ប្រជាពលរដ្ឋរស់នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មួយគ្រួសារអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ការស្នើនេះ ក្រោយពេលសមាជិកម្នាក់នៃគ្រួសារនោះ រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់កាលពីចុងខែកុម្ភៈ ខណៈពួកគេនាំគ្នាទៅសម្រាន្តស៊ីឈ្នួលដាំដំឡូងមីឱ្យពលរដ្ឋនៅក្នុងភូមិ។ យ៉ាងណា អាជ្ញាធរស្រុកនិយាយថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។
បុរសមានវ័យជាង ៣០ឆ្នាំ រស់នៅស្រុកបារាយណ៍ខេត្តកំពង់ធំ រងរបួសធ្ងន់ធ្ងរដោយសារជនមិនស្គាល់មុខបាញ់ជាច្រើនគ្រាប់ ដែលកំពុងសម្រាកធ្វើព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម កំពុងរង់ចាំយុត្តិធម៌។ ពលរដ្ឋរូបនោះ ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារកាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ខណៈពួកគេនាំគ្នាទៅស៊ីឈ្នួលដាំដំឡូងមីនៅតំបន់អណ្តូងស្វាយ ភូមិលាវ ឃុំក្រវ៉ា។
ពលរដ្ឋរងគ្រោះនៅភូមិលាវ លោក ជួន សុខន ឱ្យដឹងថា លោកនៅតែងឿងឆ្ងល់ចំពោះរឿងហេតុដែលកើតឡើងលើរូបលោក ពីព្រោះលោកមិនដែលមានជម្លោះជាមួយជនណាឡើយ។ បន្ថែមពីនេះរូបលោកមិនដែលពាក់ព័ន្ធរឿងនយោបាយ ឬរឿងសង្គមនោះដែរ ពីព្រោះមួយថ្ងៃៗ គិតតែខិតខំរកប្រាក់មកផ្គត់ផ្គង់គ្រួសារស្ទើរតែមិនបាន។
ប្រភពដដែលបន្តថា នៅពេលយប់កើតហេតុ លោក និងក្រុមគ្រួសារកំពុងសម្រាន្ត ស្រាប់តែមានជនមិនស្គាល់មុខមកបាញ់ប្រហារលើរូបគាត់បណ្ដាលត្រូវគ្រាប់កាំភ្លើងបីកន្លែងផ្សេងគ្នា រួមមានគល់ក និងស្មាទាំងសងខាង៖ «ដូចជាអត់មានសង្ស័យទៅខាងណាទេ។ បានតាថាអ៊ីចឹងដូចជាមិនមានទំនាស់ជាមួយអ្នកណាមួយគួរឱ្យសង្ស័យផង»។
អាការៈរបស់ជនរងគ្រោះនៅមិនទាន់ធូរស្រាលនៅឡើយ គ្រាន់តែលោកអាចនិយាយបានខ្លះ ព្រមទាំងអាចពិសាបបរបានបន្តិចបន្តួច។ ពលរដ្ឋរូបនេះ ចង់ឱ្យសមត្ថកិច្ចជួយស្វែងរកជនល្មើសមកផ្ដន្ទាទោស ជៀសវាងមានរឿងអាក្រក់កើតឡើង ចំពោះរូបលោក និងក្រុមគ្រួសារនៅពេលក្រោយទៀត។
ប្រពន្ធជនរងគ្រោះ អ្នកស្រី សៀ ប៊ួ ដែលអង្គុយកំដរប្ដីនៅក្នុងបន្ទប់ អ្នកជំងឺរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ក្រោយពេលប្ដីមានគ្រោះថ្នាក់ ក្រុមគ្រួសារអ្នកស្រីកាន់តែពិបាកមួយកម្រិតទៀត ពីព្រោះសូម្បីតែប្រាក់យកមកព្យាបាលប្តីស្ទើរតែមិនមានផង។ ស្ត្រីមានកូន ៥នាក់ ក្នុងបន្ទុករូបនេះបន្តថា នៅយប់កើតហេតុ គឺមិនបានឃើញមុខជនល្មើសទេ ពីព្រោះយប់ងងឹត ហើយកំពុងភិតភ័យនឹងសុវត្ថិភាពសមាជិកក្រុមគ្រួសារផង៖ «ប្រសិនបើជាវាថែម គឺត្រូវកូនត្រូវអីហ្នឹង ប៉ុន្តែវាបាញ់ផូងៗទៅវាក៏រត់បាត់ទៅ»។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកបារាយណ៍ លោក សួង ថេន មានប្រសាសន៍នៅថ្ងៃទី៤ ខែមីនា ថា ខាងសមត្ថកិច្ចកំពុងស៊ើបអង្កេតរកជនល្មើស ប៉ុន្តែខាងលោកនៅមិនទាន់អាចកំណត់មុខសញ្ញាបានទេ៖ «កិច្ចការស្រាវជ្រាវរបស់សមត្ថកិច្ចហ្នឹង កាន់តែបង្កើតការស្រាវជ្រាវបង្កើតការត្រួតពិនិត្យមើលសភាពការណ៍ដែលកើតឡើង»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ ដែលបានចុះស៊ើបអង្កេតករណីនេះ លោក ញូង សាមឿន មើលឃើញថា រឿងនេះពិបាកសន្និដ្ឋានពីមូលហេតុឱ្យច្បាស់លាស់ណាស់ ពីព្រោះជនរងគ្រោះមិនបានពាក់ព័ន្ធរឿងនយោបាយ និងមិនមានគំនុំជាដើម។ លោកបន្ថែមថា ករណីនេះ ជនល្មើសធ្វើឡើងដោយលាក់មុខ ដូច្នេះ លោកមិនសូវសង្ឃឹមថា សមត្ថកិច្ចអាចស្វែងរកជនដៃដល់ឃើញឡើយ៖ «ខ្ញុំមានសង្ឃឹមតិចតួចណាស់ ដោយសារករណីកើតឡើងកន្លងមក ប៉ុន្តែមិនទាន់មានករណីណាដែលសមត្ថកិច្ចយើងវែកមុខបានឱ្យតែករណីឃាតកម្មបិទមុខដូចនេះ»។
បើទោះបីជាមន្ត្រីសង្គមស៊ីវិលរូបនេះ មិនសូវមានសង្ឃឹមក៏ដោយចុះ ប៉ុន្តែដើម្បីធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះមានជំនឿចិត្តលើសមត្ថកិច្ច និងដើម្បីផ្ដល់ភាពយុត្តិធម៌ជូនពួកគាត់ មន្ត្រីពាក់ព័ន្ធត្រូវស៊ើបអង្កេតរឿងនេះឱ្យបានដិតដល់ ព្រមទាំងត្រូវស្វែងរកជនល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
