ពលរដ្ឋ​ចោទ​អាជ្ញាធរ​ភូមិ​នៅ​កំពង់ចាម​ថា​ធ្វើ​ប័ណ្ណ​ក្រីក្រ​មាន​ការ​រើសអើង

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ចោទ​អាជ្ញាធរ​ភូមិ ថា​ចុះ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ដោយ​មិន​ស្មើ​ភាព​គ្នា។

ពួក​គាត់​អះអាង​ថា អ្នក​មាន​ផ្ទះ​មាន​សម្បែង​ត្រឹមត្រូវ មាន​ដី​ស្រែ បែរ​ជា​ទទួល​ប័ណ្ណ​ក្រីក្រ ប៉ុន្តែ​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង​គ្មាន​ដី​ស្រែ​រស់​នៅ បែរ​ជា​មេ​ភូមិ​រំលង​ទៅ​វិញ។ ប៉ុន្តែ​មេ​ភូមិ​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា​ការ​ជ្រើស​រើស​នោះ គឺ​ថ្នាក់​លើ​ជា​អ្នក​សម្រេច។

ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន លោក រ៉ែន រ៉ាន់ ឱ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​លោក គឺ​មាន​អ្នក​ទីទ័លក្រ​ជាច្រើន​គ្រួសារ ដោយ​ពួក​គាត់​មិន​មាន​ផ្ទះ​សម្បែង គ្មាន​ដី​ស្រែ​សម្រាប់​បង្កបង្កើនផល រស់នៅ​ជាមួយ​គេ ប៉ុន្តែ​ពេល​ធ្វើ​ប័ណ្ណ​ក្រីក្រ គឺ​មេ​ភូមិ​មិន​បាន​ប្រាប់ ឬ​សម្ភាស​ពួក​គាត់​ទាំង​នោះ​ឡើយ។ លោក​បន្ត​ថា រូប​លោក​ផ្ទាល់ គឺ​សុំ​ផ្ទះ​គេ​នៅ ពិការ​ដៃ ហើយ​រស់នៅ​ពឹង​លើ​ផល​នេសាទ​នៅ​ក្នុង​បឹង​ធំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ធ្វើ​ប័ណ្ណ​ក្រីក្រ​នោះ​ទេ។

លោក​យល់​ថា ទង្វើ​នេះ មេ​ភូមិ គឺ​មាន​ភាព​រើសអើង ចុច​ជ្រើស​រើស​តែ​សែស្រឡាយ និង​អ្នក​ដែល​ខ្លួន​ស្គាល់​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ស្ត្រី​មេម៉ាយ​ដែល​រស់នៅ​ផ្ញើ​ស៊ាំ​ជាមួយ​គេ ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​យក​ចិត្ត​ទុក​ដាក់​នោះ​ដែរ៖ «ខ្ញុំ​គិត​ឃើញ​ថា គាត់​ប្រកាន់​បក្ខពួក! ក្នុង​នាម​មេ​ភូមិ​អព្យាក្រឹត្យ ប៉ុន្តែ​គាត់​ប្រកាន់​បក្ខពួក​គាត់។ ដូច​ថា ដាក់​តែ​សែស្រឡាយ​គាត់​អ៊ីចឹង​ទៅ ដូច​ថា​អ្នក​មាន​ក៏​គាត់​ឱ្យៗ​តែ​សែស្រឡាយ​គាត់។ មែន​ទែន មាន​ទាំង​ផ្ទះ​ក្បឿង​ពីរ​ខ្នង​កាំ​ជណ្ដើរ​ឡើង​៨ ឬ ៩​កាំ ឱ្យ​មាន​ប័ណ្ណ​ក្រីក្រ​ទៀត ព្រម​ទាំង​បុក​អណ្ដូង​បុក​អី​ឱ្យ​នៅ​ជាប់​កាំ​ជណ្ដើរ​ផ្ទះ​ទៀត»

លោក​បន្ត​ថា ការ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ អាច​ធ្វើ​ឱ្យ​ពួក​គាត់​មាន​សិទ្ធិ​ទទួល​បាន​អំណោយ​ខ្លះ​ពី​ខាង​អង្គការ​មនុស្សធម៌ និង​អាច​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ជាដើម។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​កំពង់សំរិទ្ធិ លោក គ្រី គឹមហ៊ាង មាន​ប្រសាសន៍​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​ជ្រើស​រើស​តែ​បក្ខពួក​ខ្លួន សែស្រឡាយ​នោះ គឺ​ជា​រឿង​មិន​ពិត​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ជ្រើស​រើស​នោះ គឺ​ខាង​ក្រសួង​ខាង​លើ​ទេ​ដែល​ជា​អ្នក​សម្រេច ចំណែក​លោក​វិញ គឺ​បាន​ត្រឹម​តែ​ហៅ​ប្រជាពលរដ្ឋ​ដែល​មាន​សភាព​ក្រីក្រ​មក​ឆ្លើយ​ទៅ​នឹង​កម្រង​សំណួរ​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រប់​លក្ខខណ្ឌ​នោះ ថ្នាក់​លើ​ជា​អ្នក​ជ្រើស​ដើម្បី​ធ្វើ​ប័ណ្ណ​ប្រគល់​ជូន៖ «បាទ! អា​អ្នក​និយាយៗ​មិន​ទៀង​ត្រង់ អា​អ្នក​និយាយ​ហ្នឹង។ និយាយ​ហ្នឹង​និយាយ​បង្ខូច​ខ្ញុំ ហើយ​និយាយ​ហ្នឹង​មិន​មែន​ធម្មតា​និយាយ​នេះ។ អ៊ីចឹង​បាន​ថា​ចេញ​អា​ប័ណ្ណ​ក្រីក្រ​នាំ​ឈឺ​ក្បាល អា​មួយ​បាន អា​មួយ​មិន​បាន នាំ​ទាស់​គ្នា។ អា​មាន​ស៊ី​ល្មមៗ​ក៏​ថា​វា​ក្រ​ដែរ»

លោក​បន្ថែម​ទៀត​ថា ប័ណ្ណ​ក្រីក្រ​នោះ គឺ​មិន​មាន​អំណោយ​អ្វី​ធំ​ដុំ​ពី​រដ្ឋាភិបាល​នោះ​ទេ បាន​ត្រឹម​តែ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​តែ​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​អន់​ចិត្ត​ក្នុង​រឿង​នេះ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ហូប​មាន​ចុក​គួរ​សម​ដែរ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​ចង់​បាន​ពាក្យ​ជា​អ្នក​ក្រ​ទៅ​វិញ។ លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​នោះ គឺ​ទាល់​តែ​រក​ឃើញ​ថា គ្រួសារ​នោះ ឬ​បុគ្គល​នោះ​ពិត​ជា​ត្រឹមត្រូវ​ទៅ​តាម​កម្រង​សំណួរ ដែល​បាន​រៀបចំ​ដោយ​អាជ្ញាធរ​ថ្នាក់​លើ រួម​នឹង​អង្គការ​ជា​ដៃគូ ទើប​មាន​ការ​សម្ភាស​សម្រេច​ចុង​ក្រោយ ដើម្បី​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ពួក​គាត់។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវាត យល់​ថា មាន​បញ្ហា​ជាច្រើន​ដែល​កើត​ឡើង​ជុំវិញ​រឿង​ប័ណ្ណ​ក្រីក្រ​នេះ គឺ​កើត​ចេញ​ពី​ការងារ​ដោយ​មិន​តម្លាភាព បក្ខពួក​និយម និង​ការ​រើសអើង​ផ្នែក​នយោបាយ ជាដើម។ លោក​បន្ថែម​ថា ប័ណ្ណ​ក្រីក្រ គឺ​ជំនួយ​របស់​អង្គការ​អន្តរជាតិ ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិ សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ជន​ក្រីក្រ​ពិត​ប្រាកដ ឱ្យ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់​ប្រាក់។ ប៉ុន្តែ បើ​សិន​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​បំពេញ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ វា​នឹង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ អាច​បែក​បាក់​សាមគ្គី​គ្នា។ ជាង​នេះ​ទៅ​ទៀត បញ្ហា​នឹង​នៅ​តែ​កើត​មាន​ឡើង​គ្មាន​ទី​បញ្ចប់ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ពិនិត្យ​ឡើង​វិញ​ពី​បញ្ហា​នេះ ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។