តុលាការ​ដាក់​ទោស​លោក ថោង សារ៉ាត់ និង​ឪពុកម្ដាយ​ពី​បទរក្សា​ទុក​អាវុធ​ខុសច្បាប់

ក្រុម​គ្រួសារ រួម​មាន​ឪពុក និង​ម្ដាយ​របស់​លោក ថោង សារ៉ាត់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ម្នាក់ៗ​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល។ ចំណែក​លោក ថោង សារ៉ាត់ ដែល​សង្ស័យ​ថា ជា​មេខ្លោង​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​ផ្ដន្ទាទោស ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល​ដូច​គ្នា ក្រោម​បទ​ចោទ​ប្រើប្រាស់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត។

នៅ​ក្នុង​បន្ទប់​បើក​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​លោក ឃី ឆៃ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​នេះ​នៅ​ចំពោះ​មុខ​ម្ដាយ​លោក ថោង សារ៉ាត់។ ក្រោយ​ពី​ប្រកាស​សាលក្រម​នេះ លោក​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ឈ្មោះ តាន់ សុខ ជា​អ្នក​យាម​ផ្ទះ​លោក ថោង សារ៉ាត់ ដែល​កំពុង​រត់​គេច​ខ្លួន​នោះ​ថែម​ទៀត។

មេធាវី​ការពារ​ក្តី​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ គឺ​លោក លឹម វណ្ណា ថ្លែង​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ក្ដី​លោក គឺ​អ្នកស្រី កែវ សារី និង​លោក ថោង ចំរើន នៅ​តែ​បន្ត​ពឹង​ពាក់​លោក​ជា​មេធាវី​លោក​នឹង​បន្ត​ធ្វើ​ជា​មេធាវី​ការពារ​ដដែល ហើយ​ក្នុង​ករណី​មិន​ព្រម​ទទួល​សាលក្រម​នេះ លោក​នឹង​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍។

ភ្លាមៗ​ក្រោយ​ប្រកាស​សាលក្រម​នេះ លោក​មេធាវី​នៅ​មិន​ទាន់​ដឹង​ថា កូន​ក្តី​របស់​លោក​ពេញ​ចិត្ត ឬ​ជំទាស់​ការ​សម្រេច​របស់​តុលាការ​នៅ​ឡើយ​ទេ៖ «សិទ្ធិ​របស់​ខ្ញុំ​ចប់​ត្រឹម​សវនាការ​នេះ​ហើយ ប្រសិន​បើ​កូន​ក្តី​ពឹង​ពាក់​ទើប​ខ្ញុំ​ត្រូវ​បន្ត​នីតិវិធី​ផ្សេង​ទៀត ឬ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍»

នៅ​ក្នុង​បន្ទប់​សវនាការ មាន​វត្តមាន​តែ​លោកស្រី កែវ សារី ម្ដាយ​របស់​លោក ថោង សារ៉ាត់ រី​ឯ លោក ថោង សារ៉ាត់ និង​លោក​ឪពុក​លោក​ពុំ​បាន​បង្ហាញ​វត្តមាន​នោះ​ទេ។

ការ​ប្រកាស​សាលក្រម​នេះ នៅ​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​អតីត​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន កាល​ពី​ចុង​ឆ្នាំ​២០១៤ បាន​ចុះ​ទៅ​ផ្ទះ​របស់​លោក ថោង សារ៉ាត់ ឆែកឆេរ​រក​ឃើញ​គ្រាប់​កាំភ្លើង និង​អាវុធ​មួយ​ចំនួន ក្នុង​នោះ​មាន​កាំភ្លើង AK-47 ចំនួន​បួន​ដើម។ ការ​ឆែកឆេរ​នេះ បន្ទាប់​ពី​មាន​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។