ស្ត្រី​ដែល​ត្រូវ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់​ទាមទារ​រក​យុត្តិធម៌

0:00 / 0:00

ស្ត្រី​ដែល​ត្រូវ​ប្លី​ជះ​ទឹក​អាស៊ីដ​ដាក់​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ទាមទារ​រក​យុត្តិធម៌ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​ប្ដី​របស់​នាង​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ស្ត្រី​រូប​នេះ​អះអាង​ថា ករណី​ជះ​ទឹក​អាស៊ីដ​នេះ កើត​ឡើង​ដោយសារ​ការ​ប្រច័ណ្ឌ​របស់​ប្ដី។

​លោកស្រី ស៊ុំ សុខនី វ័យ ២៣​ឆ្នាំ ត្រូវ​បាន​ប្តី​ជះ​អាស៊ីដ​ដាក់​ក្រោយ​ពី​នាង​មិន​ទទួល​យក​សំណើ​របស់​ប្ដី​សុំ​រួមរស់​ជាមួយ​គ្នា​វិញ។ នាង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​យុត្តិធម៌​សម្រាប់​រូប​នាង៖ «និយាយ​ទៅ​ខ្ញុំ​ប្ដឹង​សមត្ថកិច្ច ចាប់​រូបគេ (ប្ដី) ដាក់​គុក។ តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​មិន​ចង់​បាន​អី​ច្រើន​ទេ»

សុខនី កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ប្ដី​របស់​នាង​ឈ្មោះ ង៉ែត ផល្លី អាយុ ២៧​ឆ្នាំ បាន​ជះ​ទឹក​អាស៊ីដ​លើ​ផ្ទៃមុខ ក និង​ដៃ​ទាំង​ពីរ។ ភ្នែក​ខាង​ឆ្វេង​របស់ សុខនី ត្រូវ​ទឹក​អាស៊ីដ ដោយ​មិន​អាច​បើក​ភ្នែក​បាន ហើយ​មាន​ស្នាម​រលាក​ជាំ ហើម ស្អិតៗ នៅ​លើ​ស្បែក។

សុខនី ដែល​ជា​កម្មការិនី​រោងចក្រ​បាន​រៀបរាប់​ហេតុការណ៍​ជះ​ទឹក​អាស៊ីដ​នេះ​ឡើង​វិញ​ថា ក្រោយ​ពេល​ដែល​នាង​បដិសេធ​មិន​រួមរស់​ជាមួយ​ប្ដី​នាង បន្ទាប់ពី​ប្ដី​នាង​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​ជា​ច្រើន​ដង ដោយសារ​ប្តី​តែង​វាយ​នាង​បន្ទាប់​ពី​សេព​គ្រឿង​ស្រវឹង​ហើយ។

សុខនី បន្ថែម​ថា ប្តី​ប្រចណ្ឌ​នាង​ថា មាន​បុរស​ថ្មី ខណៈ សុខនី បដិសេធ​ថា នាង​មិន​បាន​ក្បត់​ប្តី​នោះ​ទេ៖ «និយាយ​គ្នា​បាន​មួយសន្ទុះ​ដែរ ប្រហែល ១០ ទៅ ២០​នាទី ដល់​ពេល​ហើយ​ទៅ ខ្ញុំ​ក៏​ឃើញ​កា (ទឹក) ប្រហែល​ជា​ចាក់​ទឹក​អាស៊ីដ​នៅ​ហ្នឹង ទុក​នៅ​កៀន​របង។ គេ (ប្តី) ឈរ​នៅ​ហ្នឹង តែ​កន្លែង​គេ​ឈរ​មាន​សំរាម។ ខ្ញុំ​ឈរ​ឆ្ងាយ​ពី​គេ​ប្រហែល​បី​ម៉ែត្រ តែ​ខ្ញុំ​ឈរ​ចំហៀង ហើយ​និយាយ​ប្រកែក​គ្នា។ គេ​និយាយ​ប្រកែកៗ គេ​ក៏​ជះ​ឆាច់!»

​បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រើ​ហិង្សា​ដោយ​ប្រើប្រាស់​ទឹក​អាស៊ីដ​ដោយ​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​លើ​ជន​ប្រព្រឹត្ត និង​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​លក់​សារធាតុ​ទឹក​អាស៊ីដ​ក៏ដោយ ក៏​ទឹក​អាស៊ីដ​នៅ​ត្រូវ​គេ​បន្ត​ប្រើប្រាស់​ដើម្បី​វាយប្រហារ​គ្នា។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​ពង្រឹង​ការ​ចាប់​ខ្លួន​ជន​ដៃ​ដល់ ករណី​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីដ៖ «ចាស់! យើង​ត្រូវ​ប្រើប្រាស់​ច្បាប់​ទឹក​អាស៊ីដ​ហ្នឹង ព្រោះ​ជា​ករណី​ព្រហ្មទណ្ឌ ព្រោះ​យើង​មាន​ច្បាប់​ត្រឹមត្រូវ។ ប្រសិនបើ​មាន​ច្បាប់​ហើយ យើង​ត្រូវ​មាន​វិធានការ មិន​គួរ​ប្រើ​អាវុធ​សាហាវ​អ៊ីចឹង​ទេ។ ខ្ញុំ​ស្វាគមន៍​ផ្ដន្ទាទោស»

សុខនី បាន​រៀបការ​ជាមួយ​ប្ដី​របស់​នាង​ដែល​ជា​កម្មករ​សំណង់​ កាលពី​ឆ្នាំ​២០១៤ ដោយ​អ្នក​ទាំង​ពីរ​មាន​កូន​ស្រី​វ័យ ១​ឆ្នាំ ៣​ខែ​ម្នាក់។ ​ស្ត្រី​ដែល​រង​ការ​ជះ​ទឹក​អាស៊ីដ​ពី​ប្ដី​រូប​នេះ រំឭក​ថា ពេល​ឈ្លោះ​គ្នា​ម្តងៗ ប្ដី​នាង​តែង​លើក​ឡើង​ថា នាង​មិន​ធ្វើការ​រក​ស៊ី ដោយ​ចាំ​រស់​ដោយសារ​ប្ដី។ ក៏ប៉ុន្តែ សុខនី ប្រាប់​ថា នាង​នៅ​ផ្ទះ​ចិញ្ចឹម​ជ្រូក មិន​មែន​រស់​ពឹង​ផ្អែក​តែ​លើ​ប្រាក់ខែ​ប្ដី​នោះ​ទេ។ នៅ​ខែ​មករា ឆ្នាំ​២០១៦ សុខនី ដែល​រស់​នៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក៏​សម្រេច​មក​ធ្វើការ​ជា​កម្មការិនី​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ៖ «ខ្ញុំ​ចង់​រក​លុយ​ខ្លួន​ឯង។ ថ្ងៃ​ណា​គេ​ខឹង​ទៅ គេ​រំលឹក។ គ្រាន់តែ​យក​លុយ​គេ​ចាយ​ស្រួល​សោះ ពិបាក​ម្ល៉េះ! ខ្ញុំ​ថា ខ្ញុំ​អត់​ចង់​បាន​ទេ ពេល​ឈ្លោះ​រំឭកៗ!»

​របាយការណ៍​អង្គការ​ជួយ​ជនរងគ្រោះ​ដោយសារ​អាស៊ីដ (CASC) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៦៤ ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៣៣៦​ករណី ដោយ​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤២០​នាក់​រង​របួស។ មូលហេតុ​សំខាន់ៗ គឺ​កើត​ឡើង​ដោយសារ​ជម្លោះ​ស្នេហា​ត្រីកោណ ការ​គុំកួន និង​ការ​ប្រច័ណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។