រហូតមកដល់ពេលនេះ រយៈពេល ៦ខែហើយ ដែលសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) ក្នុងទីរួមខេត្តសៀមរាប បានកើតមានទំនាស់ការងារ ហើយមិនទាន់ដោះស្រាយចេញនៅឡើយ។
ទំនាស់ដែលអូសបន្លាយរយៈពេលកន្លះឆ្នាំមកនេះ ដោយសារតែថៅកែសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បានបញ្ឈប់កម្មករចំនួន ៧៧នាក់ពីការងារ រឿងមិនឱ្យបង្កើតសហជីពនៅក្នុងកន្លែងការងារ។
អតីតបុគ្គលិកនិងកម្មករនៃសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ៦០នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មប្រឆាំងនឹងថៅកែម្ដងទៀត កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមិថុនា បន្ទាប់ពីពួកគេបានស្ងប់ស្ងាត់ធ្វើកូដកម្មរយៈពេលជាច្រើនខែមកហើយ។
ក្រុមកម្មករបានឈរពីចំហៀងផ្នែកខាងមុខនៃសណ្ឋាគារ ដោយស្រែកទាមទារឱ្យថៅកែទទួលយកកម្មករ ៦០នាក់ ចូលធ្វើការវិញ ព្រមទាំងប្រើឧបករណ៍បំពងសំឡេងចាក់បទស្មូត និងបទភ្លេងក្លងខែក ដែលគេតែងប្រើនៅក្នុងពិធីបុណ្យសពផង។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍សេវាកម្មកម្ពុជា ដែលចូលរួមក្នុងកូដកម្មនោះ គឺលោក ម៉ម រិទ្ធី។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមិថុនា ថា កាលពីអំឡុងខែមករា គឺម្ចាស់សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បានបញ្ឈប់បុគ្គលិកចំនួន ១៧នាក់ពីការងារ ដោយសារតែបុគ្គលិកទាំងនោះបង្កើតសហជីពនៅកន្លែងធ្វើការ ហើយបុគ្គលិកជាច្រើននាក់ក៏បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មប្រឆាំងនឹងថៅកែ។ បន្ទាប់មកនៅពេលដែលតុលាការខេត្តសៀមរាប ចេញដីការក្សាការពារឱ្យកម្មករផ្អាកកូដកម្ម គឺថៅកែក៏បានឆ្លៀតឱកាសបញ្ឈប់បុគ្គលិកចំនួន ៦០ទៀត ពីការងារ។
លោក ម៉ម រិទ្ធី បញ្ជាក់ថា កន្លងទៅអាជ្ញាធរខេត្តសៀមរាប បានជួយសម្របសម្រួលឱ្យថៅកែសណ្ឋាគារដោះស្រាយជាមួយកម្មករឱ្យបានសមរម្យ ក៏ប៉ុន្តែលទ្ធផលមិនទទួលបានអ្វីទេ៖ «ពាក្យថាបញ្ចប់រឿងយើងត្រូវបញ្ចប់ទាំងអស់ ប៉ុន្តែយើងឃើញថា ពីមុនសណ្ឋាគារធ្លាប់បង្ហាញសញ្ញានៅសាលាខេត្តថា នឹងគុណលុយឱ្យទៅអ្នក ១៧នាក់ ដែលគេបញ្ឈប់ពីការងារមុនគេនោះ»។
ក្រុមកម្មករដែលប្រមូលគ្នាធ្វើកូដកម្មពេលនេះ បានទាមទារចំនួន ២ចំណុច។ ទី១ ឱ្យថៅកែត្រូវទទួលយកកម្មករចំនួន ៦០នាក់ ចូលធ្វើការវិញ និងទី២ ឱ្យថៅកែត្រូវតែបង់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតមកដល់ថ្ងៃចូលធ្វើការវិញមកឱ្យកម្មករទាំង ៦០នាក់។
កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្រុមកម្មករធ្វើកូដកម្មបានបន្តិចមក ក៏មានការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងខ្លាំងជាមួយនឹងមនុស្ស ១ក្រុម ដែលកំពុងបម្រើការងារនៅក្នុងសណ្ឋាគារ។
មេធាវីរបស់សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មានប្រសាសន៍ថា រឿងបញ្ឈប់កម្មករ ៦០នាក់ពីការងារ គឺម្ចាស់សណ្ឋាគារបានជួបចរចាជាមួយកម្មករចំនួន ៣លើកមកហើយ នៅក្នុងខែឧសភា និងខែមិថុនា ហើយសហជីពមិនទទួលយកការដោះស្រាយដោយទូទាត់សំណងជូនកម្មករ ៦០នាក់ទេ គឺចង់បានទូទាត់ឱ្យ ៧៧នាក់ ប៉ុន្តែភាគីសណ្ឋាគារមិនទទួលដោះស្រាយចំពោះកម្មករ ១៧នាក់នោះទេ ពីព្រោះភាគីសណ្ឋាគារបានប្ដឹងជំទាស់រឿងនេះទៅរដ្ឋមន្ត្រីក្រសួងការងាររួចហើយ។
លោក កៅ ស៊ូផា បញ្ជាក់ថា ចំពោះរឿងកម្មករ ៦០នាក់ ដែលបញ្ឈប់ក្រោយទៀតសោតគឺសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានឱ្យទទួលយកចូលធ្វើការវិញ តែម្ចាស់សណ្ឋាគារមិនទទួលយកសេចក្ដីបង្គាប់នោះឡើយ៖ «និយាយទៅរឿងក្រោយរឿង ៦០នាក់ ដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបង្គាប់ឱ្យទូទាត់លុយ។ អ៊ីចឹងនៅមុនពេលចូលឆ្នាំ ម្ចាស់សណ្ឋាគារបានយល់ព្រមទូទាត់ដើម្បីបញ្ចប់រឿង ប៉ុន្តែខាងកម្មករមិនព្រមទទួលយកការទូទាត់ទេ»។
ក្នុងពេលដែលក្រុមកម្មករប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា គេឃើញមន្ត្រីមន្ទីរការងារខ្លះ បានទៅឃ្លាំមើលសកម្មភាពដែរ ក៏ប៉ុន្តែវិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា ដើម្បីសុំការអធិប្បាយជុំវិញការដោះស្រាយបានថា យ៉ាងណានៅឡើយ នៅថ្ងៃទី៧ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
