ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិអារញ្ញ នៃសង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យមេភូមិ និងសមាជិកភូមិ ត្រូវសងប្រាក់ត្រឡប់មកពួកគេវិញ ប្រសិនបើអាជ្ញាធរមិនអាចទាក់ទងអង្គការដើម្បីរកទូកមកលក់ជូនពួកគេ ដោយបង់រំលោះជាច្រើនឆ្នាំក្នុងតម្លៃថោកបានទេនោះ។
ការទាមទារនេះ បន្ទាប់ពីអ្នកភូមិនិយាយថា មេភូមិអារញ្ញ និងសមាជិកភូមិម្នាក់ បានដើរកត់ឈ្មោះអ្នកភូមិនៅតំបន់ទឹកលិច ហើយថា អង្គការក្រៅរដ្ឋាភិបាលមួយនឹងលក់ទូកឱ្យប្រើប្រាស់ក្នុងតម្លៃថោក ដោយបង់រំលោះរហូតដល់ទៅ ៧ឆ្នាំ។ ការដើរកត់ឈ្មោះនោះ គឺមេភូមិនិងសមាជិកភូមិ បានទារលុយជាច្រើនម៉ឺនរៀលក្នុង ១គ្រួសារៗ។
បុរសម្នាក់ជាអ្នកភូមិអារញ្ញ ដែលមិនហ៊ានបញ្ចេញឈ្មោះ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២០ ខែតុលា ថា ចាប់តាំងតែពីក្រោយរដូវទឹកជន់ឆ្នាំ២០១២ កន្លងទៅ គឺមេភូមិអារញ្ញ ឈ្មោះ មួង មាន និងសមាជិកភូមិម្នាក់ទៀត ឈ្មោះ ជឹម ចន្ធី បានដើរប្រាប់ថា មានអង្គការក្រៅរដ្ឋាភិបាលមួយមានគម្រោងនឹងលក់ទូកឱ្យអ្នកភូមិប្រើប្រាស់ ហើយគ្រួសារណាចង់ទិញទូកប្រើ ដោយបង់រំលោះ គឺត្រូវកត់ឈ្មោះ។
បុរសដដែលបានបញ្ជាក់ថា គាត់បានចុះឈ្មោះទិញទូកនោះ ដោយបានឱ្យលុយទៅមេភូមិចំនួន ១០ដុល្លារអាមេរិក ដើម្បីរត់ការ ហើយអ្នកភូមិរបស់គាត់ជាច្រើនទៀត ក៏បានបង់លុយខ្លះ ២ម៉ឺនរៀល ខ្លះ ៥ដុល្លារក៏មាន ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ជាង ១ឆ្នាំហើយ មិនឃើញបានទូកយកមកប្រើប្រាស់ទេ៖ «អង្គការនោះមិនដឹងខាងណាទេ ខ្ញុំអត់ដឹងដែរ ប៉ុន្តែភូមិ គេដើរថា បើអ្នកណាចង់បានទូកអង្គការ ចុះឈ្មោះ ហើយបង់លុយឱ្យគេរត់ការ។ មិនដឹងជារត់ការយ៉ាងម៉េច ហើយស្ងាត់ អត់មានឃើញផ្ដល់ដំណឹងទេ ១ឆ្នាំហើយ។ ខ្ញុំដើរពិគ្រោះគ្នា បើពួកខ្ញុំសុទ្ធតែលិចទឹកនៅវត្ដអារញ្ញ នៅចុងស្រុក»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក មួង មាន ជាមេភូមិអារញ្ញ និងលោក ជឹម ចន្ធី ជាសមាជិកភូមិ ដើម្បីសុំការបំភ្លឺជុំវិញរឿងចោទប្រកាន់បានថាយ៉ាងណានៅឡើយ។
ចំណែកចៅសង្កាត់សៀមរាប លោក អ៊ុំ ចាត បានមានប្រសាសន៍ថា លោកមិនធ្លាប់បានដឹងបញ្ហានោះទេ។ លោក អ៊ុំ ចាត បានសន្យាថា នឹងសាកសួរទៅមេភូមិអារញ្ញ ជុំវិញរឿងនោះ៖ «អត់ដឹងទេណា! ចាំមើលខ្ញុំទូរស័ព្ទសួរទៅមេភូមិ»។
អតីតសមាជិកក្រុមប្រឹក្សាសង្កាត់សៀមរាប លោក ភិន សូផាត បានមានប្រសាសន៍ថា កាលណោះគឺមេភូមិបានដើរកត់ឈ្មោះប្រជាពលរដ្ឋនៅភូមិអារញ្ញ ប្រមាណ ២៥គ្រួសារ ដើម្បីទៅទិញទូកពីអង្គការកូរ៉េ មួយ នៅសង្កាត់ចុងឃ្នៀស។ ប៉ុន្តែបន្ទាប់ពីកត់ឈ្មោះ និងទារលុយថ្លៃរត់ការពីអ្នកភូមិមក គឺមិនមានឃើញបានទូកមកឱ្យអ្នកភូមិទេ។
លោក ភិន សូផាត៖ «ប្រជាពលរដ្ឋអ្នកលិចទឹក តែដល់ពេលបានទូកបានអី មួយៗចេះតែចង់បានប្រើប្រាស់ ហើយចេះតែបង់ឱ្យទៅម្នាក់ ២ម៉ឺន ៣ម៉ឺន ៤ម៉ឺនរៀល។ ដល់ពេលបង់រួចហើយ ទូកក៏អត់ទាន់បានឃើញមកដល់រហូតតាំងពីឆ្នាំ២០១២ មក។ អង្គការគេហ្នឹង វាយ៉ាងម៉េចអីយ៉ាងម៉េច ក៏ខ្ញុំអត់ដឹងដែរ។ អង្គការកូរ៉េ តែខ្ញុំអត់ស្គាល់ឈ្មោះអង្គការអីទេ នៅភ្នំក្រោម»។
ក្រុមអ្នកភូមិសង្ស័យថា មេភូមិអាចភូតកុហកពួកគេក្នុងរឿងនោះ ហើយគេព្រមានថា បើមេភូមិមិនអាចរកទូកមកលក់ឱ្យប្រជាពលរដ្ឋបានទេ គឺត្រូវសងលុយត្រឡប់មកវិញ ដើម្បីជៀសវាងកុំឱ្យកើតបញ្ហាវែងឆ្ងាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
