មេ​ភូមិ​នៅ​សៀមរាប​រង​ការ​ចោទ​ថា​យក​លុយ​ពី​ពលរដ្ឋ​ដែល​ទទួល​បាន​ជំនួយ

0:00 / 0:00

រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ កំពុង​ប្រឹងប្រែង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​រដ្ឋបាល​សាធារណៈ​ឱ្យ​ប្រសើរ​ជាង​មុន។ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល បាន​ចេញ​ប្រកាស​កំណត់​ការ​យក​ថ្លៃ​សេវា​សាធារណៈ​ពី​ការ​បោះ​ត្រា​ឯកសារ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​យ៉ាង​ច្បាស់​លាស់។ បន្ថែម​លើ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង ក៏​កំពុង​ផ្សព្វផ្សាយ​ជុំវិញ​បញ្ហា​កំណែ​ទម្រង់​នេះ​ដែរ ដោយ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ណា​ម្នាក់​អាច​ទទួល​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ ខុស​ពី​គោលការណ៍​ដែល​មាន​ចែង​បាន​ឡើយ។

ក៏ប៉ុន្តែ កាល​ពី​ពេល​ថ្មីៗ មន្ត្រី​មូលដ្ឋាន​ខ្លះ​ក្នុង​ខេត្ត​សៀមរាប នៅ​តែ​ឆ្លៀត​កេង​ចំណេញ​លើ​ជំនួយ​មនុស្សធម៌ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​បង់​លុយ នៅ​ពេល​ដែល​បែង​ចែក​ជំនួយ​ទាំង​នោះ។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​ក្របីរៀល ចម្ងាយ​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទីក្រុង​សៀមរាប បាន​ចោទ​ប្រកាន់​មេ​ភូមិ និង​អនុ​ប្រធាន​ភូមិ​ថា បាន​ដើរ​យក​លុយ​ពី​ពួក​គាត់ ដែល​បាន​ជំនួយ​ផ្នែក​អនាម័យ សុខភាព ពី​ធនាគារ​ពិភពលោក (World Bank)។ ក្រុម​អ្នក​ភូមិ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មន្ត្រី​ភូមិ ដែល​ដើរ​យក​លុយ​នោះ​ទេ ក៏ប៉ុន្តែ​ភាគ​ច្រើន គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ឡើយ។

អ្នក​ភូមិ​ប្រមារ នៃ​សង្កាត់​ក្របីរៀល គឺ​លោក អៀម អូច។ លោក​បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ទៀត សុទ្ធតែ​បាន​ទទួល​ជំនួយ​ជា​លូ​ចំនួន ៣​កង់ ចាន​បង្គន់​១ និង​ថាស​ទ្រនាប់​បង្គន់​១ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​តាម​គ្រួសារ។

លោក អៀម អូច ឲ្យ​ដឹង​ថា ជំនួយ​ទាំង​នោះ គឺ​ត្រូវ​ចែក​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ជំនួយ​ទាំង​នោះ​បាន​ដឹក​យក​ទៅ​ដាក់​តាម​ផ្ទះ​ប្រជាពលរដ្ឋ បែរ​ជា​មេ​ភូមិ និង​អនុ​ប្រធាន​ភូមិ​ប្រមារ ដើរ​យក​លុយ​ទៅ​វិញ។

លោក អៀម អូច បាន​បញ្ជាក់​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​មេ​ភូមិ និង​អនុ​ប្រធាន​ភូមិ ដើរ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​លោក​ក៏​បាន​ជំទាស់​មិន​ឱ្យ​យក​ដែរ៖ «អនុ​ភូមិ​ឈ្មោះ ឌូ នាម! គេ​ថា​មិន​មាន​ក្រសួង​ណា​ឱ្យ​យក​ទេ ហើយ​គេ​យក​នេះ​ថ្លៃ​នឿយ​ហត់​ដែល​គេ​ដើរ​មក​មើល គេ​សុំ ១​ម៉ឺន​រៀល​១​គ្រួសារ។ កាល​ពី​ថ្ងៃ​មុន គាត់​មក​ប្រាប់ ហើយ​ខ្ញុំ​ក៏​មិន​បាន​និយាយ​ថា​អី ដល់​ថ្ងៃ​ក្រោយ​គេ​មក​យក​ប្រាក់​ផ្ទាល់។ ខ្ញុំ​មិន​សប្បាយ​ចិត្ត ខ្ញុំ​ក៏​តវ៉ា​មិន​ឱ្យ ខ្ញុំ​ថា គ្រាន់​តែ​ថវិកា​ចូល​រួម​ឃុំ-សង្កាត់ ១.៥០០​រៀល ក៏​ធ្វើ​វិក្កយបត្រ​ឱ្យ​ខ្ញុំ​ដែរ ដល់​ពេល​មក​សុំ​រាប់​ម៉ឺន​មិន​មាន​វិក្កយបត្រ ដៃ​ទទេ ខ្ញុំ​អត់​ឱ្យ​ទេ។ ដល់​ពេល​ខ្ញុំ​មិន​ឱ្យ គេ​ថា​រឿង​មិន​ឱ្យ​គេ​មិន​បាន​ថា​យ៉ាង​ម៉េច​ទេ អា​នេះ​ជា​រឿង​មនោសញ្ចេតនា»

បុរស​ចំណាស់​ដែល​ជា​អ្នក​ភូមិ​ប្រមារ ម្នាក់​ទៀត មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​គាត់​ទើប​តែ​បង់​លុយ​ចំនួន ៣​ពាន់​រៀល​ទៅ​ឱ្យ​ប្រធាន​ភូមិ និង ១​ម៉ឺន​រៀល​ទៀត​ទៅ​ឱ្យ​អនុ​ប្រធាន​ភូមិ។ បុរស​ដដែល​បាន​បញ្ជាក់​ថា គ្រួសារ​របស់​គាត់ គឺ​ក្រីក្រ​ខ្លាំង រក​តែ​ប្រាក់​ទិញ​អង្ករ​ដាំ​បាយ​ហូប​ប្រចាំ​ថ្ងៃ​ស្ទើរ​តែ​មិន​បាន ហើយ​នៅ​ពេល​អនុ​ប្រធាន​ភូមិ​តម្រូវ​ឱ្យ​បង់​លុយ ១​ម៉ឺន​រៀល​ដូច្នេះ គឺ​លោក​មិន​សប្បាយ​ចិត្ត​ទេ ក៏ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ពីព្រោះ​មិន​ហ៊ាន​តវ៉ា។ លោក​សម្ដែង​ការ​ខក​ចិត្ត​ទៅ​លើ​ការ​ទទួល​ជំនួយ​នោះ ដោយ​ថា ប្រសិន​បើ​បាន​ដឹង​មុន​ថា​ជំនួយ​ត្រូវ​បង់​ប្រាក់ គឺ​លោក​ពិត​ជា​មិន​ចុះ​ឈ្មោះ​ទទួល​យក​ឡើយ៖ «ដល់​ពេល​បាន​មក ប្រធាន​ភូមិ​ឈ្មោះ ភន កូវ គេ​សុំ ៣​ពាន់​រៀល ហើយ​ដល់​មក​ដាក់​លូ​រួច អនុ​ប្រធាន​ភូមិ​ឈ្មោះ ឌូ នាម គាត់​មក​ប្រាប់​ឱ្យ​ជីក​រណ្ដៅ​ឱ្យ​គេ​រៀប​ចំ​លូ​អី​រួច គាត់​ប្រាប់​ថា នៅ​ពេល​គេ​មក​ចាក់សាប គឺ​គាត់​ឱ្យ​ផ្ដិត​មេដៃ គេ​យក​លុយ ១​ម៉ឺន​រៀល។ ខ្ញុំ​រវល់​ទៅ​ស្រោច​ដំណាំ ដល់​ខ្ញុំ​មក​ដល់​វិញ ខ្ញុំ​សួរ​គ្រួសារ​ខ្ញុំ ថា​គេ​មក​យក​លុយ ១​ម៉ឺន​រៀល ឱ្យ​ទៅ​គេ​ហើយ។ ថា​គេ​ឱ្យ​ជំនួយ បែរ​ជា​មក​យក​លុយ គឺ​ដូច​ជា​កុហក​ប្រជាជន​បាត់​ទៅ​ហើយ ពីព្រោះ​អង្គការ​ប្រជុំ​ប្រាប់​ថា មិន​មាន​ការ​យក​លុយ​កាក់​ពី​ជំនួយ​ទាំង​នោះ​ទេ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ភូមិ​ដែល​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់ បាន​ព្យាយាម​បដិសេធ​ថា គេ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ដើរ​ទារ​ប្រាក់​ពី​អ្នក​ភូមិ ដែល​ទទួល​ជំនួយ​ទាំង​នោះ​ទេ។

ប្រធាន​ភូមិ​ប្រមារ លោក ភន កូវ បាន​ហៅ​ការ​ចោទ​ប្រកាន់​ដែល​ថា រូប​លោក​បាន​ដើរ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។ លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា មួយ​រយៈ​មក​នេះ គឺ​លោក​បាន​លេច​ឮ​ពាក្យ​ជាច្រើន ដែល​និយាយ​អាក្រក់​មក​លើ​រូប​លោក។ ទោះ​យ៉ាង​ណា លោក កូវ ភន បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ទទួល​ប្រាក់ ៣​ពាន់​រៀល​ពី​ប្រជាពលរដ្ឋ ១​គ្រួសារ​មែន ក៏ប៉ុន្តែ​ប្រាក់​នោះ គឺ​លោក​មិន​បាន​ចាយ​វាយ​ផ្ទាល់​ខ្លួន​ទេ ដោយ​យក​ទៅ​ឱ្យ​កម្មករ​ដែល​ជា​អ្នក​ដឹក​ជញ្ជូន​លូ​ទៅ​តាម​ភូមិ ចំណែក​ឯ​រឿង​ដែល​ថា​អនុ​ប្រធាន​ភូមិ​ឈ្មោះ ឌូ នាម បាន​ដើរ​ទារ ១​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ​ទៀត​នោះ គឺ​លោក​មិន​បាន​ដឹង​ឡើយ៖ «កាល​ពី​ដឹក​លូ​ឱ្យ​គេ អ្នក​ដឹក​លូ​នោះ​គេ​ថា​ឱ្យ​ខ្ញុំ​សុំ​ពី​បង​ប្អូន​ម្នាក់ ៣​ពាន់​រៀល សម្រាប់​ការ​លើក​ដាក់​ពេល​ហត់ហេវ។ ដល់​ខ្ញុំ​សុំ​ទៅ វា​បាន​ខ្លះ​ដែរ អា​ខ្លះ​គេ​ឱ្យ អា​ខ្លះ​ក៏​គេ​អត់​បាន​ឱ្យ ទៅ​ខ្ញុំ​មិន​បាន​ជា​យក​ទូទៅ​ទេ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​សុំ​អ្នក​ណា​ឱ្យ​ក៏​យក អ្នក​ណា​មិន​ឱ្យ​ក៏​ខ្ញុំ​អត់​ទៅ»

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឱ្យ​ដឹង​ថា ជំនួយ​ជា​លូ ចាន​បង្គន់ និង​ថាស​ទ្រ​នោះ ជា​របស់​ធនាគារ​ពិភពលោក តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​ពួក​គេ​មិន​ចាំ​ឈ្មោះ។

នៅ​ភូមិ​ប្រមារ សង្កាត់​ក្របីរៀល គេ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែល​បាន​ទទួល​ជំនួយ ហើយ​ភាគ​ច្រើន​នៃ​ក្រុម​គ្រួសារ​ទាំង​នោះ គឺ​បាន​ឱ្យ​ប្រាក់​ទៅ​អាជ្ញាធរ​ភូមិ។

មន្ត្រី​សង្កាត់​ក្របីរៀល បាន​ទទួល​ស្គាល់​ថា គេ​ទើប​តែ​ដឹង​ព័ត៌មាន​ជុំវិញ​រឿង​មេ​ភូមិ​ប្រមារ ដើរ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទទួល​ជំនួយ​នោះ។

ចៅ​សង្កាត់​ក្របីរៀល លោក ចៀម ថែ មាន​ប្រសាសន៍​ថា ការ​ដែល​មេ​ភូមិ​ដើរ​យក​លុយ​ពី​ប្រជាពលរដ្ឋ គឺ​ពិត​ជា​មាន​មែន។ លោក​ចៅ​សង្កាត់​បាន​ហៅ​សកម្មភាព​នោះ​ថា ជា​ទង្វើ​ខុស​ច្បាប់ ដែល​ផ្ទុយ​ពី​ការ​ប្រកាស​របស់​អន្តរ​ក្រសួង ដែល​កំណត់​យ៉ាង​ច្បាស់​លាស់​ពី​ការ​យក​ថ្លៃ​លើ​សេវា​សាធារណៈ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នេះ​វា​ក៏​ប្រាសចាក​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​កំពុង​តែ​កំណែ​ទម្រង់​រដ្ឋបាល​ស៊ី​ជម្រៅ​ដែរ៖ «ខ្ញុំ​ប្រាប់​ឱ្យ​យក​លុយ​នោះ​ទៅ​ឱ្យ​ប្រជាជន​វិញ ក៏ប៉ុន្តែ​មិន​ថា​គាត់​បាន​ឱ្យ​វិញ ឬ​មួយ​ក៏​យ៉ាង​ម៉េច អា​ហ្នឹង​ខ្ញុំ​មិន​ទាន់​បាន​ដឹង​ទេ។ ខ្ញុំ​បាន​ហាម​ប្រាម​ហើយ ថា​មិន​ឱ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ទេ។ វា​ខុស​ពី ក្រោយ​ពី​បាន​ទទួល​ការ​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​មក គឺ​ថា មិន​ឱ្យ​យក​លុយ​ផ្ដេសផ្ដាស​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​អប់រំ​ហើយ»

មន្ត្រី​សង្កាត់​ក្របីរៀល បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០០​គ្រួសារ រស់​នៅ​ភូមិ​ចំនួន​៨ ដែល​បាន​ទទួល​ជំនួយ​ជា​លូ ចាន​បង្គន់ ដើម្បី​លើក​កម្ពស់​អនាម័យ សុខភាព នៅ​តាម​សហគមន៍​ជនបទ​ឱ្យ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។