ក្រុមអាជីវករជួលតូបលក់ដូរនៅខាងក្នុងផ្សារលើ ខេត្តកំពង់ឆ្នាំង ជំទាស់គម្រោងសង់តូប ឬសំណង់រឹងមាំសម្រាប់អាជីវករលក់ដូរសេរីនៅប៉ែកខាងក្រៅផ្សារ។
ការជំទាស់នេះ គឺបន្ទាប់ពីពួកគាត់បានទទួលដំណឹងថា អាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង នឹងរៀបចំសង់តូបសម្រាប់ជួលទៅឲ្យក្រុមអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូង និងខាងជើងផ្សារ បន្ទាប់ពីទីតាំងនេះត្រូវគណៈកម្មការផ្សាររុះរើមិនឲ្យមានការលក់ដូរជាច្រើនខែមកហើយ។ ក្រុមអាជីវករលក់ដូរក្នុងផ្សារអះអាងថា ប្រសិនបើអាជ្ញាធរសម្រេចសង់បែបនេះមែន នឹងធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរមិនដាច់របស់អាជីវករលក់នៅខាងក្នុងផ្សារ។
តំណាងអាជីវករលក់ខោអាវនៅក្នុងផ្សារលើម្នាក់អះអាងថា ក្រុមអាជីវករលក់ដូររបស់របរសំខាន់ៗសរុបប្រមាណ ២០០នាក់ នាំគ្នាផ្ដិតមេដៃជំទាស់នឹងគម្រោងនេះ ហើយបានដាក់សំណើជូនអភិបាលខេត្ត ដើម្បីពិនិត្យរួចហើយកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបផ្លូវការណាមួយនៅឡើយទេ។
តំណាងអាជីវករដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា រូបលោក និងអាជីវករលក់ដូរក្នុងផ្សារជាច្រើននាក់ទៀត ស្នើមិនឲ្យអាជ្ញាធរសង់សំណង់រឹង ឬអនុញ្ញាតឲ្យអាជីវករលក់ដូរសេរីនៅប៉ែកខាងក្រៅ ធ្វើតូបផ្ទាល់ខ្លួនលក់ដូរអចិន្ត្រៃយ៍ដូចអ្នកខាងក្នុងឡើយ។ លោកថា ប្រសិនបើអាជ្ញាធរធ្វើដូច្នេះ ក្រុមអាជីវករលក់ដូរខាងក្នុងផ្សារ អាចផ្ទុះការតវ៉ា ឬត្អូញត្អែររឿងលក់មិនដាច់ ប្រឈមនឹងគ្មានប្រាក់បង់ថ្លៃតូប ដោយសារតែអ្នកខាងក្រៅលក់ទំនិញថោកជាង ហើយមានមនុស្សចូលទិញរបស់របរច្រើនជាងអ្នកលក់ដូរនៅខាងក្នុង៖ «គ្រាន់តែឮអ៊ីចឹង (ធ្វើសំណង់រឹង ឬតូបលក់ដូរអចិន្ត្រៃយ៍) ប្រជាពលរដ្ឋនាំគ្នាផ្ដិតមេដៃសុំជំទាស់»។
ទាក់ទងបញ្ហានេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានចុចផ្ដាច់ទូរស័ព្ទមិនអត្ថាធិប្បាយអ្វីទាំងអស់ នៅពេលវិទ្យុអាស៊ីសេរី សាកសួររឿងនេះ។
ប៉ុន្តែ អភិបាលរង និងជាអ្នកទទួលបន្ទុកសន្តិសុខ និងសណ្ដាប់ធ្នាប់ លោក ហ៊ី ណាត ថ្លែងបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរនឹងរៀបចំកន្លែងឲ្យអាជីវករលក់ដូរសេរីទាំងអស់មានសណ្ដាប់ធ្នាប់ល្អ ប៉ុន្តែចំពោះចម្លើយថា តើអាជ្ញាធរនឹងសង់សំណង់រឹង ឬតូបលក់ដូរអចិន្ត្រៃយ៍ជូនក្រុមអាជីវករលក់ដូរសេរី ឬអត់នោះ លោកបង្ហើបថា បញ្ហានេះលោកនឹងឆ្លងយោបល់របស់អភិបាលខេត្តក្នុងរយៈពេល ១សប្ដាហ៍ទៀត៖ «យើងមិនទាន់ថាម៉េចទេ ទេរឿងនេះរង់ចាំឆ្លងក្រុមគណៈអភិបាលសិន»។
ក្រុមអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូង និងខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង ប្រមាណ ៤០០តូប បានរុះរើកន្លែងលក់ដូររបស់ខ្លួន ហើយដើរលក់តាមមុខផ្ទះគេបណ្ដោះអាសន្នជាច្រើនខែ ដើម្បីឲ្យក្រុមការងារនៃគម្រោងចៃកា (Jica) ស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ និងផ្លូវអមសងខាងផ្សារ។ បច្ចុប្បន្ន ប្រព័ន្ធលូ និងទីធ្លាសម្រាប់លក់ដូរ បានធ្វើរួចហើយ ប៉ុន្តែរង់ចាំអាជ្ញាធរបែងចែកកន្លែងលក់ដូរនោះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
