រដ្ឋាភិបាលវៀតណាម នៅសប្ដាហ៍នេះបានស្នើឲ្យសមត្ថកិច្ចកម្ពុជា ស៊ើបអង្កេតករណីព្រួតគ្នាវាយសម្លាប់ជនជាតិវៀតណាម ម្នាក់ដែលសង្ស័យថា អាចបណ្ដាលមកពីការរើសអើងពូជសាសន៍។ ស្ថានទូតវៀតណាម បានស្តីបន្ទោស និងចាត់ទុកពលរដ្ឋខ្មែរដែលវាយសម្លាប់ជនជាតិវៀតណាម ម្នាក់នោះថា ជាអ្នកស្នេហាជាតិចង្អៀតចង្អល់ ចំណែកខាងសមត្ថកិច្ចបានទម្លាក់កំហុសទាំងស្រុងទៅលើគណបក្សសង្គ្រោះជាតិ ជាអ្នកញុះញង់ឲ្យមានការរើសអើងពូជសាសន៍។
ភាពតានតឹងផ្នែកការទូតរវាងខ្មែរ និងវៀតណាម ក្រោយពេលជនជាតិវៀតណាម ម្នាក់ដែលរស់នៅកម្ពុជា ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវាយសម្លាប់ កាលពីសប្ដាហ៍មុន បានស្ងប់ស្ងាត់ទៅវិញហើយ ក្រោយពេលសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនសង្ស័យម្នាក់ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ស្ថានទូតវៀតណាម និងសមត្ថកិច្ច នៅតែចោទប្រកាន់ថា ការវាយសម្លាប់នេះកើតឡើងដោយសារការរើសអើងពូជសាសន៍។
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Vang Thong) សម្ដែងការពេញចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា ដែលបានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការព្រួតគ្នាវាយសម្លាប់ជនជាតិវៀតណាម។ ក៏ប៉ុន្តែ លោកក៏បានអះអាងថា ជនជាតិវៀតណាម មានជំនឿចិត្តចំពោះការផ្តល់ការការពារសុវត្ថិភាពជនជាតិវៀតណាម នៅកម្ពុជា ចំណែកមិត្តភាពខ្មែរ-វៀតណាម មិនបានប៉ះពាល់ដោយសារឃាតកម្មនេះទេ។
«សំឡេង»
កាលពីយប់ថ្ងៃទី១៥ កុម្ភៈ ជនជាតិវៀតណាម ឈ្មោះ ត្រឹង វ៉ាំងចៀង អាយុ ៣០ឆ្នាំ កើតនៅកម្ពុជា ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវាយសម្លាប់ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ លោក ត្រឹង វ៉ាំងថុង បានស្តីបន្ទោសអ្នកដែលបានញុះញង់ឲ្យមានអំពើហិង្សាទៅលើជនជាតិវៀតណាម ដោយសារតែការរើសអើងពូជសាសន៍។
«សំឡេង»
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បដិសេធមិនធ្វើអត្ថាធិប្បាយទៅលើឃាតកម្មនេះទេ ប៉ុន្តែអះអាងថា រដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចការពារដល់ពលរដ្ឋទូទៅដែលរស់នៅលើទឹកដីកម្ពុជា។ ទោះបីជាយ៉ាងក៏ដោយ រដ្ឋាភិបាលកម្ពុជា បានយកអំពើឃាតកម្មនេះទៅទម្លាក់កំហុសទៅលើគណបក្សសង្គ្រោះជាតិ ថាជាអ្នកផ្ដើមការញុះញង់ឲ្យមានការរើសអើងពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចោទប្រកាន់ថា កន្លងមកមេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រើប្រាស់ពាក្យរើសអើងនឹងជនជាតិវៀតណាម នៅកម្ពុជា។
«សំឡេង»
លោក ខៀវ សុភ័គ បន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ហើយបានបញ្ជូនទៅឲ្យតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែជនសង្ស័យមិនមែនមានតែម្នាក់ទេ។
គណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុនបានថ្កោលទោសការវាយសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ និងស្នើឲ្យបញ្ឈប់ការរើសអើងផ្នែកពូជសាសន៍។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ បដិសេធថា គណបក្សនេះមិនធ្លាប់បានប្រើប្រាស់ការញុះញង់ និងរើសអើងជនជាតិវៀតណាម ឡើយ។ លោកបន្តថា កន្លងមកគណបក្សសង្គ្រោះជាតិ រិះគន់រដ្ឋាភិបាលកម្ពុជា ដែលបង្កបញ្ហាក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវៀតណាម មិនមែនរើសអើងនឹងក្រុមហ៊ុនវៀតណាម ឡើយ។
«សំឡេង»
លោក កឹម សុខា បន្តថា ឃាតកម្មលើជនជាតិវៀតណាម នេះ មិនមែនជាករណីទីមួយទេ។ អំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់ បានបន្តកើតឡើងជាបន្តបន្ទាប់ ដោយសារតែពលរដ្ឋកម្ពុជា អស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
របាយការណ៍អង្គការសហប្រជាជាតិ ផ្សាយកាលពីឆ្នាំ២០០២ បង្ហាញថា អំពើហិង្សាព្រួតវាយសម្លាប់នៅតាមទីធ្លាសាធារណៈ បានកើនឡើង។ របាយការណ៍បង្ហាញថា មនុស្សចំនួន ៦៥នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ១៩៩៩។ ករណីទាំងនោះ ភាគីច្រើនសមត្ថកិច្ចបានដឹង ប៉ុន្តែមិនបានអន្តរាគមន៍ ឬឃាត់ឃាំងបទល្មើសទាំងនោះ។ អង្គការសហប្រជាជាតិ ស្នើរដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងនឹងសមត្ថកិច្ច ដែលមិនបានអន្តរាគមន៍បញ្ឈប់ការព្រួតគ្នាវាយសម្លាប់ ហើយពលរដ្ឋកម្ពុជា ត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាពួកគេមិនអើពើចំពោះឃាតកម្មទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
