ប្រតិកម្ម​របស់​ជនជាតិ​វៀតណាម​ក្រោយ​ពេល​ផ្នូរ​សាច់ញាតិ​រង​ការ​វាយ​បំផ្លាញ

0:00 / 0:00

ថ្មីៗ​នេះ មាន​ការ​បង្ហោះ​វីដេអូ​មួយ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហាញ​ពី​សកម្មភាព​របស់​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម វាយ​បំផ្លាញ​ផ្នូរ​របស់​សហគមន៍​ជនជាតិ​វៀតណាម អស់​ជាង ១០​ផ្នូរ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ អាជ្ញាធរ​ស្រុក​ស្អាង និង​សហគមន៍​ជនជាតិ​វៀតណាម​ ដែល​មាន​សាច់ញាតិ​បញ្ចុះ​នៅ​តំបន់​នោះ អះអាង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ហេតុការណ៍​នេះ អាច​ពាក់ព័ន្ធ​នឹង​ការ​រើស​អើង​ពូជ​សាសន៍។

នៅ​លើ​ផ្ទៃដី​ប្រហែល​កន្លះ​ហិកតារ​ហ៊ុមព័ទ្ធ​ដោយ​វាលស្រែ និង​ដំណាំ​ដាំ​ដុះ​របស់​អ្នកភូមិ​ជនជាតិ​ខ្មែរ គេ​ឃើញ​មាន​ផ្នូរ​ជនជាតិ​វៀតណាម ប្រមាណ ៣០០ ត្រូវ​បាន​សាងសង់​ជា​ជួរៗ​។ ផ្នូរ​នៅ​ជួរ​ខាង​ឆ្វេង ជា​ផ្នូរ​ដែល​សង់​ឡើង​តាម​សាសនា​ព្រះពុទ្ធ ឯ​ខាង​ស្ដាំ តាម​សាសនា​យេស៊ូ​បែប​កាតូលិក។ ដី​មួយ​កន្លែង​នេះ ស្ថិត​ក្នុង​ភូមិ​ក្នុងព្រែក ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជនជាតិ​វៀតណាម ប្រមាណ ៣០០​គ្រួសារ រស់​នៅ​តាម​ដង​ទន្លេបាសាក់ និង​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​វិហារ​សហគមន៍​ព្រះ​យេស៊ូ បែប​កាតូលិក​មួយ។

វាល​ស្មសាន​មួយ​កន្លែង​នេះ មាន​សភាព​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា កន្លង​ទៅ ផ្នូរ​ជនជាតិ​វៀតណាម ជាង ១០ ត្រូវ​បាន​រំខាន​ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ពី ៣ ទៅ ៤​នាក់។ ផ្នូរ​ជាង​ដប់​នោះ រង​ការ​វាយ​បំផ្លាញ​ដោយ​អន្លើ ត្រង់​ផ្នែក​ខាង​មុខ។

ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង វីដេអូ​ខ្លី​មួយ​មិន​ស្គាល់​ប្រភព ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​នោះ​ប្រើ​ញញួរ​វាយ​បំផ្លាញ​ផ្នូរ។

​ក្នុង​វ័យ​ជាង ៧០​ឆ្នាំ លោក ង្វៀន ស្វឹនថ ជា​គ្រូ​សាសនា​យេស៊ូ​ខាង​កាតូលិក ទទួល​បន្ទុក​ចាត់ចែង​ពិធី​សាសនា​នៅ​តំបន់​នោះ​ជាង ២០​ឆ្នាំ​មក​ហើយ។ លោក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បំផ្លាញ​ផ្នូរ​សហគមន៍​ជនជាតិ​វៀតណាម នៅ​ស្រុក​ស្អាង មិន​មែន​ទើបតែ​កើត​ឡើង​ជា​លើក​ទី​មួយ​នោះ​ទេ តែ​លោក​ថា ការ​វាយ​បំផ្លាញ ហើយ​មាន​ថត​ជា​វីដេអូ​បែប​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ និង​ទំនង​ជា​ពាក់ព័ន្ធ​ការ​រើសអើង​ពូជ​សាសន៍។

លោក ង្វៀន ស្វឹនថ៖ «វាយ​ផ្នូរ​ហ្នឹង លើក​ទី​៣​ហើយ។ លើក​ទី​១ ទី​២ វាយ​តែ​ខាង​កាតូលិក​ទេ នៅ​ពេល​បោះឆ្នោត​កន្លង​ទៅ។ ឥឡូវ​វិញ គឺ​ស្មុគស្មាញ ប្រហែល​ដោយសារ​រឿង​ព្រំដែន​ហើយ បាន​ពួកគេ​មក​វាយ​ទៀត​ហ្នឹង។ តែ​យើង​មាន​ដឹង​អី! ប្រហែល​ពួក​ហ្នឹង​ស្អប់​វៀតណាម ហើយ បាន​ជា​មក​វាយ​កម្ទេច​ផ្នូរ​ជីដូន​ជីតា​វៀតណាម អ៊ីចឹង»

​ជនជាតិ​វៀតណាម រស់​នៅ​តំបន់​នោះ បាន​សម្ដែង​អារម្មណ៍​ឈឺចាប់ នៅ​ពេល​ផ្នូរ​សាច់ញាតិ​របស់​ពួកគេ​រង​ការ​វាយ​បំផ្លាញ​ដោយ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ។ យ៉ាង​ណា លោកគ្រូ​សាសនា ង្វៀន ស្វឹនថ អំពាវនាវ​ឲ្យ​សហគមន៍​វៀតណាម រំងាប់​កំហឹង និង​រក្សា​ភាព​ស្ងៀមស្ងាត់៖ «ជនជាតិ​វៀតណាម យើង ឃើញ​គេ​វាយ​ផ្នូរ​អ៊ីចឹង​ឈឺ​ចិត្ត​ណាស់ ទោះ​បី​គ្មាន​ជាប់​សាច់ឈាម​ក៏ដោយ។ ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ឈឺ​ចាប់​ដែរ ក៏ប៉ុន្តែ​ខ្ញុំ​ក៏​ពន្យល់​បងប្អូន​ឲ្យ​ស្ងប់ ដោយសារ​យើង​រស់​លើ​ទឹកដី​ខ្មែរ​ទេ កុំ​ឲ្យ​គេ​ខឹង កុំ​ឲ្យ​មាន​ការ​សងសឹក ស្ងប់​ទៅ កុំ​ធ្វើ​អី​ទាំង​អស់»

លោក ហ្វាន អ៊ុតអិម ជា​ជនជាតិ​វៀតណាម ម្នាក់​ដែល​ផ្នូរ​របស់​ឪពុក​លោក​រង​ការ​វាយ​បំផ្លាញ។ ស្រដៀង​នឹង​ការ​យល់​ឃើញ​របស់​លោកគ្រូ​សាសនា​ដែរ លោក ហ្វាន អ៊ុតអិម អះអាង​ថា រឿង​នេះ​មិន​មែន​ជា​រឿង​គំនុំ​រវាង​បុគ្គល​និង​បុគ្គល​ទេ។

លោក ហ្វាន អ៊ុតអិម៖ «មិន​ដឹង​ខាង​ណា​វាយ​ទេ។ បើ​ថា​សង្ស័យ ក៏​មិន​ដឹង​សង្ស័យ​អ្នក​ណា​ដែរ។ ខ្ញុំ​ក៏​មិន​ដែល​មាន​គំនុំ​ជាមួយ​អ្នក​ណា​ដែរ។ ខ្ញុំ​ក៏​មិន​ដឹង​ថា ម៉េច​បានជា​គេ​ទៅ​វាយ​ផ្នូរ​អ៊ីចឹង​ដែរ។ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ខ្ញុំ ខ្ញុំ​ក៏​មិនដែល​ធ្វើ​ឲ្យ​អ្នក​ណា​ស្អប់ខ្ពើម​ខ្ញុំ​ដែរ។ បើ​គេ​ស្អប់​ខ្ពើម​ខ្ញុំ គេ​វាយ​តែ​ផ្នូរ​ជីដូន​ជីតា​ខ្ញុំ​បាត់​ហើយ ចាំបាច់​អី​ទៅ​វាយ​ផ្នូរ​អ្នក​ដទៃ​ដែរ?»

ក្នុង​ចំណោម​ផ្នូរ​ប្រមាណ ៣០០ នៅ​លើ​ដី​នោះ ផ្នូរ​ដែល​ចាស់​បំផុត​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​២០០០ ឯ​ផ្នូរ​ថ្មី​បំផុត​ហើយ​រង​ការ​បំផ្លាញ​ដែរ​នោះ សង់​ឡើង​នៅ​ខែ​កក្កដា ថ្មីៗ​នេះ។

​បុរស​ជនជាតិ​វៀតណាម មួយ​ក្រុម​ដែល​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​តំបន់​ផ្នូរ​នោះ សុទ្ធតែ​អះអាង​ថា មិន​ចង់​ប្ដឹងផ្ដល់​នោះ​ទេ តែ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ទៀត៖ «និយាយ​រឿង​ប្ដឹង ខ្ញុំ​ក៏​មិន​ដឹង​ថា ម៉េច​ដែរ ហើយ​បើ​ប្ដឹង ក៏​មិន​ដឹង​ថា គេ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ឬ​អត់​ដែរ។ ប៉ុន្តែ​ពួក​ខ្ញុំ​ចង់​បាន​តែមួយ​សុខ​ទេ។ ក្រោយៗ​កុំ​វាយ​ទៀត។ បើ​ប្ដឹងផ្ដល់​ខ្លាច​មាន​គំនុំ​សងសឹក ហើយ​មក​វាយ​ថែម​ទៀត។ ម្យ៉ាង​ទៀត យើង​ជា​ជនជាតិ​វៀតណាម រស់នៅ​លើ​ដី​គេ​ទេ កុំ​ប្ដឹងផ្ដល់​អី ពិបាក​រស់​ណាស់!»

ខេត្ត​កណ្ដាល ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត ដែល​មាន​ជនជាតិ​វៀតណាម រស់​នៅ​ច្រើន។របាយការណ៍​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៤ របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច ដែល​សិក្សា​ពី​ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​ខេត្ត​កណ្ដាល និង​កំពង់ឆ្នាំង បាន​បង្ហាញ​ថា ជនអន្តោប្រវេសន៍​ទាំង​នោះ ដែល​មួយ​ចំនួន​បាន​កើត និង​រស់​នៅ​លើ​ទឹកដី​កម្ពុជា ជា​ច្រើន​ជំនាន់​មក​ហើយ ចាត់​ទុក​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​ដើម​កំណើត​របស់​ខ្លួន ក៏ប៉ុន្តែ​ពួកគេ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ សេដ្ឋកិច្ច​សង្គម និង​នយោបាយ។

ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២៦២ ស្ដីពី​បទ​ប្រមាថ​ទី​បញ្ចុះសព​ចែង​ថា អំពើ​ប្រមាថ​តាម​មធ្យោបាយ​ណា​មួយ​ក៏ដោយ​ទៅ​លើ​ផ្នូរ ទី​បញ្ចុះសព កោដ្ឋ ឬ​សំណង់​ដែល​កសាង​ឡើង​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​នៃ​អ្នក​ទទួល​មរណភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ទៅ​ពីរ​លាន​រៀល។

ចាប់​តាំង​ពី​ហេតុការណ៍​នៃ​ការ​វាយ​បំផ្លាញ​ផ្នូរ​របស់​សហគមន៍​ជនជាតិ​វៀតណាម បាន​កើត​ឡើង​សមត្ថកិច្ច​ស្រុក​ស្អាង នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​នៃ​ជន​ប្រព្រឹត្ត​បទល្មើស​បាន​នៅ​ឡើយ។ អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង លោក សយ សារវ័ន្ត នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា បញ្ជាក់​ថា នគរបាល​ស្រុក​ស្អាង នឹង​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។