អាជីវករផ្សារត្រីបន្លែជាង ៦០០នាក់ នៅខេត្តស្ទឹងត្រែង បារម្ភពីទីតាំងលក់ដូរថ្មី ថាអាចនឹងខ្វះអ្នកទិញ។ ការបារម្ភនេះ គឺនៅបន្ទាប់ពីអាជ្ញាធរហាមមិនឱ្យពលរដ្ឋលក់ដូរនៅតាមដីសួនច្បារ និងលើផ្លូវសាធារណៈ ដោយសំអាងថា កកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ក្រុង និងប៉ះពាល់បរិស្ថានជាដើម។ ចំណែកមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរក្រុងពិគ្រោះលម្អិតពីគ្រប់ភាគីពាក់ព័ន្ធទាក់ទិនបញ្ហានេះ។
ក្រុមអាជីវករផ្សារត្រី បន្លែ ក្នុងក្រុងស្ទឹងត្រែង ត្អូញត្អែរពីបញ្ហាប្រឈម នៃមុខរបររបស់ខ្លួនថា កំពុងមានហានិភ័យធ្ងន់ធ្ងរ ស្របពេលដែលទីតាំងលក់ដូរថ្មីរបស់អាជ្ញាធរ មិនដូចទីតាំងចាស់ដែលពួកគាត់ធ្លាប់លក់ដូរឡើយ។ ការត្អូញត្អែរនេះ បន្ទាប់ពីសំណាត់ការក្តៅ មានកងកម្លាំងប្រដាប់អាវុធ របស់អាជ្ញាធរក្រុង កាលពីថ្ងៃទី៨ ខែកក្កដា បានជូនដំណឹងអាជីវករអ្នកដូរត្រី សាច់ ដែលកំពុងលក់នៅលើផ្លូវ ឬសួនច្បារ ឲ្យរុះរើចេញ ដោយចាត់ទុកថា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្រុង។
អាជីវករលក់ត្រី នៅខាងមុខផ្សារស្ទឹងត្រែង អ្នកស្រី សឿន ថា រៀបរាប់ថា បើទោះបីជាកម្លាំងសមត្ថកិច្ចហាមឃាត់មិនឲ្យអ្នកស្រីលក់ដូរនៅទីនេះ ក៏គាត់នៅតែឆ្លៀតឱកាសលក់ ដោយសារតែពួកគាត់ពុំមានជម្រើស។ មូលហេតុដែលអ្នកស្រីពុំមានជម្រើស ដោយសារតែទីតាំងលក់ដូរថ្មីមិនអាចលក់បាន សូម្បីតែប្រាក់ ១ម៉ឺនរៀលក្នុងមួយថ្ងៃ ផ្ទុយពីទីតាំងចាស់ អាចលក់បានមួយថ្ងៃជិត ១០ម៉ឺនរៀល ហេតុនេះទើបអ្នកស្រីបង្ខំចិត្តលក់ដូរលើផ្លូវ។
អ្នកស្រីបារម្ភថា ទីតាំងលក់ដូរផ្សារថ្មីមិនអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ថែមទាំងត្រូវខាត់បង់ដោយសារតែពុំសូវមានអ្នកទិញ ណាមួយគ្រួសារអ្នកស្រីត្រូវជំពាក់បំណុលធនាគារថែមទៀត៖ «លក់អត់ដាច់បានអីឲ្យកូនហូប? ខាតចូលដើម គ្មានអ្នកទិញ មានមួយៗ»។
ក្នុងក្រុងស្ទឹងត្រែង មានផ្សារចំនួន ៣កន្លែង។ ទី១ ផ្សារចាស់ នៅទីប្រជុំជនក្នុងក្រុងគ្រប់គ្រងដោយរដ្ឋ ទី២ ផ្សារដែលមានការវិនិយោគពីអាជ្ញាធរខេត្តទៅឲ្យក្រុមហ៊ុនឯកជន ហេង តារា គ្រប់គ្រងដោយឧកញ៉ា សា លាង មានទីតាំងនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងទី៣ ផ្សារក្រុមហ៊ុនឯកជនឈ្មោះ ក្រុមហ៊ុន តាំង ឆាយហេង មានទីតាំងឋិតនៅគីឡូម៉ែត្រ២ ក្នុងក្រុងស្ទឹងត្រែង។ យ៉ាងណាក៏ដោយចុះ មន្ត្រីសង្គមស៊ីវិលរកឃើញថា ទីតាំងវិនិយោគរបស់អាជ្ញាធរខេត្តកំពុងបង្កផលលំបាកធ្ងន់ធ្ងរដល់ក្រុមអាជីវករ ព្រោះតែទីតាំងថ្មីនៅឆ្ងាយពីទីប្រជុំជនចំនួន ៣គីឡូម៉ែត្រ ហេតុនេះបង្ខំឲ្យពលរដ្ឋភាគច្រើនទិញនៅផ្សារចាស់ទៅវិញ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ ឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ថា គោលការណ៍ណែនាំរបស់អាជ្ញាធរខេត្តឲ្យអាជ្ញាធរក្រុងសម្របសម្រួលបញ្ហានេះជាមួយម្ចាស់ភាស៊ីផ្សារស្ទឹងត្រែង លោកឧកញ៉ា សា លាង គឺធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ក្រុង និងអនាម័យ ដោយអញ្ជើញអាជីវករដែលលក់ដូរលើផ្លូវ និងសួនច្បារទាំងនោះ ទៅលក់នៅទីតាំងថ្មី ដែលក្រុមហ៊ុនបានរៀបចំកន្លែងលក់ដូរត្រឹមត្រូវ។
លោកថា ការលក់ដូរនៅលើផ្លូវ និងសួនច្បារ នឹងបង្កប៉ះពាល់ដល់សោភ័ណភាពក្រុង និងបរិស្ថាន ហេតុនេះអាជ្ញាធរមានផែនការវិនិយោគជាមួយក្រុមហ៊ុន រៀបចំទីតាំងលក់ដូរនៅមិនឆ្ងាយពីផ្សារចាស់ឡើយ៖ «គាត់លក់តាមដងផ្លូវខ្វះកន្លែងលក់ យើងអញ្ជើញទៅលក់ផ្សារឧកញ៉ា សាឡាងទៅ! មកពីយើងលក់តិច យើងអត់នាំគ្នាទៅលក់ អ្នកទិញក៏វាអត់មានគ្រប់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា គោលការណ៍ណែនាំអាជ្ញាធរបានជូនដំណឹងពលរដ្ឋទៅលក់នៅទីតាំងថ្មី ស្របពេលដែលទីតាំងនោះមិនទាន់រៀបចំកន្លែងលក់ដូរសមរម្យ។ លោក ហូ សំអុល រកឃើញថា ពលរដ្ឋដែលធ្វើដំណើរពីជនបទតាមទូកមកឈប់ត្រឹមកំពង់ស្រឡាង ដើម្បីលក់ត្រី បន្លែ បន្តិចបន្តួចនៅផ្សារ មានការលំបាកខ្លាំងដោយសារទីតាំងថ្មីនៅឆ្ងាយពីទីប្រជុំជន និងត្រូវចំណាយថ្លៃម៉ូតូឌុបទៀតផង។
លោកអំពាវនាវឲ្យអាជ្ញាធរក្រុងពិគ្រោះយោបល់ជាមួយតំណាងអាជីវករបានហ្មត់ចត់ ដើម្បីស្វែងយល់ពីសេចក្ដីត្រូវការរបស់អាជីវក មុននឹងធ្វើការសម្រេចលើបញ្ហាទាក់ទិនទីតាំងលក់ដូរណាឲ្យពិតប្រាកដ៖ «អាជ្ញាធរក្រុងក៏ដោយ ខេត្តក៏ដោយ យើងគួរពិចារណាទៅលើគុណវិបត្តិ និងគុណសម្បត្តិរបស់អាជីវករហ្នឹងដែរ តើអាជីវករហ្នឹងគាត់លក់ដូរនៅហ្នឹងវាយ៉ាងម៉េច?»។
កាលពីឆ្នាំ២០១៤ អាជីវករត្រី បន្លែ ជាង ៦០០នាក់ បានធ្វើបាតុកម្មនៅមុខសាលាខេត្ត ទាក់ទិនអាជ្ញាធរក្រុងរុះរើកន្លែងលក់ដូររបស់ពួកគាត់នៅលើសួនច្បារខាងលិចផ្សារខេត្តស្ទឹងត្រែង។ បន្ទាប់ពីការរុះរើអាជ្ញាធរបានវិនិយោគផ្សារទៅឲ្យក្រុមហ៊ុន ហេង តារា ដែលគ្រប់គ្រងដោយឧកញ៉ា សា លាង ចំណែកសួនច្បារដែលពលរដ្ឋធ្លាប់លក់ដូរ អាជ្ញាធរអភិវឌ្ឍន៍ធ្វើជាសួនច្បារដដែល។ ក្រុមពលរដ្ឋអះអាងថា ទីតាំងលក់ដូរថ្មី ស្ទើរតែមិនមានពលរដ្ឋលក់ដូរ និងមានពលរដ្ឋមួយចំនួនត្រូវបោះបង់មុខរបរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
