និស្សិតឆ្នាំទី៤ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ប្រមាណជាង២០នាក់ បានផលិតវីដេអូឯកសារខ្លីចំនួន៥រឿង ស្តីពី «ភាពធន់នឹងគ្រោះរាំងស្ងួត»។ ក្រុមនិស្សិត អះអាងថា វីដេអូទាំង៥នេះ នឹងរួមចំណែកបំផុសគំនិតប្រជាកសិករនៅកម្ពុជា ឲ្យយល់ដឹងពីរបៀបបន្ស៉ាំខ្លួនទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
សាស្ត្រាចារ្យ និងក្រុមនិស្សិតដែលបានផលិតវីដេអូឯកសារខ្លី ចាត់ទុកថា គ្រោះរាំងស្ងួត នៅតែគំរាមកំហែងដល់ ដំណើរការផលិតកម្មកសិកម្ម និងធ្វើឲ្យប៉ះពាល់ដល់សេចកិច្ចគ្រួសារកសិករនៅកម្ពុជា ដែលទាមទារឲ្យមានការដោះស្រាយបញ្ហាប្រឈមនេះជាបន្ទាន់។
ការលើកឡើងរបស់សាស្ត្រាចារ្យ និងក្រុមនិស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅពេលនេះធ្វើឡើង នៅក្នុងសិក្ខាសាលាបង្ហាញពីវីដេអូឯកសារខ្លី នៃគម្រោងទី២ ស្តីពី «ភាពធន់នឹងគ្រោះរាំងស្ងួត» ដែលបានរៀបចំឡើងនៅថ្ងៃទី២៣ ខែ មិថុនា។
តំណាងក្រុមផលិតវីដេអូឯកសារខ្លី និស្សិត ស៊ុន ហេង និយាយថា ដោយមើលឃើញថា បញ្ហាគ្រោះរាំងស្ងួតបានក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការ ផលិតកម្ម និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។ ហេតុនេះ ទើបក្រុមនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ នាំគ្នាផលិតវីដេអូស្ដីពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត ដើម្បីជម្រុញឲ្យរដ្ឋាភិបាលមានវិធានការសមស្របណាមួយជួយដល់កសិករ៖ «ពួកយើងបង្កើតវីដេអូ ដែលមានខ្លឹមសារអប់រំ មានអត្ថន័យគ្រប់គ្រាន់ដែលអាចចែករំលែកទៅកាន់ស្ថាប័នគ្រប់គ្រាន់ ឲ្យគាត់យកវីដេអូនេះទៅប្រើបាន ហើយអាចចែកចាយទៅកាន់ក្រុមគោលដៅរបស់គាត់ ហើយឲ្យគាត់ដឹងថាមានកសិករនៅកន្លែងនេះ គាត់អាចជួយខ្លួនបាន អ៊ី ចឹងកសិករផ្សេងទៀតត្រូវដឹងថា គាត់ក៏អាចជួយគាត់បានដែរ តាមរយៈការមើលវិធីបន្ស៉ាំទៅនឹងគ្រោះរាំងស្ងួតទាំងនោះ»។
ជាតំណាងក្រុមនិស្សិត ដែលផលិតវីដេអូឯកសារខ្លីម្នាក់ទៀត កញ្ញា ឈន រស្មី បានឲ្យដឹងដែរថា វីដេអូនេះមិនត្រឹមតែមានប្រយោជន៍ ជួយអប់រំពីផលប៉ះពាល់ និងវិធីបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ចំពោះវិស័យកសិកម្មដល់ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ។ កញ្ញា ថាតាមរយៈផលិតរឿងខ្លី បានធ្វើឲ្យកញ្ញាយល់ដឹងបន្ថែម ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅតាមជនបទចំបងៗផ្សេងទៀតផងដែរ៖ «អ្វីដែលជាបញ្ហាដែលខ្ញុំមើលឃើញមួយទៀតនោះ គឺបញ្ហាខ្វះទីផ្សាររបស់កសិករ គឺថាដូចជាស្រូវ អ៊ឹចឹងគាត់ផលិតបាន ជាផល ជាផ្លែជាផ្កាហើយ តែលក់បានថោក តម្លៃនៅតែនឹងមាត់ឈ្មួញ អ៊ីចឹងបើរដ្ឋាភិបាលមានផែនការជួយចំនុតនេះកាន់តែប្រសើរ»។
ចំណែកឯ សាស្ត្រាចារ្យដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាអ្នកដឹកនាំក្រុមនិស្សិតផលិតវីដេអូខ្លី លោក ចន សុវណ្ណារ៉ា សាទរចំពោះសមិទ្ធិផលរបស់ក្រុមនិស្សិត។ លោក សង្ឃឹមថា វីដេអូ របស់ក្រុមនិស្សិត គឺជាជំហានដ៏សំខាន់ជំរុញដល់អាជ្ញាធរ និងរដ្ឋាភិបាលដឹងពីទុក្ខ លំបាករបស់កសិករ ហើយត្រៀមរៀបចំយុទ្ធសាស្ត្រទប់ស្កាត់បញ្ហាដែលកំពុងកើតមាន៖ «បញ្ហាគ្រោះរាំងស្ងួត គឺជាបញ្ហាមួយដ៏សំខាន់ ដែលបានផលិតចេញវីដេអូនេះ វាពិតជាមានតម្លៃណាស់ នៅក្នុងការផ្សព្វផ្សាយនឹងផ្តល់ព័ត៌មានទៅដល់ប្រជាជន អាជ្ញាធរ និងថ្នាក់នាំ ឲ្យរិះរកវិធីដោះស្រាយទប់ស្កាត់ សម្រាប់ផែនការអនាគត»។
សាស្ត្រាចារ្យ និងក្រុមនិស្សិត មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឲ្យដឹងថា វីដេអូឯកសារខ្លីទាំង៥រឿង ស្តីពី «ភាពធន់នឹងគ្រោះរាំងស្ងួត» ដែលបានស្រាវជ្រាវរយៈពេល៣ខែ បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាកសិករ នៅក្នុងខេត្តចំនួន៣ គឺ ខេត្តតាកែវ ពោធិ៍សាត់ និងខេត្តកំពង់ធំ។ វីដេអូឯកសារខ្លីនេះទទួលបានការឧបត្ថម្ភពីអង្គការអុកស្វាម (Oxfam)។
ក្រុមនិស្សិត អះអាងថា ពួកគេគ្រោងនឹងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ព្រមទាំងចែកចាយទៅអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីផ្សព្វផ្សាយពីខ្លឹមសារវីដេអូឯកសារខ្លីទាំងនេះ ឲ្យបានទូលំទូលាយបន្ថែមទៀត៕
វីដេអូ៖ ក្រុមនិសិ្សតផលិតវីដេអូស្តីពីភាពធន់នឹងគ្រោះរាំងស្ងួត
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
