ក្រុមអាជីវករខ្មែរលក់ដូររាប់ពាន់តូបនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ កំពុងរកច្រកដឹកទំនិញរបស់ខ្លួនចេញពីទឹកដីថៃ យកមកទុកនៅកម្ពុជា ឲ្យបានឆាប់ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច ទាក់ទងកម្មសិទ្ធិបញ្ញាថៃ។ ក្រុមអាជីវករអះអាងថា មូលហេតុដែលពួកគេដឹកទំនិញមកដីខ្មែរវិញ ដោយសារខ្លាចសមត្ថកិច្ចថៃ ចាប់យកទំនិញគ្មានអ្នកទទួលខុសត្រូវ ធ្វើឲ្យខាតបង់ គ្មានប្រាក់សងបំណុលគេ។
ក្រុមអាជីវករផ្សាររ៉ុងក្លឿ លើកឡើងស្រដៀងគ្នាថា ពួកគាត់មិនហ៊ាននាំទំនិញរបស់ខ្លួនចូលមកដីខ្មែរភ្លាមៗនោះទេ ដោយខ្លាចសមត្ថកិច្ចខ្មែរចាប់ នៅពេលដែលពួកគាត់នាំទំនិញចូលមកកម្ពុជា វិញនោះ។
អាជីវករផ្សាររ៉ុងក្លឿ ម្នាក់ ឈ្មោះ ចែស្រី អះអាងថា លោកស្រីចង់នាំទំនិញចូលមករក្សាទុកក្នុងទឹកដីខ្មែរឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសការតាមចាប់របស់សមត្ថកិច្ចថៃ ប៉ុន្តែលោកស្រីថាពុំដឹងនាំទំនិញចូលមកដោយរបៀបណានោះទេ ពីព្រោះខ្លាចសមត្ថកិច្ចខ្មែរនៅច្រកព្រំដែនចាប់យកទំនិញរបស់គាត់៖ « រាល់ថ្ងៃនេះសមត្ថកិច្ចថៃ ឲ្យពួកខ្ញុំបើកលក់ទំនិញ ក៏ខ្ញុំមិនហ៊ានបើកលក់វិញដែរ ព្រោះអីភ័យខ្លាចគេមកចាប់ ឬមកគាស់តូបយកទំនិញដោយមិនអាចតវ៉ាយកមកវិញបាន »។
ក្រុមអាជីវករផ្សាររ៉ុងក្លឿ ចង់ដឹកទំនិញចូលមកកម្ពុជា វិញនេះ ដោយសារកន្លងមក ពួកគាត់ឃើញសមត្ថកិច្ចចាប់ទំនិញដែលលួចកម្មសិទ្ធិបញ្ញារបស់ថៃ ក្នុងផ្សារនេះញឹកញាប់ ធ្វើឲ្យពួកគេមិនហ៊ានដាក់លក់នោះឡើយ។
ស្រដៀងគ្នានេះដែរ អាជីវករផ្សាររ៉ុងក្លឿ មួយចំនួនទៀតថ្លែងថា មុខរបរលក់ដូររបស់ពួកគេជាង ២០ឆ្នាំក្នុងទឹកដីថៃ នឹងត្រូវបញ្ចប់នៅឆ្នាំ២០១៦ នេះ ពីព្រោះពួកគាត់អះអាងថា ទំនិញដែលពួកគេធ្លាប់ដាក់លក់ពីមុនមក នៅពេលនេះមិនអាចលក់បានដោយសេរីដូចពេលមុនៗទៀតនោះឡើយ។ ទំនិញលក់បានទាំងភ័យខ្លាចសមត្ថកិច្ចចាប់យកទំនិញ ធ្វើឲ្យគ្មានប្រាក់សងបំណុលគេ ពីព្រោះទំនិញទាំងអស់នោះ ពួកគាត់ទិញជំពាក់គេ មិនទាន់ឲ្យប្រាក់អស់នៅឡើយ។ ក្រុមអាជីវករបន្ថែមទៀតថា បើទោះបីជាសមត្ថកិច្ចថៃ កំណត់ឲ្យពួកគាត់លក់ទំនិញឲ្យអស់យ៉ាងយូរពីរខែទៀតក៏ដោយ ក៏ពួកគាត់នៅតែព្រួយបារម្ភ ហើយមិនហ៊ានដាក់ទំនិញរបស់ខ្លួនក្នុងផ្សាររ៉ុងក្លឿ នោះទេ។ ម្យ៉ាងទៀត បើទោះបីជាដាក់លក់ ក៏មិនសូវមានអ្នកទិញដូចពេលមិនទាន់មានសមត្ថកិច្ចខាងកម្មសិទ្ធិបញ្ញារបស់ថៃ ចុះចាប់ទំនិញនោះឡើយ៖ « ខ្ញុំខ្លាចតែខាងថៃ ក៏គេមិនឲ្យខ្ញុំយកទំនិញចេញ ហើយខាងសមត្ថកិច្ចខ្មែរ ក៏គេចាប់ទៀត។ ដល់អ៊ីចឹងទៅ មិនដឹងគិតយ៉ាងណាទេ។ ការលក់រាល់ថ្ងៃនេះ ម៉ូយដែលធ្លាប់មកទិញសព្វដង យកទៅលក់ខាងក្នុងប្រទេសថៃ ក៏គេចាប់ពួកគាត់ដែរ »។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍ថា អាជ្ញាធរក្រុងប៉ោយប៉ែត បានទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីសម្រួលឲ្យក្រុមអាជីវករផ្សាររ៉ុងក្លឿ ដឹកទំនិញរបស់ពួកគាត់ចូលមកដីខ្មែរវិញ ដោយមិនមានការយកលុយនោះទេ។ លោកបន្ថែមថា បញ្ហានេះ ប្រជាពលរដ្ឋគួរតែទាក់ទងទៅខាងសមត្ថកិច្ចពាក់ព័ន្ធមុនសិនជាការល្អ៖ « ទំនិញខាងសមត្ថកិច្ចខ្មែរ និងថៃ គេមិនចាប់ទំនិញពួកគាត់ទេ ឲ្យក្រុមអាជីវករស្ម័គ្រចិត្តដឹកទំនិញត្រឡប់មកខ្មែរវិញ »។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជីវករអះអាងថា ពួកគេនៅតែបារម្ភខ្លាចសមត្ថកិច្ចខ្មែរចាប់យកទំនិញអស់គ្មានអ្នកទទួលខុសត្រូវ ពីព្រោះការសន្យារបស់លោកអភិបាលក្រុងនោះ ពុំបានចេញជាលិខិតផ្លូវការ ដើម្បីឲ្យអស់ចិត្ត ដែលបញ្ជាក់ថា សមត្ថកិច្ចពិតជាមិនចាប់ទំនិញពួកគាត់នោះឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្ដីកង្វល់របស់ក្រុមអាជីវករ គឺជារឿងត្រឹមត្រូវ ដោយសារពួកគាត់គ្មានជំនឿនឹងការដោះស្រាយរបស់អាជ្ញាធរខ្មែរនៅក្រុងប៉ោយប៉ែត។ លោកពន្យល់ថា សមត្ថកិច្ចថៃ ចាប់ទំនិញអាជីវករផ្សាររ៉ុងក្លឿ ជាបន្តបន្ទាប់ ចំណែកឯអាជ្ញាធរខ្មែរ បានត្រឹមតែសម្របសម្រួលជាមួយភាគីថៃ ដោយពុំបានដោះស្រាយយកទំនិញពីថៃ មកឲ្យពួកគាត់វិញនោះឡើយ៖ « ការនិយាយរបស់លោកអភិបាលក្រុងនេះ ប្រសិនបើជាពិតមែននោះ ប្រជាពលរដ្ឋនឹងមិនរត់ទៅរកអ្នកសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលជួយពួកគាត់នោះទេ »។
ត្រង់ចំណុចនេះ លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន អះអាងថា ទំនិញមួយចំនួន សមត្ថកិច្ចថៃ បានប្រគល់មកឲ្យអាជីវករវិញហើយ លើកលែងតែទំនិញដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់សមត្ថកិច្ចកម្មសិទ្ធិបញ្ញាថៃ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃ មកពីទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សារនេះ។ ការប៉ះទង្គិចគ្នានេះ បានកើតមានការវាយតប់ និងគប់ដុំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាលចំនួន ២គ្រឿង។ ក្រោយមក សមត្ថកិច្ចថៃ បានចាប់អាជីវករខ្មែរចំនួនពីរនាក់។
កាលពីថ្ងៃទី៤ កុម្ភៈ តុលាការថៃ បានកាត់ទោសអាជីវករខ្មែរទាំងពីរនាក់ ឲ្យជាប់ពន្ធនាគារ ៣ខែ។ នៅថ្ងៃទី៥ មីនា សមត្ថកិច្ចខាងកម្មសិទ្ធិបញ្ញារបស់ថៃ បានចុះមកសាជាថ្មីទៀត ហើយគាស់តូបអាជីវករផ្សាររ៉ុងក្លឿ ចាប់ទំនិញបន្លំម៉ាកអស់ជិត ១០តូប ដែលមានទំនិញក្នុងមួយតូបប្រហែលពី ៣ម៉ឺនដុល្លារទៅ ៣០ម៉ឺនដុល្លារអាមេរិក។ ចាប់តាំងពីពេលនោះមក ក្រុមអាជីវករខ្មែរមានការភ័យខ្លាចសមត្ថកិច្ចថៃ កាន់តែខ្លាំងឡើង និងចង់នាំទំនិញរបស់ពួកគេពីដីថៃ មកទុកនៅកម្ពុជា វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
