញ​ពី​លើ​ដី​ចំណី​ឆ្នេរ​ក្នុង​រយៈពេល​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​គ្មាន​ការ​ប្រជុំ​ពិគ្រោះ​យោបល់​អ្វី​នោះ​ឡើយ។ ក្នុង​លិខិត​នោះ​ក៏​បញ្ជាក់​ថា បើ​ពលរដ្ឋ​មិន​រុះរើ​មុន​ពេល​ផុត​កំណត់​កាលបរិច្ឆេទ​ទេ គឺ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត នឹង​ចាត់​វិធានការ​រុះរើ​ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត។

ចំណាត់​ការ​នេះ ក្រុម​អាជីវករ​ទាំង​បី​កន្លែង ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​ពួក​គាត់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បណ្ដាល​ឲ្យ​ពួក​គាត់​កាន់​តែ​ក្រីក្រ និង​ធ្វើ​ចំណាក​ស្រុក ព្រោះ​បាត់បង់​អាជីវកម្ម​លក់​ដូរ​ដែល​បម្រើ​វិស័យ​ទេសចរណ៍ ដើម្បី​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

តំណាង​ក្រុម​អាជីវករ​ដែល​មាន​តូប​លក់​ដូរ ៦២​តូប​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរត្រេះ លោក ឯក វិធាន មាន​ប្រសាសន៍​ថា ពួក​គាត់​មិន​ព្រម​រុះរើ​ដើរ​ចេញ​ទៅ​ណា​នោះ​ទេ។ លោក​ជឿជាក់​ថា ប្រមុខ​រដ្ឋាភិបាល ព្រម​ទាំង​ស្ថាប័ន​ថ្នាក់​ជាតិ នឹង​មិន​ទុក​រាស្ត្រ​ឲ្យ​ក្រីក្រ​កំសត់ ខ្វះ​ការងារ​ធ្វើ និង​បាត់បង់​មុខ​របរ​ចិញ្ចឹម​ជីវិត​នោះ​ទេ៖ « ប្រសិន​មិន​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​រក​ស៊ី​ជា​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ទេ ជីវិត​ពួក​យើង​ប្រៀប​បាន​ត្រឡប់​ថយ​ក្រោយ​ទៅ ២០​ឆ្នាំ​មុន។ វា​ធ្វើ​ឲ្យ​យើង​អន្តរាយ កាន់​តែ​ក្រ​ឡើង។ អ៊ីចឹង​សូម​ទទូច​ដល់​សម្ដេច​យោគយល់​ដល់​ពួក​ខ្ញុំ »

ក្រុម​អាជីវករ​ទាំង​នោះ បាន​លើក​បដា​ដែល​សរសេរ​ថា គាំទ្រ​គោល​នយោបាយ​ឈ្នះៗ​របស់ លោក ហ៊ុន សែន និង​លើក​រូបថត​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

លោក ឯក វិធាន មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ចូល​ទៅ​លក់​ដូរ​នៅ​តំបន់​នោះ​តាំង​ពី​មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ រហូត​ដល់​មាន​ភ្ញៀវ​ទេសចរ និង​បាន​រៀបចំ​ទីកន្លែង​យ៉ាង​ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ដូច្នេះ ពួក​គាត់​មិន​យល់​ឡើយ ដែល​អាជ្ញាធរ​មិន​ឲ្យ​ពួក​គាត់​បន្ត​លក់​ដូរ​ដើម្បី​ចិញ្ចឹម​ក្រពះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សាកសួរ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គង់ ចំរើន បាន​ទេ ដោយ​លោក​គ្រវី​ក្បាល​មិន​ព្រម​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន។

តំណាង​អាជីវករ​ម្នាក់​ទៀត គឺ​លោកស្រី ភឿក សុខេន មាន​ប្រសាសន៍​ថា ពួក​គាត់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ដែនដី ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​លក់​ដូរ​វិញ និង​រៀបចំ​តូប​លក់​ជា​ស្តង់ដារ​តាម​គំរូ​ដូច​តូប​នៅ​ឆ្នេរ​អូរឈើទាល ដែល​អាជ្ញាធរ​បាន​អនុវត្ត​កន្លង​មក៖«យើង​មិន​មែន​មក​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ យើង​មក​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​អភិវឌ្ឍ​នៅ​នឹង​កន្លែង ហើយ​រៀបចំ​ទៅ​តាម​ស្តង់ដារ​របស់​រដ្ឋាភិបាល​នោះ យើង​អាច​ទទួល​យក​បាន »

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​បាន​រំលោភ​បំពាន​លើ​អាជីវករ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​ដើរ​ចេញ​ទៅ ព្រោះ​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​សាលា​ខេត្ត​ព្រះសីហនុ មាន​ផែនការ​រៀបចំ​កែលំអ និង​អភិវឌ្ឍ​សួនច្បារ​នៅ​តំបន់​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង និង​រក្សា​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព៖ « យើង​ធ្វើ​ការ​ទៅ​តាម​ផែនការ ហើយ​ឆ្នេរ​ទាំងអស់​ហ្នឹង គឺ​ចាត់​ទុក​ជា​ឆ្នេរ​ស្អាត​របស់​ពិភពលោក ឆ្នេរ​ស្អាត​របស់​កម្ពុជា។ អ៊ីចឹង​កន្លង​មក ការ​រស់នៅ​របស់​គាត់​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរ​ស្អាត។ ដូច្នេះ យើង​ត្រូវ​គ្រប់គ្រង​បែប​ឆ្នេរ​ស្អាត ដែល​មាន​របៀប​រៀបរយ​តាម​បទដ្ឋាន​របស់​ឆ្នេរ​ស្អាត »

លោក​ថា អាជ្ញាធរ​ក៏​កំពុង​តែ​គិតគូរ​ជួយ​សម្រួល​ដល់​ពួក​គាត់​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​រង់ចាំ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ។

រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​គួរ​តែ​រក​វិធីសាស្ត្រ​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​ចេញ​វិធានការ​រុះរើ​តូប​ពួក​គាត់ ពោល​គឺ​មិន​មែន​បណ្ដេញ​ពួក​គាត់​ចេញ​មុន ហើយ​រក​វិធី​ជួយ​ក្រោយ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​រុះរើ​តូប​អាជីវករ​ទាំង​នោះ គឺ​ភ្ញៀវ​ទេសចរ​ដែល​ត្រៀម​នឹង​ដើរ​កម្សាន្ត​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ នឹង​ពិបាក​រក​កន្លែង​អង្គុយ​លេង និង​អាហារ​បរិភោគ ជាពិសេស​អាជីវករ​ច្បាស់​ជា​តែលតោល​ក្នុង​ការ​ស្វែងរក​មុខ​របរ​ថ្មី៖ « អាជីវករ​ទាំងឡាយ​ហ្នឹង​ហាក់​ដូចជា​មិន​ដឹង​ថា ទៅ​រក​ស៊ី​អី ហើយ​ទៅ​ជា​ច្របូកច្របល់​មិន​ដឹង​ថា ជា​ចាប់​អី ដោយសារ​ទុន​របស់​គាត់​រក​ស៊ី គឺ​បាន​វិនិយោគ​ទៅ​លើ​ការ​លក់​ដូរ​នោះ ហើយ​ជំពាក់​លុយ​ធនាគារ​ផ្សេងៗ។ អ៊ីចឹង​ធ្វើ​ឲ្យ​បាត់បង់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​យ៉ាង​គំហុក​តែ​ម្តង »

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ត្រូវ​អភិវឌ្ឍ ឬ​បើក​ឆ្នេរ​មួយ​ចំនួន​ដែល​ឈ្មួញ និង​បុគ្គល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ឲ្យ​មាន​អនាម័យ និង​មាន​សោភណភាព​ជា​មុន​សិន មុន​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ ឬ​ក្រុម​អាជីវករ​កំពុង​លក់​ដូរ ឈប់​លក់​ដូរ​បម្រើ​សេវា​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ។

ក្រុម​អាជីវករ ក៏​ប្រកាស​ដាច់​អហង្ការ​ថា មិន​ព្រម​រុះរើ​ចេញ​នោះ​ទេ ហើយ​នឹង​នៅ​តែ​បន្ត​តវ៉ា​លុះត្រា​បាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។