អាជីវករផ្សារឆ្នាំង នៅខេត្តកំពង់ឆ្នាំង ភ័យខ្លាចអាជ្ញាធរបង្ខំឲ្យពួកគាត់ទៅលក់ដូរនៅកន្លែងថ្មី ដែលឆ្ងាយពីទីប្រជុំជន និងតម្រូវឲ្យទិញតូបជាថ្មីទៀត។ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា អាជីវករកំពុងលក់ដូរក្នុងផ្សារឆ្នាំង អាចបន្តលក់ ឬផ្លាស់ទៅកន្លែងថ្មី គឺជាសិទ្ធិរបស់អាជីវករ ប៉ុន្តែការបង្កើតទីផ្សារថ្មីនៅតំបន់ចុងកោះ គឺសម្រាប់ផ្លាស់ទីតាំងលក់ដូរសេរីរបស់អាជីវករចំនួន ២០៣តូប។
នៅគ្រាដែលអាជ្ញាធរប្រកាសថា តូបលក់ដូរ ១.២០០តូប នឹងត្រូវសាងសង់រួចរាល់នៅលើទីតាំងថ្មីចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីផ្សារឆ្នាំង នាពាក់កណ្ដាលឆ្នាំ២០១៧ ក្រុមអាជីវករផ្សារឆ្នាំងបញ្ជាក់ថា បើទោះជាអ្នកលក់ដូរសេរីនៅក្រៅផ្សារក្រោមដើមស្រល់ជាប់មាត់ទន្លេ ត្រូវអាជ្ញាធរដេញទៅលក់កន្លែងថ្មីអស់ ក៏ពួកគាត់មិនទៅដែរដោយថា គ្មានលទ្ធភាពទិញតូប និងលក់មិនសូវដាច់។
អាជីវករម្នាក់ គឺលោកស្រី សេង ស៊ីណា ចង់ឲ្យអាជីវករលក់ដូរសេរីលើចិញ្ចើមផ្លូវអមមាត់ទន្លេចេញឲ្យផុតពីផ្លូវ ឬត្រូវចូលលក់ក្នុងផ្សារ ឆ្នាំងទាំងអស់គ្នាដើម្បីបញ្ចៀសការស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីថា ត្បិតបច្ចុប្បន្នអាជីវករក្នុងផ្សារលក់មិនសូវដាច់ ដោយសារមានអ្នកលក់គ្មានសណ្ដាប់នៅខាងក្រៅផ្សារច្រើនពេកនោះ ក៏អាជីវករក្នុងផ្សារខ្លះទ្រាំលក់ដោយបង់ភាស៊ីមិនដែលអាក់ខាន៖ «បើថានៅផ្សារថ្មីណោះទៀត គឺពួកខ្ញុំអត់ទៅទេ ព្រោះខ្ញុំទិញតូបនេះថ្លៃ ហើយណាមួយខ្ញុំរស់នៅទីនេះយូរដែរ ហើយក៏មិនទាន់ផុតអាណត្តិខ្ញុំដែរ។ សូមឲ្យអស់លោកទាំងអស់ជួយគិតគូររឿងប្រជាជនផង»។
ក្រុមអាជីវករផ្សារឆ្នាំងប្រមាណ ១០នាក់ សម្ដែងការបារម្ភស្រដៀងគ្នានៅថ្ងៃទី១១ ខែមីនា ថាពេលណាមួយអាជ្ញាធរនឹងបង្ខំឲ្យអាជីវករទាំងអស់លក់ដូរជាមួយគ្នានៅផ្សារថ្មី ឋិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយប្រើរូបភាពផ្សេងៗដើម្បីបណ្ដេញពួកគាត់ចេញ។
ឆ្លើយតបនឹងការបារម្ភរបស់ក្រុមអាជីវករនេះអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា អាជ្ញាធរនឹងមិនប៉ះពាល់ការលក់ដូររបស់អាជីវករក្នុងផ្សារ ឆ្នាំងនោះទេ ប៉ុន្តែអាជ្ញាធរនឹងស្វាគមន៍បើអាជីវករណាសម្រេចទៅរកកន្លែងលក់ដូរថ្មីដែលអាជ្ញាធរ និងក្រុមហ៊ុនវិនិយោគកំពុងរៀបចំ។
លោកថា ចំពោះតម្លៃតូបថ្មីថ្លៃប៉ុន្មាននោះ នឹងវាយតម្លៃនៅក្រោយសាងសង់ផ្សារហើយ៖ «យើងរៀបចំឲ្យអ្នកលក់ដូរអនាធិបតេយ្យ ឬមិនស្របច្បាប់ យើងចង់ឲ្យគាត់លក់ដូរស្របច្បាប់ ដើម្បីឲ្យរៀបចំអភិវឌ្ឍសួនច្បារច្រាំងទន្លេ។ ដោយឡែកសម្រាប់បងប្អូនអាជីវករដែលលក់នៅផ្សារក្រោម គឺអត់មានប៉ះពាល់ទេ»។
សារព័ត៌មានក្នុងស្រុកផ្សាយថា អគារផ្សារឆ្នាំងកម្ពស់ពីរជាន់ បានកសាងដោយក្រុមហ៊ុនវិនិយោគមួយឈ្មោះនរ៉ាពាណិជ្ជ នៅឆ្នាំ១៩៩៥ ហើយអាជីវករចាប់ផ្ដើមចូលលក់ក្នុងតូបចំនួន២៦៧ តាំងពីឆ្នាំ១៩៩៦។ ក្រុមហ៊ុនទទួលបានកុងត្រាវិនិយោគពីរដ្ឋតាំងពីពេលនោះ រហូតដល់ឆ្នាំ២០៤៥។ បច្ចុប្បន្នអគារនេះមានស្នាមប្រះ និងបាក់ធ្លាក់កម្ទេចស៊ីម៉ងត៍ផ្នែកខ្លះ ដោយសំណង់មិនសូវមានគុណភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
