សាលារាជធានីភ្នំពេញ មានគម្រោងរៀបចំខួប៤ឆ្នាំ ឧទ្ទិសកុសលដល់វិញ្ញានក្ខន្ធ នៃអ្នកស្លាប់ក្នុង ហេតុការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ នៅថ្ងៃទី២២ វិច្ឆិកាខាងមុខ។ ទន្ទឹមនេះ សាច់ញាតិជនរងគ្រោះដែល រួចពីស្លាប់ក្នុងហេតុការណ៍នោះ ក៏ទទួចឲ្យរដ្ឋាភិបាល រកអ្នកដែលទទួលខុសត្រូវ យកមកផ្តន្ទាទោស ប្រសើជាងការរំលឹកខួបជារឿងរាល់ឆ្នាំ។
យុវជន អ៊ុង ង៉ែត ជនរងគ្រោះម្នាក់ដែលបានរួចពីស្លាប់ក្នុងហេតុការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ឲ្យដឹងថាព្រឹត្តការណ៍នៅយប់នោះ ហាក់នៅស្រស់ៗនៅឡើយសម្រាប់លោក។ លោកនៅតែខ្លាច កោះពេជ្រ មិនហ៊ានធ្វើដំណើរទៅទីនោះនៅពេលយប់ បើទោះបីជាវាកន្លងហួសរយៈពេល ៤ឆ្នាំហើយក៏ដោយ។
យុវជនវ័យ៣០ឆ្នាំរូបនេះ បញ្ជាក់ថាការរំលឹកខួបដល់អ្នកស្លាប់ ជាការប្រសើរមួយសម្រាប់ពួកគាត់។ ប៉ុន្តែបើចង់ឲ្យប្រសើជាងនេះទៅទៀតនោះ គឺរដ្ឋាភិបាលត្រូវស្វែងរកអ្នកទទួលខុសត្រូវ ក្នុងរឿងនេះ យកមកផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធពីការធ្វេសប្រហែសដែលបណ្តោយ ឲ្យមានហេតុការណ៍នេះកើតឡើង៖ «ខ្ញុំគិតថាអ្នកដែលធ្វើប្រហែសនឹង គិតថាសមទទួលទោស ប៉ុន្តែស្រុកយើងឥឡូវវាមិនស្រួលទេ។ អ្នកមានរបួសទាំងអស់គ្នានឹងគាត់បានតែគេសងជំងឺចិត្តខ្លះៗ ប៉ុន្តែបើឲ្យនិយាយពីរឿងទៅជាប់ទោសជាប់អីនឹង ខ្លះក៏គេមិនហ៊ាននិយាយអីដែរ សម្រាប់ខ្ញុំមិនថាខ្ញុំនឹងអីទេ ប៉ុន្តែប៉ុន្មានឆ្នាំតាំងពីរឿងក្តៅៗ ល្មមឲ្យជាប់ខ្លះហើយព្រោះអីវាមិនស្រួលដែរ ឲ្យស្លាប់មនុស្សប៉ុន្មានរយអ្នកអ៊ីចឹង»។
រហូតមកដល់ពេលនេះ មិនមានមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចណាម្នាក់ ត្រូវកាត់ទោស ឬលាលែង ចេញពីតំណែង ទាក់ទងនឹងហេតុការណ៍ជាន់គ្នាស្លាប់នៅស្ពានពេជ្រ កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសក្រោយហេតុការណ៍នោះភ្លាមៗថា សោកនាដកម្មនេះកើតឡើងដោយការធ្វេសប្រហែស និងជាកំហុសរួមគ្នា របស់រដ្ឋាភិបាលនិងជនរងគ្រោះ។ រដ្ឋាភិបាលក៏បានប្រកាស បញ្ចប់ការស៊ើបអង្កេតសោកនាដកម្មនេះ ដោយបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការជាន់គ្នាស្លាប់នោះ បណ្តាលមកពីភាពភ័យស្លន់ស្លោ គឺមិនមែនដោយសារឆក់ខ្សែភ្លើង អំពីភេរវកម្ម ឬជាអំពើឃាតកម្មគ្រោងទុកជាមុននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
