ជាក់ស្ដែង នៅលើភ្នំបូកគោ ដែលជាតំបន់ទេសចរណ៍អេកូធម្មជាតិ មានសេចក្ដីរាយការណ៍មកថា មានជនជាតិវៀតណាម យកទីតាំងនោះមួយផ្នែកធ្វើជាកន្លែងសម្រាប់សមាធិ និងទីសក្ការបូជារបស់វៀតណាម យ៉ាងពេញនិយមថែមទៀត។
សំឡេង៖ «ជាកន្លែងតាំងសីលរបស់អ្នកសច្ចំ គឺថាវៀតណាម ច្រើន។ និយាយចំវៀតណាម ច្រើន ភាគច្រើនឥតមានខ្មែរយើង វៀតណាម ទៅតាំងសីលទៅហ្នឹងអ៊ីចឹង។ វាថានៅកន្លែងហ្នឹង វាមានថ្មី កន្លែងថ្ម មានកន្លែងថ្មជ្រកៗភ្លៀងជ្រកអីអ៊ីចឹង»។
ប្រជាពលរដ្ឋដែលបម្រើការនៅលើភ្នំបូកគោ និងអ្នករស់នៅក្បែរជើងភ្នំរមណីយដ្ឋានធម្មជាតិមួយនេះ និយាយថា ជនអន្តោប្រវេសន៍វៀតណាម បានយកទីតាំងវាលស្រែ១០០ និងវាលស្រែ៥០០ ធ្វើជាទីតាំងសម្រាប់ពិធីគោរពបូជាតាមបែបសាសនា ខណៈសន្តិសុខត្រូវបានគេពង្រឹងក្នុងការចេញចូលយ៉ាងតឹងរ៉ឹងទៅកាន់ទីតាំងនោះ។
ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ យុវជនដែលបម្រើការនៅលើភ្នំបូកគោ ឲ្យដឹងកាលពីថ្ងៃទី២០ សីហា ថា រថយន្តប្រភេទសាំយ៉ុង ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដឹកភ្ញៀវទេសចរវៀតណាម ចេញពីច្រករបៀងទាន់ហន់ ព្រំដែនកម្ពុជា-វៀតណាម មកកាន់ភ្នំបូកគោ ជាហូរហែ។ ស្ថិតក្នុងវ័យជាង ២០ឆ្នាំ យុវជនរូបនេះបន្តថា មុននឹងទៅដល់វាលស្រែ១០០ និងវាលស្រែ៥០០ ភ្ញៀវទេសចរវៀតណាម ទាំងនោះ ត្រូវទិញសំបុត្រក្នុងម្នាក់ ១៥ដុល្លារ ឬស្មើនឹង ៦ម៉ឺនរៀល ពីសណ្ឋាគារនៅលើភ្នំបូកគោ របស់ លោក សុខ គង់ ជាមុន៖ «រឿងថាចូលស្រែ៥០០ កាលពីដើមយើងចូលធម្មតាអីធម្មតាទេ គ្មានបញ្ហាយកលុយយកកាក់ទេ។ ប៉ុន្តែ ពីដើមកាលមិនទាន់អភិវឌ្ឍន៍។ ដល់ពេលចាប់តាំងពីពេលដែលគេចាប់អភិវឌ្ឍន៍ ធ្វើហើយ ដឹងថាម្ចាស់គម្រោងគេទៅឃើញខាងក្នុងទេសភាពស្រែ៥០០ ហ្នឹង»។
ប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំបូកគោ ក្នុងស្រុកទឹកឈូ ខេត្តកំពត ទម្លាយឲ្យដឹងថា វៀតណាម បានសាងសង់ជាអាស្រមដោយសម្ងាត់តាមបែបសាសនារបស់វៀតណាម យ៉ាងរឹងមាំ និងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អាស្រមនេះ គឺគេធ្វើនៅក្នុងរូងថ្ម ដោយយកស៊ីម៉ងត៍ និងរៀបឥដ្ឋបន្ថែមពីលើ៖ «វត្តសំពៅប្រាំ ក្រោយកាស៊ីណូ ហើយផ្លូវហ្នឹងមុខវត្តទៅលិចត្រង់ហ្មង។ ស្រែ១០០ មានដុំថ្មនៅពេញណាពេញណី។ វៀតណាម មានកាលពីមុនវាដំណាក់ធម៌ មានរូងថ្មវាហ្នឹង»។
លើសពីនេះ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា ការបង្កើតសមាគមវៀតណាម នៅក្នុងប្រទេសកម្ពុជា វាគឺពុំមែនជារឿងចៃដន្យឡើយ។ ក្នុងន័យនេះ លោកថា ព្រោះសមាគមវៀតណាម នេះ គឺទំនងជាកំពុងអនុវត្តគោលនយោបាយដំណើរឆ្ពោះមកទិសខាងលិចនៃបក្សកុម្មុយនីស្តវៀតណាម របស់ លោក ហូ ជីមិញ។ ហើយអ្វីដែលជាការចាប់អារម្មណ៍នោះ គឺសមាគមនេះមានភាពជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងហាណូយ ដែលផ្ទុយពីសមាគមដទៃទៀត ដែលគេបង្កើតឡើងនៅបរទេស សម្រាប់តែសង្គមកិច្ចប៉ុណ្ណោះនោះ៖ «បើយើងឃើញការបង្កើតសមាគមរបស់យួន នៅកម្ពុជា យើង តាមបណ្ដាខេត្តមួយចំនួនច្រើនហ្នឹង វាសឹងតែ ២៤ខេត្តក្រុងហើយ។ យើងឃើញថា វាមិនមែនជារឿងការបង្កើតក្នុងនាមការបង្កើតការជួយគ្នាក្នុងកិច្ចការសង្គមកិច្ចនោះទេ។ បើយើងមើលការបង្កើតហ្នឹង គឺស្ថិតនៅក្នុងន័យបង្កប់ វាគឺថាអនុវត្តទៅតាមបណ្ដាំ ហូជីមិញ។ ក្នុងគោលបំណងអាក្រក់មកលើកម្ពុជា យើង»។
ចំណែក លោក យន់ ផល្លី អ្នកស្រាវជ្រាវអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត ដែលឃ្លាំមើលដំណើរការនៃការតាំងទីលំនៅរបស់ជនអន្តោប្រវេសន៍វៀតណាម លើភ្នំបូកគោ នេះ ចាត់ទុកថា នេះគឺជាការរំលោភច្បាប់របស់ប្រទេសកម្ពុជា។ លោកគិតថា ព្រោះចំណុចដែលវៀតណាម ធ្វើអាស្រមនោះ គឺត្រូវបានរឹតបន្តឹងសន្តិសុខចេញចូលរបស់ពលរដ្ឋជាម្ចាស់ប្រទេស។ លោក យន់ ផល្លី អះអាងថា ថ្ងៃក្រោយ តំបន់នោះនឹងអាចក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនជាតិវៀតណាម លើទឹកដីកម្ពុជា។
លោក យន់ ផល្លី៖ «ឆ្លងការតាមឃ្លាំមើលរបស់យើង ខ្ញុំឃើញថា ការដែលជនជាតិវៀតណាម ដែលគាត់បានចូលទៅតំបន់ស្រែ១០០ ដែលមានការសច្ចំ ឬក៏តាំងសីលអីផ្សេងៗ ហាក់បីដូចជាចូលនិវត្តន៍ហើយ ពីព្រោះថា ក្នុងករណីនេះ យើងឃើញថា ជនជាតិខ្មែរយើងចូលទៅតំបន់ហ្នឹងមានការហាមឃាត់។ អ៊ីចឹង បើជនជាតិវៀតណាម ហាក់បីដូចជាមានការអនុញ្ញាតឲ្យទៅធ្វើការតាំងសីល ១យប់ ២យប់ ឬក៏ច្រើនយប់បន្តទៀត។ អ៊ីចឹង យើងឃើញថា វាឥតសមហេតុផល ហាក់បីដូចជាការបិទសិទ្ធិសេរីភាពប្រជាជនកម្ពុជាយើង ដែលទៅជាតំបន់មួយដែលហៅថាជាតំបន់រមណីយដ្ឋានមួយនៅតំបន់នោះ»។
ស្រដៀងគ្នានេះដែរ បុគ្គលិកដែលបម្រើការនៅលើភ្នំបូកគោ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ទម្លាយឲ្យដឹងថា ភ្ញៀវទេសចរវៀតណាម តែងចាត់ទុករមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះថា គឺជាកម្មសិទ្ធិរបស់ខ្លួន៖ «គាត់មានមគ្គុទ្ទេសក៍ទេសចរណ៍ គាត់និយាយដែរថា គាត់ឡើងមកអ៊ីចឹង គាត់ចង្អុលទៅពីបូកគោ យើងទៅ វាមើលឃើញកោះត្រល់។ អ៊ីចឹងគាត់ចង្អុល គាត់និយាយថា កោះត្រល់របស់យើងអីៗរបស់យើងអ៊ីចឹងអ្ហា។ គាត់ចង្អុលអ៊ីចឹងអ្ហា។ គាត់ថាអភិវឌ្ឍន៍លើអ៊ីចឹង ដល់ពេលឃើញវៀតណាម មកច្រើន គាត់ថាគ្នាគាត់មកអភិវឌ្ឍន៍ មកអភិវឌ្ឍន៍រក្សឲ្យអ៊ីចឹងអ្ហា»។
លើសពីនេះ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា ការបាត់បង់ទឹកដីណាមួយបន្ថែមទៀត ឬតំបន់ដែលតាំងលំនៅថ្មីដោយអ្នកសច្ចំវៀតណាម។ លោកគិតថា អ្នកទទួលខុសត្រូវក្នុងរឿងនេះ គឺជាបន្ទុករបស់មន្ត្រីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ៖ «គ្មានការអនុញ្ញាត ហើយមិនមានថាឲ្យបងប្អូនខ្មែរយើងចេញចូលនៅតំបន់ហ្នឹង វាជារឿងមួយ វាជារឿងមួយខុសច្បាប់។ ហើយយើងមានការព្រួយបារម្ភ បើសិនជាចេះតែមកបោះៗបន្តបន្ទាប់ទៅ។ វាប៉ះពាល់ទៅដល់រឿងសង្គមខ្មែរយើង។ ហើយអាជ្ញាធរក៏ដូចជារដ្ឋាភិបាល ត្រូវពិនិត្យរឿងហ្នឹងឲ្យបានជាក់លាក់ ជុំវិញបញ្ហាទាំងអស់នេះបាទ»។
បដិសេធនឹងការចោទប្រកាន់នេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល អះអាងយ៉ាងខ្លីថា លោកពុំបានជាប់ពាក់ព័ន្ធនឹងបញ្ហានេះទេ ដោយស្នើឲ្យទាក់ទងម្ចាស់គម្រោងនៅភ្នំបូកគោ វិញ។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពី លោក សុខ គង់ ដែលត្រូវគេដឹងថា ជាម្ចាស់គម្រោងវិនិយោគភ្នំបូកគោ ដ៏ធំនេះបានភ្លាមៗទេ។
ចំណែកសន្តិសុខដែលយាមល្បាតនៅច្រកចូលទៅតំបន់វាលស្រែ៥០០ សុំមិនបញ្ចេញឈ្មោះ ហាក់មានភាពអល់អែកក្នុងការអត្ថាធិប្បាយជុំវិញបញ្ហាដែលថា មានជនអន្តោប្រវេសន៍វៀតណាម ទៅតាំងអាស្រមនៅចំណុចវាលស្រែ៥០០ នោះ។ ក៏ប៉ុន្តែ បានអះអាងយ៉ាងខ្លីថា ពិតជាមានសច្ចំបង់បត់ធ្វើសមាធិតាមបែបសាសនារបស់វៀតណាម និងមានភ្ញៀវទេសចរវៀតណាម ឡើងចុះទៅទីនោះជាហូរហែប្រាកដមែន៖ «បើតាមឮថាគេតៗពីមាត់គេ យើងឥតដឹងដែរ។ យើងចេះតែបារម្ភខ្លះដែរ ប៉ុន្តែថាភ្ញៀវគេមកលេងគេទៅវិញ។ គេចូលទៅទិញសំបុត្រអីត្រឹមត្រូវ»។
បន្ថែមលើនេះ បុគ្គលិកដែលបម្រើការនៅរមណីយដ្ឋានឋានសួគ៌បូកគោ របស់ លោក សុខ គង់ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដែរនោះ ទទួលស្គាល់ថា ពិតជាមានជនអន្តោប្រវេសន៍វៀតណាម ទៅតាំងទីលំនៅក្នុងតំបន់ភ្នំបូកគោ នេះជាយូរមកហើយ៖ «ពីមុនមកប្រហែលជាអាចជាការតាំងលំនៅដែរបង ដោយសារពួកគាត់មកនៅ ដោយសារអ្នកខ្លះ បើតាមពួកខ្ញុំទៅសួរគាត់ ពួកគាត់និយាយថា កន្លែងអស់ហ្នឹង គឺជាកន្លែងដូនតារបស់គាត់ ដែលមកនៅហ្នឹង ហើយស្លាប់នៅទីនឹង។ ដល់អ៊ីចឹងហើយ បានពួកគេកូនចៅនៅខាងក្រោយនេះ គេមកបន់ស្រន់ មកបួងសួង មកសែនព្រេនអីអ៊ីចឹងណាបង។ ហ្នឹងបើតាមទស្សនៈដែលពួកគាត់មកចំណាយលុយម្នាក់ ១៥ដុល្លារ ២យប់ ៣ថ្ងៃហ្នឹង។ ហ្នឹងជាគោលដៅរបស់គាត់»។
ប្រជាពលរដ្ឋនៅក្បែរជើងភ្នំបូកគោ ដាក់ការសង្ស័យថា លោក សុខ គង់ ទំនងជាអ្នកស្ថិតនៅពីក្រោយដែលនាំឲ្យមានជនអន្តោប្រវេសន៍វៀតណាម ចូលទៅតាំងទីលំនៅឋានលើភ្នំបូកគោ នេះ។ ព្រោះភ្ញៀវទេសចរទាំងខ្មែរ និងវៀតណាម ដែលប្រាថ្នាចង់ចូលទៅទស្សនាវាលស្រែ៥០០ ត្រូវទិញសំបុត្រពីសណ្ឋាគាររបស់ លោក សុខ គង់ ជាមុនសិន ទើបអាចចូលទៅកាន់តំបន់នោះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។